(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចាកចេញពីប្រទេសកម្ពុជាហើយ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក រយៈពេលពីរថ្ងៃចាប់ពីថ្ងៃស្អែកនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ទោះបីជាកន្លងមកមានលេចឮព័ត៌មានពីការព្រមានធ្វើបាតុកម្មប្រឆាំងសម្ដេចនៅទីនោះក៏ដោយ។

ដូចតាមគម្រោង សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចាកចេញពីប្រទេសកម្ពុជាហើយ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក រយៈពេលពីរថ្ងៃនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នាថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០១៦។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា រដ្ឋមន្រ្តី៤រូបដែលអមដំណើរ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំនេះ ក្នុងនោះមាន៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស, ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច, និងលោក ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នេះ មានបញ្ហាជាច្រើននឹងត្រូវលើកយកមកពិភាក្សាមានទាំងបញ្ហាសន្តិសុខក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក ដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន ក្នុងនោះរួមមាន បញ្ហាជម្លោះក្នុងសមុទ្រចិនខាងត្បូងរវាងប្រទេសចិន ជាមួយប្រទេសជាសមាជិកអាស៊ានផងដែរ។

គួរកត់សម្គាល់ថា ស្រប​ពេលដែល​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា នៅលើ​ទឹកដី​សហរដ្ឋអាមេរិក ថ្មីៗនេះ មាន​ក្រុម​អ្នកគាំទ្រ​គណបក្សប្រឆាំង​មួយចំនួន​បានប្រកាស​ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​នេះ​។ ចំណែក​ក្រុម​សម្ព័ន្ធ​យុវជន​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ប្រទេស​កម្ពុជា ក៏បាន​ព្រមាន​ប្រកាស​ធ្វើបាតុកម្ម​ប្រឆាំង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ វិញ​ផងដែរ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រំលាយ​គណបក្ស​នេះ​ចោល បើសិនជា​កើតមាន​បាតុកម្ម​ប្រឆាំងនឹង​សម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅលើ​ទឹកដី​សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃទី​១៥ និង១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ដើមសប្ដាហ៏ក្រោយនេះ។

យ៉ាងណាក៏ដោយ  អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន្ត ថ្មីៗនេះ បាន​លើកឡើងថា “យើង​មិនអាច​ជឿ ទាំងស្រុង​ទៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​បាននោះទេ”។ ដែលការលើកឡើងរបស់លោកដូច្នេះ ទាក់ទិននិងវីដេអូ​ឃ្លី​បដែល​ត្រូវបាន​ផ្សព្វ​ផ្សាយ​កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ដោយ​យុវជន​នៅក្នុងវីដេអូបានប្រកាស​ព្រមាន​ធ្វើបាតុកម្ម​ប្រឆាំង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ​បើសិនជា​កើតមាន​បាតុកម្ម​ប្រឆាំងនឹង​សម្តេច​ ហ៊ុន សែន នៅលើ​ទឹកដី​សហរដ្ឋអាមេរិក។ ចំពោះការធ្វើបាតុកម្មឬមិនធ្វើបាតុកម្ម អ្នកនាំពាក្យបក្សកាន់អំណាចលើកឡើងថា គឺជាសិទ្ធិសេរីភាពរបស់គេ ប៉ុន្តែលោកស្នើរឲ្យពលរដ្ឋខ្មែរដែលរស់នៅអាមេរិកកុំចូលរួមការធ្វើបាតុកម្ម បើសិនជាមាន។

ពាក់ព័ន្ធនឹងការលេចឮព័ត៌មានព្រមានធ្វើបាតុកម្មប្រឆាំងគ្នាទៅវិញទៅមកនេះដែរ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ក៏បានស្នើដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីចេញវិធានការការពារដល់សន្តិសុខ សុវត្ថិភាព ជូនដល់តំណាងរាស្រ្ត ថ្នាក់ដឹកនាំ និងសមាជិករបស់ខ្លួន បន្ទាប់ពីមានការព្រមានធ្វើបាតុកម្មប្រឆាំងគណបក្សនេះ ដោយសកម្មជនគាំទ្រគណបក្សប្រជាជន។ គណបក្សប្រឆាំងនេះ លើកឡើងថា “បើពុំមានការចាត់វិធានការពីអាជ្ញាធរមានសមត្ថកិច្ចនោះទេ ថ្នាក់ដឹកនាំព្រមទាំងសមាជិក សមាជិការគណបក្សសង្គ្រោះជាតិអាចនឹងប្រឈមចំពោះការរំលោភបំពានដល់រាងកាយដោយប្រការណាមួយជាមិនខាន ប្រសិនបើបាតុកម្មកើតឡើងពិតមែន ព្រោះកន្លងមកធ្លាប់មានករណីរំលោភបំពានរួចទៅហើយ”៕

 

ព្រឹកនេះ សម្ដេច ហ៊ុន សែន ចាកចេញពីកម្ពុជាដើម្បីទៅចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិក បើទោះជាមានការព្រមានធ្វើបាតុកម្ម

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់