(ភ្នំពេញ)៖​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅយប់មិញនេះ បានផ្ញើសាររំលែកទុក្ខជូនចំពោះលោក Charles Michel នាយករដ្ឋមន្រ្តី នៃប្រទេសប៊ែលហ្សិក ចំពោះការស្លាប់ប្រជាពលរដ្ឋស្លូតត្រង់ នៅក្នុងការវាយប្រហារភេរវកម្ម ចំនួន២កន្លែង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦។

នៅរាត្រីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសាររំលែកទុក្ខជូនចំពោះលោក Charles Michel នាយករដ្ឋមន្រ្តី Belgium (ប៊ែលហ្សិក ) ចំពោះការស្លាប់ប្រជាពលរដ្ឋស្លូតត្រង់ នៅក្នុងការវាយប្រហារ ភេរវកម្ម ចំនួន២កន្លែង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នៅអាកាសយានដ្ឋាន Zaventem និងស្ថានីយ៍រថភ្លើង​ Maelbeek ស្ថិតនៅក្នុងទីក្រុង Brussels (ព្រុចសែល)។

នៅក្នុងលិខិតជាភាសាអង់គ្លេសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសរសរបញ្ជាក់ថា៖​ “ក្នុងឱកាសដ៏ក្រៀមក្រំនេះ តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា​ សូមចូលរួមរំលែកទុក្ខចំពោះឯកឧត្តម និងក្រុមគ្រួសារជនរងគ្រោះ ចំពោះការបាត់បង់អាយុជីវិត”។

សូមបញ្ជាក់ថា ​កាល​រសៀល​ថ្ងៃ​ទី​២២ ខែ​មីនា​  មាន​ករណី​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​អាកាសយានដ្ឋាន និង​នៅ​ចំណត​រថភ្លើង​ក្រោម​ដី ក្នុង​ទីក្រុង​ព្រុច​សែ​ល ដែល​បណ្ដាលឲ្យ​មនុស្ស ៣៤​នាក់​ស្លាប់ និង​២៥០​នាក់​រងរបួស ហើយ​​ករណីនេះ ត្រូវបាន​ក្រុម ISIS អះអាងថា ជា​ទង្វើ​របស់​ខ្លួន​។

ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​អាកាសយានដ្ឋាន​កណ្ដាល​ទីក្រុង​ព្រុច​សែ​ល ប្រទេស​ប៊ែលហ្សិក ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ក្រុម​កម្លាំង​ជំនាញ​ចេញ​ប្រតិបត្តិ​ការឆែកឆេ និង​ស៊ើបអង្កេត​នៅ​ជុំវិញ​ទីក្រុង​ព្រុច​សែ​ល។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន BBC នា​ថ្ងៃ​ទី​២៣ ខែ​មីនា​។​

​ប៉ូលិស​បាន​បញ្ជាក់ថា ជនសង្ស័យ​ម្នាក់​ក្នុងចំណោម ៣​នាក់ ដែល​ត្រូវបាន​ថត​ដោយ​កាមេរ៉ា CCTV ក្នុង​អាកាសយានដ្ឋាន មានឈ្មោះ​ថា Najim Laachraoui ត្រូវបាន​ចាប់ខ្លួន និង​កំពុងតែធ្វើការ​ស៊ើបសួរ ខណៈ​ដែល​ជនសង្ស័យ​ពីរ​នាក់​ទៀត ត្រូវបាន​គេ​ដឹងថា ជា​បងប្អូន​នឹង​គ្នា មានឈ្មោះ​ថា Khalid និង Brahim el-Bakraoui​។​

យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Daily Mail នា​ព្រឹក​ថ្ងៃទី២៣ ខែមីនាម្សិលមិញ បានឲ្យដឹងថា ក្រុម​ឧទ្ទាម ISIS បាន​គំរាម​វាយប្រហារ​ចក្រភព​អង់គ្លេស ក្រោម​ពាក្យស្លោក​ថា “ទុក្ខវេទនា និង​ភាពជូរចត់​កាន់តែ​ច្រើន​ជាង​មុន”​ ដែល​ការ​គំរាម​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពេល​ប្រកាស​ទទួលស្គាល់​ថា ការវាយប្រហារ​នៅ​កណ្ដាល​ទីក្រុង​ព្រុច​សែ​ល ជា​ទង្វើ​របស់​ខ្លួន​៕

 

ប្រមុខរដ្ឋាភិបាលកម្ពុជា ផ្ញើសាររំលែកទុក្ខជូនចំពោះនាយករដ្ឋមន្រ្តី នៃប្រទេសប៊ែលហ្សិក ក្រោយរងភេរវកម្ម

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់