(ភ្នំពេញ)៖ រដ្ឋសភា នៃកម្ពុជា នៅព្រឹកថ្ងៃច័ន្ទនេះ បានសម្រេចអនុម័តឱ្យបន្តនីតិវិធីលើករណីលោក កឹម សុខា ជុំវិញបទល្មើសប្រឆាំងទៅនឹងដីកាកោះហៅរបស់តុលាការ ដោយមានសំឡេងគាំទ្រភាគច្រើនដាច់ខាត ៦៨លើ៦៨ មកពីសមាជិកសភាបក្សកាន់អំណាច។

នៅ​ថ្ងៃ​ទី​៣០ ខែឧសភា នេះ រដ្ឋសភា​បានបើក​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​៦ នីតិ​កាលពី​ទី​៥ ក្រោម​អធិបតីភាព​សម្តេច​ ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ដោយ​លើក​របៀបវារៈ​មួយ​ចំនួន ក្នុង​នោះ​ក៏​មាន​ពាក់ព័ន្ធ​នឹង​អភ័យឯកសិទ្ធិ​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។

តាមរយៈ​សំឡេង​៦៨​លើ​៦៨របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា សភាជាតិ​បាន​ផ្តល់​សិទ្ធិដល់​សមត្ថកិច្ច​ក្នុង​ការ​ធ្វើចំណាត់​ការ​លើ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បានអយ្យការ​សាលាដំបូងរាជ​ធានីភ្នំពេញ ចោទ​ប្រកាន់ពី​បទ (បដិសេធ​ក្នុងការចូល​ខ្លួន) ក្នុងនាម​ជា​សាក្សី លើ​សំណុំ​រឿង​អាស្រូវស្នេហា។

បើទោះជាអវត្តមានបក្សប្រឆាំង សមាជិកសភាបក្សកាន់អំណាចទាំង៦៨រូប បានបោះឆ្នោតគាំទ្រឲ្យតុលាការបន្តនីតិវិធីលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ខណៈលោកត្រូវបានចោទប្រកាន់ថាមិនបានចូលបំភ្លឺនៅតុលាការ ហើយត្រូវបានចាត់ទុកថាជាបទល្មើសជាក់ស្តែង។

សូមរម្លឹកថា កាលពីសប្តាហ៍មុន តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ថាបានប្រព្រឹត្តបទល្មើសជាក់ស្តែងករណីមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការចំនួន២លើក ដោយលោកអាចប្រឈមជាប់ពន្ធនាគារពី១ខែទៅ៦ខែ។

គណបក្សសង្រ្គោះជាតិបានព្រមានថានឹងប្រើប្រាស់សិទ្ធិធ្វើមហាបាតុកម្មអហិង្សា ក្នុងករណីដែលមានការចាប់ខ្លួន លោក កឹម សុខា។ តែយ៉ាងណា គណបក្សថានឹងបន្តយកវប្បធម៌សន្ទនាធ្វើជាមូលដ្ឋានក្នុងការស្តារស្ថានការណ៍នយោបាយឲ្យវិលមករកភាពប្រក្រតីឡើងវិញ ដើម្បីធានាការបោះឆ្នោតនាឆ្នាំ២០១៧ និង២០១៨ខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌។

គួរបញ្ជាក់ផងដែរថា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅលោក កឹម សុខា ឲ្យចូលមកតុលាការបំភ្លឺក្នុងនាមជាសាក្សីចំនួន២លើក គឺនៅថ្ងៃទី១៧ខែឧសភា និងនៅថ្ងៃទី២៦ ខែឧសភា លើសំណុំរឿងសញ្ចារកម្ម ប៉ុន្តែលោក កឹម សុខា សម្រេចមិនចូលបំភ្លឺ ដោយថាលោកមានអភ័យឯកសិទ្ធិ៕

 

 

រដ្ឋសភាសម្រេចឱ្យបន្តនីតិវិធីលើករណីលោក កឹម សុខា ដោយមានសំឡេងគាំទ្រដាច់ខាត ៦៨លើ៦៨

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់