(ភ្នំពេញ)៖ មន្រ្តីសង្គមស៊ីវិល ២នាក់ និងសកម្មជនដីធ្លី ៤នាក់ ត្រូវអាជ្ញាធរចាប់ខ្លួន ក្នុងយុទ្ធាការស្លៀកពាក់ពណ៌ខ្មៅ នាព្រឹកថ្ងៃច័ន្ទ ទី៩ ខែឧសភានេះ ដើម្បីទាមទាដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក ៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស។
មន្រ្តីអង្គការសង្គមស៊ីវិល និងតំណាងអ្នកបឹងកក់សរុប ៦នាក់ ត្រូវបានឃាត់ខ្លួន ពេលកំពុងធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅ ទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក ៤នាក់ និងអគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម្នាក់ ដែលត្រូវបានចាប់ខ្លួនព្រោះតែរឿងស្រូវស្នេហ៍របស់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ និង ស្រីមុំ។
ជនដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនទាំង ៦នាក់ រួមមាន៖ លោក អ៊ី សារ៉ុម (នាយកប្រតិបត្តិអង្គការធាងត្នោត), លោក ថាវ គឹមសាន (មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ), អ្នកស្រី សរ ស៊ន (តំណាងប្រជាពលរដ្ឋបុរីកីឡា), កញ្ញា ស៊ង ស្រីលាភ (តំណាងប្រជាពលរដ្ឋ បឹងកក់), អ្នកស្រី គង់ ចន្ថា (តំណាងប្រជាពលរដ្ឋ បឹងកក់) និង អ្នកស្រី ប៉ូវ សោភា (តំណាងប្រជាពលរដ្ឋ បឹងកក់)។
សូមបញ្ជាក់ថា យុទ្ធនាការថ្ងៃច័ន្ទ ពណ៌ខ្មៅ (Black Monday) ដែលគ្រោងធ្វើឡើងរៀងរាល់ថ្ងៃច័ន្ទ បានចាប់ផ្ដើមជាលើកដំបូង នៅថ្ងៃទី៩ ឧសភានេះ ក្នុងបេសកកម្មតែមួយគត់ គឺទាមទារឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សចំនួន ៤រូបនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និង អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប ដែលកំពុងជាប់ឃុំតាមបណ្ដឹងរបស់នាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
ចំណែកតាមបណ្ដាញសង្គមហេ្វសប៊ុក (Facebook) ក៏ឃើញមានអ្នកចូលរួមក្នុងយុទ្ធនាការនេះ តាមរយៈការផ្សព្វផ្សាយសារទាមទារឲ្យមានការដោះលែងអ្នកជាប់ឃុំទាំងនោះ ហើយក្រុមអង្គការសង្គមស៊ីវិលផ្ដួចផ្ដើមយុទ្ធនាការនេះ នៅតែបន្តអំពាវនាវឲ្យមន្ត្រីសង្គមស៊ីវិលដទៃទៀត រួមទាំងសាធារណជនទូទៅចូលរួម តាមរយៈការស្លៀកពាក់ពណ៌ខ្មៅនៅរៀងរាល់ថ្ងៃច័ន្ទ រហូតដល់មានការដោះលែងអ្នកជាប់ឃុំទាំង ៥នាក់៕

យុទ្ធាការស្លៀកពាក់ខ្មៅ៖ មន្រ្តីសង្គមស៊ីវិល២នាក់ និងសកម្មជនដីធ្លី៤នាក់ ត្រូវចាប់ខ្លួន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់