(ភ្នំពេញ)៖ លោក ខៀវ កញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃអង្គារនេះ បានមានប្រសាសន៍ថា នៅកម្ពុជាសេរីភាពសារព័ត៌មានមិនមានការរឹតត្បិតដូចកាលើកឡើងនោះទេ។

លោករដ្ឋ​មន្រ្តី បន្តថា មាន៣ចំណុចដែលអាចបញ្ជាក់បានថា នៅកម្ពុជាមានសេរីភាពសារព័ត៌មាន នោះគឺ៖ ១) ព័ត៌មានមិនត្រូវបានត្រួតពិនិត្យពីក្រសួង មុនពេលផ្សព្វផ្សាយ, ២) ស្ថាប័នជាតិ និងអន្តរជាតិ អាចបង្កើតព័ត៌មានបាន, និង ៣) ការបញ្ចេញមតិ មិនអាចចោទប្រកាន់បាន។

ការលើកឡើងរ​បស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន នេះ ធ្វើឡើងក្នុងពិធីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ “សិទ្ធិទទួលបានព័ត៌មាន ជាសិទ្ធិរបស់អ្នក” នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ នាសណ្ឋាគារកាំបូឌីយ៉ាណា។

យោងតាមរបាយការណ៍ របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន បង្ហាញថា សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ឡើង​ពី​ចំណាត់ថ្នាក់​លេខ​១៣៩​នៅ​ឆ្នាំ​២០១៥ មក​លេខ​១២៨​ក្នុងចំណោម​១៨០​ប្រទេស​នៅ​ឆ្នាំ​២០១៦។ អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន បានផ្តល់​០,២៩​ពិន្ទុ​បន្ថែម​ដល់​កម្ពុជា ដើម្បី​ទទួលបាន​ពិន្ទុសរុប ៤០,៩៩ សម្រាប់​ឆ្នាំ​២០១៦​។ ពិន្ទុសរុប​នេះ​នាំ​ឲ្យ​សេរីភាព​សារព័ត៌មាន​កម្ពុជា​ឡើង​ចំណាត់ថ្នាក់​១១​លេខ ដោយ​ពី​១៣៩ មក​១២៨ ក្នុងចំណោម​១៨០​ប្រទេស​។​

​បើប្រៀបធៀបនឹងប្រទេស​ទាំង១០នៅ​តំបន់​អាស៊ាន កម្ពុ​ជាមាន​ចំណាត់ថ្នាក់​ល្អប្រសើរ​ជាងគេ​ដោយ​ស្ថិតនៅ​លេខ​១២៨ ដោយ​នាំមុខ​ប្រទេស​៩​ផ្សេងទៀត ដែល​រួមមាន៖ ឥណ្ឌូនេស៊ី (១៣០), ថៃ (១៣៦), ហ្វីលីពីន (១៣៨), មី​យ៉ាន់​ម៉ា (១៤៣), ម៉ាឡេស៊ី (១៤៦), សឹង្ហ​បុរី (១៥៤), ប្រ៊ុយណេ (១៥៥), ឡាវ (១៧៣), និង​វៀតណាម (១៧៥)។​

​យ៉ាងណាក៏ដោយ អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន នៅតែ​កត់សម្គាល់​ឃើញថា សារព័ត៌មាន​ជាច្រើន​នៅ​កម្ពុជា​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ដោយ​ប្រយោល ហើយ​អ្នកកាសែត​នៅតែមាន​បញ្ហា​នៅពេល​ចុះ​យក​ព័ត៌មាន​ទាក់ទង​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់ ការ​ជូ​ញ​ដូរ​ធនធានធម្មជាតិ​ផ្សេងៗ ជាដើម​។ ការចោទប្រកាន់​ពីបទ​បរិហារកេរ្តិ៍​ក៏​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកសារព័ត៌មាន​ព្រួយបារម្ភ ​ផងដែរ​៕

រដ្ឋមន្រ្តី៖ ៣ចំណុច អាចបង្ហាញថានៅកម្ពុជាមានសេរីភាពសារព័ត៌មាន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់