(ភ្នំពេញ)៖ លោក សម រង្ស៊ី ប្រមុខបក្សសង្រ្គោះជាតិ បានចាត់ទុក​ការកំណត់​កាលបរិច្ឆេទ ការបោះឆ្នោត​ឃុំ​-​សង្កាត់ និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ គឺ​ការ​បំភាន់​ភ្នែក និង​ល្បិចកល​របស់​រដ្ឋាភិបាល ដើម្បី​យកឈ្នះ​ការបោះឆ្នោត​ប៉ុណ្ណោះ​។

លោក សម រង្ស៊ី បានសរសេរលើទំព័រFacebook របស់លោក ថា “ការប្រកាសកាលបរិច្ឆេទ ថ្ងៃ-ខែ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិ ដែលគ្រោងរៀបចំធ្វើក្នុងឆ្នាំ ២០១៧ និង ២០១៨នោះ មិនគ្រប់គ្រាន់ទេ ដើម្បីធានាថាការបោះឆ្នោតទាំងពីរនោះ នឹងមានលក្ខណៈអាចជឿទុកចិត្តបាន ហើយអាចទទួលយកបាន សម្រាប់ប្រជារាស្ត្រខ្មែរ និងសហគមន៍អន្តរជាតិ”។

លោកបន្តថា “ធ្ងន់ធ្ងរជាងនេះទៅទៀត ក្នុងកាលៈទេសៈដែលមានការគាបសង្ក់តផ្នែកនយោបាយដូចសព្វថ្ងៃ ការគ្រាន់តែប្រកាសពីកាលបរិច្ឆេទបែបនេះ អាចធ្វើឲ្យមានការភ័ន្តច្រឡំ អំពីបំណងពិតប្រាកដរបស់រដ្ឋាភិបាល ពីព្រោះវាអាចបង្វែរអារម្មណ៍ពីទង្វើជាក់ស្តែងរបស់រដ្ឋាភិបាល ដែលកំពុងតែត្រៀមល្បិចកលដើម្បីដណ្តើមយកជ័យជម្នះក្នុងការបោះឆ្នោតខាងមុខ ទោះជាប្រជាប្រិយភាពរបស់ខ្លួនបានធ្លាក់ចុះយ៉ាងណាក៏ដោយ”។

ជាការកត់សម្គាល់ ការ​អត្ថាធិប្បាយ​របស់ប្រធានបក្សប្រឆាំងយ៉ាងនេះ បន្ទាប់ពី​ប្រមុខរដ្ឋាភិបាល​ សម្ដេច ហ៊ុន សែន បានប្រកាស​កំណត់​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់​អាណត្តិ​ទី​៤ និង​ថ្ងៃ​បោះឆ្នោត​ថ្នាក់ជាតិ​អាណត្តិ​ទី​៦។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខណៈការបោះឆ្នោតតំណាងរាស្រ្ត (ថ្នាក់ជាតិ) នឹងធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕

 

ប្រធានបក្សប្រឆាំង ចាត់ទុកការកំណត់ថ្ងៃបោះឆ្នោត ជាល្បិចបង្វែរស្ថានការណ៍

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់