(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦​ ខែមករា ឆ្នាំ២០១៦នេះ រដ្ឋមន្រ្តីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ហោ​ ណាំហុង រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក John Kerry បានជួបពិភាក្សាការងារជាមួយគ្នា ដើម្បីពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។

នៅម៉ោងប្រមាណ ៩ព្រឹកថ្ងៃអង្គារ ទី២៦ ខែមករា នេះ លោក ចន ឃែរី (John Kerry) រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក និងលោកឧបនាយករដ្ឋមន្រ្តី លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បាននឹងកំពុងជួបពិភាក្សាលើការងារ​មួយចំនួន ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងកម្ពុជា-អាមេរិក ក៏ដូចជាពិភាក្សាអំពីការរៀបចំនូវកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាខែក្រោយផងដែរ។

ប្រមុខការទូតអាមេរិក លោក ចន ឃែរី (John Kerry) បានថ្លែងស្វាគមន៍ទៅឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជានៅមុនការបើកកិច្ចប្រជុំនាព្រឹកថ្ងៃអង្គារនេះ ដោយបានសរសើរជាខ្លាំងចំពោះភាពរីកចម្រើន និងការអភិវឌ្ឍនៅកម្ពុជា។ លោក John Kerry បានថ្លែងថា ប្រទេសកម្ពុជា ជាប្រទេសតូច តែមានការអភិវឌ្ឍបានឆាប់រហ័ស។ ជាការឆ្លើយតប លោក ហោ ណាំហុង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក John Kerry ព្រមទាំងឆ្លើយតបទៅវិញថា ដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក John Kerry នឹងជួយជំរុញ និងពង្រឹងទំនាក់ទំនងកម្ពុជា-អាមេរិក ឲ្យកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា ប្រមុខការទូតអាមេរិក លោក John Kerry មកដល់ប្រទេសកម្ពុជា នៅព្រលប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ នេះជាលើកដំបូងហើយ ដែលប្រមុខការទូតប្រទេសមហាអំណាចពិភពលោក លោក John Kerry បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា បន្ទាប់ពីរូបបានឡើងធ្វើជារដ្ឋមន្រ្តីការបរទេសនៅឆ្នាំ២០១៣។ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា លោក​ Kerry នឹងបន្តដំណើរទៅកាន់ប្រទេសចិន។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នាថ្ងៃនេះ បន្ទាប់ពីបញ្ចប់ជំនួបជាមួយលោក ហោ ណាំហុង លោក John Kerry នឹងបន្តចូលជួបសម្តែងការគួរសម និងសំណេះសំណាល ជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នេះផងដែរ នាវិមានសន្តិភាព។

ក្រៅពីជួបប្រមុខរាជរដ្ឋាភិបាល​ និងប្រមុខការទូតកម្ពុជា លោក John Kerry ក៏នឹងចូលពិភាក្សាការងារជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ព្រមទាំងជួបស្តាប់មតិយោបល់ របស់មន្រ្តីអង្គការសង្គមស៊ីវិល ក្រៅរដ្ឋាភិបាលផងដែរ៕

រដ្ឋមន្រ្តីការបរទេសកម្ពុជា និងអាមេរិក ជួបពិភាក្សាការងារជាមួយគ្នា ដើម្បីពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់