(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញលិខិតមួយច្បាប់ ដាស់តឿនក្រើនរម្លឹកដល់មន្រ្តីសុខាភិបាលសាធារណៈ និងឯកជនទាំងអស់ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ មិនត្រូវគិតលុយជាធំ។ 

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជម្រាបឲ្យ ប្រធានមន្ទីររាជធានី-ខេត្ត ទាំងអស់ គោរពក្រមសីលធម៌ថ្លៃថ្នូរ វិជ្ជាជីវៈពេទ្យ មិនត្រូវគិតលុយជាធំ ប្រើប្រាស់ពាក្យ សម្ដីទន់ភ្លន់ និងអាកប្បកិរិយា សមរម្យចំពោះអ្នកជំងឺ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយកាលពីថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៦ ឲ្យដឹងថា “ក្រសួងសូមធ្វើការរម្លឹក និងដាស់តឿន ដល់មន្រ្តីក្រសួងសុខាភិបាល ដែលកំពុងតែផ្ដល់នូវ សេវាសុខាភិបាល សាធារណៈនិងឯកជន ទាំងអស់យកចិត្ត ទុកដាក់ ក្នុងការបំរើ សេវាជូន អតិថិជន គោរពវិជ្ជាជីវៈ ក្រមសីលធម៌ថ្លៃថ្នូរ មិនគិតលុយជាធំ សម្ដីទន់ភ្លន់ អាកប្បកិរិយាសមរម្យ ក្នុងពេលពិនិត្យព្យាបាល ជំងឺជូនប្រជាពលរដ្ឋទូទៅ ជាពិសេស អ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ ត្រូវសង្រ្គោះអាយុជីវិតជាបន្ទាន់ និងត្រូវបំពេញសំណុំបែបបទ តាមក្រោយ” ។

លោករដ្ឋមន្ត្រី ក៏បានរម្លឹកដល់គ្រូពេទ្យទាំងអស់ ត្រូវចេញវេជ្ជបញ្ជាឲ្យបានសមស្របតាមក្បួនខ្នាត ហាមសរសេរអក្សរកាត់ សរសេរខ្ជីខ្ជាអានមិនបាន ត្រូវប្រើភាសាខ្មែរជំនួយសម្រាប់អ្នកប្រើប្រាស់ងាយយល់ និងប្រតិបត្តិតាមវេជ្ជបញ្ជា។ ចេញវេជ្ជបញ្ជាថ្នាំចាក់មានហេតុផលត្រឹមត្រូវ និងអនុវត្តគោលការណ៍ចាក់ថ្នាំមានសុវត្តិភាព។ វេចខ្ចប់ថ្នាំឬឱសថ ត្រូវរក្សាទម្រង់ដើម ហាមលុបស្លាកសញ្ញាឈ្មោះ និងថ្ងៃខែផុតកំណត់ចោល ហើយខ្វះព័ត៌មានមិនដឹងប្រភពច្បាស់លាស់ អាចជាឱសថក្លែងក្លាយ។ គ្លីនិក ឬមូលដ្ឋានសុខាភិបាលណាដែលមានអ្នកជំងឺសម្រាលព្យាបាល ត្រូវមានឯកសារអ្នកជំងឺត្រឹមត្រូវ តាមក្បួនបច្ចេកទេស និងថែរក្សាឲ្យបានល្អ ត្រៀមលក្ខណៈជានិច្ចធានាយកមកប្រើប្រាស់ជាផ្លូវការឡើងវិញបាន។

ក្រសួងសុខាភិបាល នឹងមានវិធានការត្រួតពិនិត្យ និងអនុវត្តវិន័យតាមច្បាប់ជាធរមាន ប្រសិនបើឃើញមានមន្រ្តីសុខាភិបាលណាប្រព្រឹត្តល្មើសខ្ជីខ្ជាបណ្ដាលឲ្យមានផលវិបាកប៉ះពាល់ដល់អ្នកជំងឺ។

សូមបញ្ជាក់ថា ចំណាត់ការរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ពេលនេះ ធ្វើឡើងតាមអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានថ្លែងក្នុងឱកាសសម្ពោធមន្ទីពេទ្យបង្អែក នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែកកុម្ភៈ ឆ្នាំ២០១៦។

សម្ដេច ហ៊ុន សែន បានថ្លែងកាលនោះ ថា សម្ដេច ទទួលស្គាល់ថាមានពេទ្យមួយចំនួនតូចដែលមិនមានក្រមសីលធម៌ សម្តីមិនល្អ និងគិតតែពីលុយ។ ទោះជាយ៉ាងណា សម្ដេចនាយករដ្ឋមន្រ្តី ថាចំនួនគ្រូពេទ្យនោះមិនច្រើនដល់ថ្នាក់៩០ឬ៩៩ភាគរយនោះទេ ហើយចាត់ទុកការថ្លែងរិះគន់ថាពេទ្យខ្មែរភាគច្រើនអាក្រក់ ជា “ការមិនអាចទទួលយកបាន និងជាការប្រមាថមួយ” ។ ប៉ុន្តែរ សម្ដេច ហ៊ុន សែន បានអំពាវនាវឲ្យគ្រូពេទ្យទាំងអស់ជួយកែគ្នាទៅវិញទៅមក ដែលជាយន្តការមួយដើម្បីកុំឲ្យគ្រូពេទ្យមួយចំនួនតូចបំផ្លាញកេរ្តិ៍ឈ្មោះគ្រូពេទ្យផ្សេងៗទៀត៕

រដ្ឋមន្រ្តីក្រសួងសុខាភិបាល រម្លឹកដល់មន្រ្តីសុខាភិបាលសាធារណៈនិងឯកជនទាំងអស់ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ កុំគិតលុយជាធំ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់