ក្រោយពីលេចចេញនូវរូបថតជាច្រើនសម្លឹកអំពីសំលៀកបំពាក់ស៊ិចស៊ីហួសថ្លែងមក ដេនីខ្វាន់ ទទួលបានការវាយសំពងដោយពាក្យសម្តីរិះគន់យ៉ាងធ្ងន់ធ្ងរពីមហាជនដែលសូម្បីតែអ្នកក្នុងចង្កោមសិល្បៈមួយចំនួនបានប្រត្តិកម្មថា នឹងអាចជះឥទ្ធិពលមិនល្អដល់សង្គមសិល្បៈ។

ជាមួយគ្នានេះមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌បានស្នើទៅកាន់សិល្បករពិសេសតារាសម្តែងទើបលេចមុខ ដេនីខ្វាន់ ឲ្យកែទម្លាប់ក្នុងការស្លៀកពាក់មុនពេលក្រសួងចេញវិធានការណាមួយ។

ការប្រតិកម្មរបស់មន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនេះកើតមានឡើងក្រោយពីតារាសម្តែងសិចស៊ីនាង ដេនីខ្វាន ស្លៀកពាក់ស៊ិចស៊ីជ្រុលហួសហេតុក្នុងពិធីខួបកំណើតប្អូនប្រុសនាងកាលពីចុងសប្តាហ៍មុន។ ឆ្លើយតបទៅនឹងការរិះគន់ ដេនីខ្វាន់ ថែមទាំងចំអក តិះដៀលទៅកាន់មហាជន ដែលចេញមុខរិះគន់នាងថា មានចិត្តចង្អៀតចង្អល់ពេក និងជាមនុស្សដែលខ្វះការពិចារណាទៅវិញ។ អ្នករិះគន់ជាច្រើនបានស្នើឲ្យក្រសួងពាក់ព័ន្ធចេញគោលការណ៍ ឬកោះហៅតារាសម្តែងរូបនេះទៅដុលក្អែលចេញឲ្យចំៗមុខក្រោយពីសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទើបនឹងចេញមិនបានប៉ុន្មានថ្ងៃផងនោះ។

ស្របពេលដែលប្រធានបទនៃការស្លៀកពាក់របស់ ដេនីខ្វាន់ កំពុងតែស្រួចស្រាវនោះ លោកថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា សិល្បករគួរតែភ្ញាក់រលឹកដោយខ្លួនឯង គួរតុបតែខ្លួនឲ្យសាកសមទៅនឹងពេលវេលា ទីកន្លែងគឺកុំហួសហេតុពេក ។ លោករដ្ឋលេខាធិការបន្តថា មនុស្សគ្រប់រូប មិនថាតែសិល្បករសុទ្ធទេ រូបរាងមានខាងក្នុងនិងខាងក្រៅ មានកិត្តិយស មានកេរិ៍មានខ្មាស ប៉ុន្តែគួរកម្រិតឲ្យច្បាស់ខ្លួនឯងថាគួរមានកម្រិតណា។ លោកទទួលស្គាល់ថា សិល្បករសិល្បករតែងរកអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ ប៉ុន្តែមិនមែនមានតែការស្លៀកពាក់បែបលេចលើខើចក្រោមតែមួយមុខទេដែលធ្វើឲ្យគេចាប់អារម្មណ៍ គ្រាន់តែការស្លៀកពាក់បែបសមរម្យវាគឺជាសោភណ្ឌភាពមួយបាត់ទៅហើយមិនមែនមានតែការស្លៀកពាក់បែបរបូតរលូតនោះទេ។

K6

លោកថាសិល្បករម្នាក់ៗគួរតែយល់ថាសម្រស់កិត្តិយសវានឹងមិនអណ្តែដោយសារតែការស្លៀកពាក់ស៊ិចស៊ី ឬរឿងអាស្រូវទេ វានឹងជាន់ពន្លិចកេរិ៍ឈ្មោះខ្លួនឯងទៅវិញ។ ឆ្លើយតបទៅនឹងការលើកឡើងរបស់តារាស្រី ដេនីខ្វាន់ ដែលថា ការស្លៀកពាក់របស់នាងមិនមែនជាការស្លៀកពាក់ឡើងឆាកនោះ លោករដ្ឋលេខាធការបញ្ជាក់ដែរថា មិនថាតែលើឆាកទេ បច្ចុប្បន្នទីណាក៏មានទូរទស្សន៍ កាសែត ទស្សនាវដ្តីដែរ ព្រោះតែមនុស្សគ្រប់គ្នាមានទូរស័ព្ទ ហើយនាងបង្ហាញខ្លួនជាសារធារណៈនៅក្នុងពិធីមួយដូចនេះ គេកាន់តែប្រុងប្រយ័ត្នជាងការសម្តែងលើឆាកទៅទៀត។ លោកលើកឡើងដែរថា បើមិនចង់ឲ្យមានការផ្សព្វផ្សាយជាសារធារណៈលុះត្រាតែនាងស្លៀកពាក់ហើយស្ថិតនៅក្នុងបន្ទប់តែម្នាក់ឯង។

ទោះជាយ៉ាងណាក្រសួងនៅមិនទាន់ចេញនូវវិធានការជាក់លាក់បន្ថែមថ្មីពីលើសេចក្តីជូនដំណឹងកាលពីប៉ុន្មានសប្តាហ៍មុននេះនៅឡើយ ដោយលោករដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា ក្រសួងចង់ឲ្យសិល្បករព្យាយាមកែទម្លាប់ដោយខ្លួនឯងគឺមានតែវិធានការថ្នាក់ថ្នម ដោយយល់ថាជាខ្មែរដូចគ្នា ស្ថិតក្រោមឆត្ររបស់ក្រសួងវប្បធម៌ ដែលដូចជាឪពុកម្តាយមិនអាចខុសដៃយកដៃខុសជើងយកជើងនោះទេ គឺចង់ណែនាំឲ្យអស់លទ្ធភាព ប៉ុន្តែក្រសួងក៏នឹងមានវិធានការផ្សេងពីនេះប្រសិនបើការណែនាំរបស់ក្រសួងមិនមានការយកចិត្តទុកដាក់ពីសំណាក់សិល្បករនោះ។

K3

តារាសម្តែង ដេនី ខ្វាន់ នៅមិនទាន់អាចស្វែងរកការបញ្ជាក់ជុំវិញការព្រមានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខាងលើនៅឡើយទេ ដោយសារតែទូរស័ព្ទរបស់នាងត្រូវបានប្អូនប្រុសនាងលោក គឹម សាន្ត លើកហើយបញ្ជាក់ថា បងស្រីលោកបានប្តូរលេខទូរស័ព្ទហើយកាលពីថ្មីៗនេះ ហើយលោកក៏មិនបានស្គាល់ពីលេខទូរស័ព្ទថ្មីនោះដែរ។

គេនៅមិនទាន់ដឹងនៅឡើយទេថា តើការព្រមានរបស់មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខាងលើនឹងមានឥទ្ធិពលកម្រិតណាចំពោះតារាសម្តែង ដេនីខ្វាន់ នោះដែរ៕

 

K4

មន្ត្រីក្រសួងវប្បធម៌ព្រមាន ដេនីខ្វាន់ ឲ្យផ្លាស់ប្តូរទម្លាប់នៃការស្លៀកពាក់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់