(ប៉េកាំង)៖ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០១៧។

រដ្ឋាភិបាលចិន​បានចេញមុខគំាទ្រ​ រដ្ឋាភិបាល​វេណេស៊ុយអេឡាដោយនិយាយថា ការបោះឆ្នោតសភា​ធម្មនុញ្ញ​បានប្រព្រឹត្តទៅ​យ៉ាងរលូន បើទោះជា​សហរដ្ឋអាមេរិក អឺរ៉ុប និងរដ្ឋ អាមេរិកឡាទីន​មួយចំនួនថ្កោលទោស ការបោះឆ្នោតដ៏​ចម្រូងចម្រាស​នេះក៏ដោយ។

កាលពីថ្ងៃចន្ទកន្លងទៅ​​​រដ្ឋាភិបាល​អាមេរិក បានដាក់ទណ្ឌកម្ម​លើលោក នីកូឡាស់ ម៉ាឌូរ៉ូ ជាប្រធានាធិបតី​វេណេស៊ុយអេឡា និងបានចាត់ទុក​លោកថា ជាមេដឹកនាំ​ផ្ដាច់ការ​មួយរូប។ ដោយឡែក ក្រៅតែ​ពីសហរដ្ឋអាមេរិក កាណាដា អេស្ប៉ាញ អាហ្សង់ទីន និងប៉េរូ ក៏បានថ្កោលទោស​លើការបោះឆ្នោត​សភាធម្មនុញ្ញនេះ​ផងដែរ។ តែយ៉ាង​ណាក៏ដោយ ក្នុងនាមជាសម្ព័ន្ធមិត្ត​ដ៏សំខាន់លើ វិស័យថាមពលជា​មួយវេណេស៊ុយអេឡា រដ្ឋាភិបាលចិន​តាមរយៈក្រសួង​ការបរទេស បែរជាចេញ​សេចក្ដីថ្លែងការណ៍គាំទ្រ និងអះអាងថា ការបោះឆ្នោតបាន​ប្រព្រឹត្តទៅ​យ៉ាងរលូនទៅវិញ។

ក្រសួងការបរទេសចិន​នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន បានលើកឡើង​យ៉ាងដូច្នេះថា «យើងសង្ឃឹម​យ៉ាងមុតមាំថា ភាគី​ទំាងអស់អាច​នឹងដោះស្រាយបញ្ហា​តាមរយៈកិច្ច​សន្ទនា ដើម្បីរក្សា​ការពារ ស្ថេរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសវេណេស៊ុយអេឡា… ហើយយើង​ក៏ជឿជាក់ដែរថា រដ្ឋាភិបាលទីក្រុង​ការ៉ាកាស់ និងប្រជាជនវេណេស៊ុយអេឡា អាចមានលទ្ធភាព​ដោះស្រាយ បញ្ហាកិច្ចការផ្ទៃក្នុងដោយខ្លួនឯង»

គួរបញ្ជាក់ថា ចិន និងវេណេស៊ុយអេឡា​មានទំនាក់ទំនងការទូត និងពាណិជ្ជកម្មល្អូកល្អឺននឹងគ្នា ជាពិសេសពាក់ព័ន្ធនឹងវិស័យថាមពល ហើយទីក្រុងការ៉ាកាស់ និងទីក្រុងម៉ូស្គូ ក៏ជាសម្ព័ន្ធមិត្តកាត់ទឹកមិនដាច់ផងដែរ៕

 

ព្រោះតែសម្ព័ន្ធមិត្ត ប្រទេសចិនបានចេញមុខមកគាំទ្រវេណេស៊ុយអេឡា ទោះបីជាអាមេរិកមិនសូវសប្បាយចិត្តនឹងទង្វើនេះក៏ដោយ!

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Sa Em

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់