(ភ្នំពេញ)៖​ ​ តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អ៊ុំ សំអាន​ ត្រូវ​បាន​លោក​ព្រះរាជ​អាជ្ញា​រង​ ហ៊ឹង​ ប៊ុន​ថន​ ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​ រួច​បញ្ចូន​សំណុំរឿង​ និង​ជនត្រូវចោទ​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​ចាត់ការ​បន្ត​តាម​នីតិវិធី​។

មន្ត្រីតុលាការបានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមេសា នេះថា​ លោក​ អ៊ុំ សំអាន​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ និង​ បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ តាម​មាត្រា​៤៩៥និង​៤៩៦​ នៃ​ក្រមព្រហ្មទណ្ឌ​។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ រដ្ឋសភា កំពុងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ជាបន្ទាន់មួយ ដើម្បីពិភាក្សាជុំវិញករណីចាប់ខ្លួន លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។

ការបើកកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍នេះ គឺដើម្បីកំណត់ការប្រជុំពេញអង្គរបស់រដ្ឋសភា ដែលគ្រោងនឹងធ្វើនៅម៉ោង៤៖០០រសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ ដើម្បីបោះឆ្នោតអនុម័ត ថាតើឱ្យតុលាការបញ្ឈប់ការចោទប្រកាន់ លោក អ៊ុំ សំអាន ឬយ៉ាងណា? ។ តាមច្បាប់ ការបោះឆ្នោតដើម្បីឱ្យតុលាការបញ្ឈប់នីតិវិធី លើតំណាងរាស្រ្តណាម្នាក់ ត្រូវការសំឡេង ៣ភាគ៤ នៅក្នុងរដ្ឋសភា។

សូមបញ្ជាក់ថា លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីអាមេរិកមកដល់ប្រទេសកម្ពុជា។ លោកត្រូវបានចាប់ខ្លួន នៅម្តុំផ្សារកណ្តាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅពេលលោកចុះដកលុយនៅទូរ ATM របស់ធនាគារ។

សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ ដូចករណីលោក ហុង សុខហួរ ដែរ។ សមត្ថកិច្ចថា ករណីនេះជាបទល្មើសជាក់ស្តែង។

ទោះជាយ៉ាងណា តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ​ បាន​ថ្លែង​ថា​រដ្ឋសភា​ធ្វើការងាមិនច្បាស់លាស់​ ករណី​អភ័យឯកសិទ្ធិ​​​តំណាងរាស្រ្ត ដោយ​ចាត់ទុក​ថារដ្ឋសភា​នឹង​ខូចឈ្មោះ ប្រសិន​បើ​ចាត់ទុក​ករណីចាប់ខ្លួន​លោក អ៊ុំ សំអាន ស្រប​ទៅតាមច្បាប់​រដ្ឋធម្មនុញ្ញ។​

ក្នុងសន្និសីទសារព័ត៌មានរបស់ខ្លួន​នៅព្រឹកថ្ងៃ​អង្គារនេះ តំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិ​ លោក សុន ឆ័យ មាន​ប្រសា​សន៍ថា​គណបក្សនឹង​មិន​ចូល​រួមកិច្ចប្រជុំគណៈ​កម្មាធិការ​អចិន្រ្តៃយ៍​និង​កិច្ចប្រជុំ​សភាពេញអង្គ​ពិភាក្សា​​លើ​បញ្ហា​លោក អ៊ុំ សំអាន ដែល​គ្រោង​ធ្វើ​នៅថ្ងៃ​នេះ​នោះទេ​ ដោយ​លោកថា​ប្រសិន​បើ​ចូល​រួម​ប្រជុំ គឺ​បង្ហាញ​ថា​គណបក្ស​ចូលរួម​ធ្វើ​សកម្មភាព​មិនស្រប​ច្បាប់៕

ព្រះរាជអាជ្ញាចោទប្រកាន់តំណាងរាស្រ្ត លោក អ៊ុំ សំអាន ចំនួន២បទល្មើស

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់