លោក​ខា​លី​ដ មេ​ប៉ូលិស​ម៉ាឡេស៊ី​ កាលពីថ្ងៃទី១៨ ខែមករានេះបាន​ចេញ​ការព្រមាន​ធ្ងន់ៗ​ប្រឆាំង​ពួក​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម​អំពី​ការវាយប្រហារ​ភេរវកម្ម​ដែល​អាច​កើត​​មាន​នៅក្នុង​និងក្បែរ​ក្រុងកូឡា​ឡាំ​ពួរ​។​

មេ​ប៉ូលិស​ម៉ាឡេស៊ីបាន​ព្រមាន​ថា​”​នរណា​ដែល​បាន​និយាយ​ដដែលៗ​អំពី​របាយការណ៍​ដែល​មិន​មាន​ការបញ្ជាក់​អះអាង សូម​ប្រយ័ត្ន​ខ្លួន វា​ជា​បញ្ហា​​រសើប​មួយ និង​គ្មាន​នរណា​លេង​សើច​អំពី​វា​ទេ​។

​យើង​កំពុង​តាម​ឃ្លាំ​មើល​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ហើយ​នឹង​ចាត់ការ​សមស្រប​”​។​
​ការព្រមាន​របស់​លោក​បាន​កើតឡើង​ក្រោយ​ពី​រដ្ឋមន្ត្រី ភេរវកម្ម​សហព័ន្ធ បាន​ចុច​ឈ្មោះ​ទីកន្លែង​ជាក់លាក់​ដែល​ពួក​ភេរ​វករ​អាច​វាយប្រហា​រ​រួមមាន​តំបន់​ទេសចរណ៍​ពេញនិយម​Bukit Bintang ផ្សារ​ទំនើប​នៅ​តំបន់​”​ត្រីកោណ​មាស​”​នៃ​ក្រុងកូឡា​ឡាំ​ពួរ និង​សង្កាត់​ជា​យក្រុង​មួយ​។
​សម្តី​របស់​លោក​រដ្ឋមន្ត្រី​នាំអោយ​មាន​ការព្រមាន​និង​បណ្តាល​អោយ​មេ​ប៉ូលិស​ក្រុងកូឡា​ឡាំ​ពួរ​ប្រកាស​កុំ​អោយ​សាធារណជន​ភ័យខ្លាច​និង​បារម្ភ​​កាលពី​ចុង​សប្តាហ៍​។​
​លោក​បាន​និយាយថា “​ស្ថានភាព​សន្តិសុខ​ស្ថិតក្រោម​ការត្រួតត្រា និង​មាន​ប៉ូលិស​គ្រប់គ្រាន់​ដើម្បី​ត្រៀម​ខ្លួន​សំរាប់​ត្រួតត្រា​សភាពការណ៍​”។

សូមរម្លឹកបន្តិចថាមុននេះ អាជ្ញាធរ​ម៉ាឡេស៊ី​បាន​បំបែក​គម្រោង​វាយប្រហារ​ភេរវកម្ម​របស់​បណ្តា​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ (Daesh)​នៅ​ម៉ាឡេស៊ី កាលពី​ថ្ងៃ​​ទី ១៦​មករា​។ប៉ូលិស​ម៉ាឡេស៊ី​កំពុង​ដុតដៃដុតជើង​ដើម្បី ចាប់ខ្លួន​បណ្តាញ​ក្រុម​នេះ​ផ្សេងទៀត​ដែល​កំពុង​លាក់ខ្លួន​និង​ត្រៀម​ធ្វើ​សកម្មភាព​។​

​ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ប៉ូលីស​ម៉ាឡេស៊ី​ចាប់ខ្លួនបាន​នៅក្នុង​ស្ថានីយ៍​រថភ្លើង​កូ​ឡា​ឡាំ​ពួ​ម្សិលមិញ បាន​សារភាពថា​ខ្លួន​បានរៀបចំ​គម្រោង​វាយប្រហារ​ភេរវកម្ម​មួយ​នៅ​ម៉ាឡេស៊ី​។ប៉ូលិស​កំណត់​អត្តសញ្ញាណ​បាន​ថា ជននេះ​ជា​បញ្ហា​ក្រុម​ភេរវជន​ដែ​ស្ហ ហើយ​ជា​ជនជាតិ​ម៉ាឡេស៊ី​ផង​។​
យោងតាម​សម្តី​មេ​ប៉ូលិស​ម៉ាឡេស៊ី ជនសង្ស័យ​នេះ​បាន​សារភាពថា ខ្លួន​បានរៀបចំ​គម្រោង​វាយប្រហារ ក្រោយពេល​ដែលមាន​បញ្ជា​ពី​ក្រុម​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​នៅ​ស៊ី​រី​។ ពេល​ចាប់ខ្លួន ប៉ូលិស​បាន​ដកហូត​អាវុធ​និង​លិខិតស្នាម​មួយចំនួន​ផង​ពាក់ព័ន្ធ​នឹង​ចលនា​ក្រុម​ភេរវកម្ម​អន្តរជាតិ​នេះ​៕

មេប៉ូលិសម៉ាឡេស៊ី ទាត់ចោលការបំប៉ោងពាក្យចចាមអារ៉ាម​ អំពី​ការវាយប្រហារ​ភេរវកម្ម

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់