(ភ្នំពេញ)៖ តុលាការកំពូល នឹងប្រកាសសាលដីកាលើសំណុំរឿងសុំនៅក្រៅឃុំរបស់ លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៊ី នៅថ្ងៃទី០៤ ខែមីនា ខាងមុខនេះ ។ នេះបើតាមការបញ្ជាក់ពីមេធាវីការពារក្តី លោក ជួង ជូងី បន្ទាប់ពីតុលាការកំពូល បានបើកសវនាការករណីនេះ រយៈពេលជាង១ម៉ោង នាព្រឹកមិញ។ 

នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ត្រូវបានបញ្ជូនទៅកាន់តុលាការកំពូល ដើម្បីបន្តសវនាការលើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន។

សវនាការជំនំជម្រះនៃតុលាការកំពូល នាព្រឹកនេះ ដឹកនាំដោយលោកចៅក្រម ឃឹម ប៉ុណ្ណ អនុប្រធាន តុលាការកំពូល និង លោក នៅ មុនីជោត ជាតំណាង មហាអយ្យការ ដែលធ្វើឡើងចំពោះមុខមេធាវីការពារក្តីឲ្យ លោក ហុង សុខហួរ (លោក ជួង ជូងី)។

បន្ទាប់ពីតុលាការកំពូល បានបើកសវនាការ រយៈពេលជាង១ម៉ោង មេធាវីការពារក្តី លោក ជួង ជូងី ឲ្យដឹងថា តុលាការកំពូល នឹងប្រកាសសាលដីកាលើសំណុំរឿងសុំនៅក្រៅឃុំរបស់ លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៊ី នៅថ្ងៃទី០៤ ខែមីនា ខាងមុខនេះ។ ក្នុងសវនាការ នាព្រឹកមិញនេះ លោក ជួង ជូងី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ថា លោក ហុង សុខហួរ បានស្នើតម្កល់ប្រាក់ ២០លានរៀល ដើម្បីបាននៅក្រៅឃុំ ប៉ុន្តែទោះជាយ៉ាងណា លោកមិនទាន់ជឿជាក់ទាំងស្រុងថាលទ្ធផលយ៉ាងម៉េចនោះទេ។

សូមរម្លឹកថា លោក ហុង សុខ​ហួរ អតីតសមាជិកព្រឹទ្ធសភា មកពីគណបក្សសមរង្ស៊ី ត្រូវបាន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ចាប់ខ្លួន​កាលពី​ថ្ងៃទី ១៥ សីហា​ ឆ្នាំ២០១៥ ហើយ​នៅ​ថ្ងៃទី១៦ សីហា តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​លើលោក ហុង សុខហួរ ​ពីបទ​ល្មើស​ចំនួន៣ករណី។

បទ​ល្មើស​ទាំង៣ករណីនោះ រួមមាន៖ បទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារ សាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលចែងឲ្យផ្តន្ទាទោសតាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ  ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤ រួចយកឯកសារក្លែងនេះ ទៅបង្ហោះក្នុងផេកហ្វេសប៊ុករបស់លោក សម រង្ស៊ី ដែលជាដើមចមនាំឲ្យតុលាការចោទប្រកាន់លោក សម រង្ស៊ី ពីបទសមគំនិតក្នុងបទល្មើសនេះ ។ បទចោទប្រកាន់ទាំងនោះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ចន្លោះពី៥ ទៅ ១០ឆ្នាំ ៕

 

 

មេធាវី៖ តុលាការកំពូល នឹងប្រកាសសាលដីកាសំណុំរឿងសុំនៅក្រៅឃុំរបស់ លោក ហុង សុខហួរ នៅថ្ងៃទី៤ មីនា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់