(ភ្នំពេញ)៖ លោក កែវ សុជាតិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ កញ្ញា ធី សុវណ្ណថា និងស្រីមុំ ឲ្យចូលបំភ្លឺនៅថ្ងៃផ្សេងគ្នា ពាក់ព័ន្ធនឹងបណ្ដឹងបរិហារកេរ្តិ៍។

នៅក្នុងដីការកោះចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ចំនួន២ដាច់ដោយឡែកពីគ្នា លោកព្រះរាជអាជ្ញា កែវ សុជាតិ បានកោះហៅ កញ្ញា ធី សុវណ្ណថា ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង៨៖៣០នាទីព្រឹក ដើម្បីសាកសួរពីដំណើររឿង ដែលខ្លួនប្តឹងអំពីអំពើបរិហារកេរ្តិ៍ តាមរយៈខែ្សអាត់សម្លេង។

ដោយឡែកដីការកោះ មួយទៀត លោកព្រះរាជអាជ្ញា កែវ សុជាតិ បានកោះហៅ កញ្ញា ខុម ចាន់ដារ៉ាទី ហៅ ស្រីមុំ ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង៨៖៣០នាទីព្រឹក ដើម្បីសាកសួរពីដំណើររឿង ដែលឈ្មោះ ធី សុវណ្ណថា ប្ដឹងអំពីករណីបរិហារកេរ្តិ៍ តាមរយៈខ្សែអាត់សម្លេង។

សូមជម្រាបថា កាលព្រឹកថ្ងៃទី១៩ ខែមេសា ម្សិលមិញ កញ្ញា ខុម ចាន់ដារ៉ាទី ហៅ ស្រីមុំ បានចូលខ្លួនបំភ្លឺនៅតុលាការម្ដងរួចមកហើយ តាមដីការកោះរបស់សាលាដំបូងរាជធានីភ្នំពេញ។

យោងតាមសេចក្តីថ្លែងការណ៍ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ បញ្ជាក់ថា កញ្ញា ខុម ចាន់ដារ៉ាទី ហៅ ស្រី មុំ បានទទួលស្គាល់ថាពិតជាធ្លាប់មានទំនាក់ទំនងជាមួយលោក កឹម សុខា ហើយថា សំឡេងនៅក្នុងខ្សែអាត់នោះជាសំឡេងរបស់នាង និងលោក កឹម សុខា ប៉ុន្តែមូលហេតុដែលនាំឲ្យនាងបដិសេធកន្លងមក គឺដោយសារមានការណែនាំពីលោក កឹម សុខា។

ខណៈព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅ កញ្ញា ធី សុវណ្ណថា និងស្រីមុំ ប៉ុន្មានថ្ងៃខាងមុខនេះ លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែលជាប់ពាក់ព័ន្ធនឹងរឿងនេះដែរ មិនមានវត្តមាននៅក្នុងប្រទេសនោះទេ។

បើតាមមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានលួចបង្ហើបប្រាប់សារព័ត៌មានក្នុងស្រុក នៅព្រឹកថ្ងៃទី២០ ខែមេសានេះថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងភរិយា ព្រមទាំងកូនស្រី បានចាកចេញយ៉ាងស្ងាត់ស្ងៀមទៅទីក្រុងបាងកក ប្រទេសថៃ កាលពីវេលាម៉ោង៧៖៣០នាទីព្រលប់ថ្ងៃទី១៨​ ខែមេសា ឆ្នាំ២០១៦ និងបន្តឆ្ពោះទៅកាន់ប្រទេសទី៣។

មន្រ្តីជាន់ខ្ពស់ដដែលរូបនោះ បានបន្តប្រាប់ថា លោក កឹម សុខា និងក្រុមគ្រួសារ ទិញសំបុត្រយន្តហោះតែទៅប៉ុណ្ណោះ (One Way) និងបានបន្តទិញសំបុត្រយន្តហោះនៅទីក្រុងបាងកក ដើម្បីបន្តដំណើរទៅកាន់ប្រទេសទី៣។ ចំណែកការវិលត្រឡប់មកកាន់កម្ពុជាវិញ នៅមិនទាន់ដឹងច្បាស់ពីពេលវេលានោះទេ៕

 

 

ព្រះរាជអាជ្ញាចេញដីកាកោះហៅ កញ្ញា ធី សុវណ្ណថា និងស្រីមុំ ឲ្យចូលបំភ្លឺពាក់ព័ន្ធនឹងបណ្ដឹងបរិហារកេរ្តិ៍

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់