(សៀមរាប)៖ ចាប់ពីខែឧសភា ឆ្នាំ២០១៦នេះតទៅ ផ្លូវមុខប្រាសាទអង្គរវត្ត ត្រូវអាជ្ញាធរជាតិអប្សរាប្រកាសបិទចរាចរណ៍ ដោយមិនអនុញ្ញាតឱ្យរថយន្តឬម៉ូតូធ្វើដំណើរ ដូចមុននោះទេ លើកលែងតែកង់ ថ្មើរជើង និងក្នុងករណីចាំបាច់។

លោកស្រី ចៅ ស៊ុន​កិរិយា អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ឲ្យដឹងថា គម្រោង​បិទ​ចរាចរណ៍​ផ្លូវ​មុខ​អង្គរ​នេះ គឺមាន​ការពិភាក្សាគ្នា​យូរ​មកហើយ ដែលកន្លងមក​ក៏​ធ្លាប់មាន​ការសាកល្បង​ហើយ​ដែរ​។ អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ពន្យល់ថា គោលបំណង​សំខាន់ គឺ​ដើម្បី​លើក​សោភ័ណភាព​ប្រាង្គ​ប្រាសាទបុរាណ ជាពិសេស​ប្រាសាទអង្គរវត្ត ដែល​កន្លងមក​មាន​ចរាចរណ៍​មិនល្អ បង្ក​ការកកស្ទះ ក្នុងនោះ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវទេសចរ​ផងដែរ​។​

​លោកស្រីបន្ថែមថា ការ​ចរាចរណ៍​របស់​យានយន្ត​នាពេល​កន្លងមក ក៏បាន​ធ្វើ​ឲ្យ​ប្រាសាទ​ញ័រ​ផងដែរ ដែល​បង្កើតជា​ហានិភ័យ​ដល់​ប្រាសាទបុរាណ​។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា អាជ្ញាធរ​ជាតិ​អប្សរា​មិនមាន​គម្រោង​លុប​ផ្លូវ​មុខ​អង្គរ​ចោល​នោះទេ ដោយអនុញ្ញាតឲ្យកង់ ថ្មើរជើង ហើយ​វា​អាចនឹង​បើក​ចរាចរណ៍​ម្តងម្កាល នៅពេល​មាន​គណៈអធិបតី​មក​ទស្សនកិច្ច​ ឬក្នុងករណីបន្ទាន់ផ្សេងៗ ដូចជារថយន្តពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះបន្ទាន់ប៉ុណ្ណោះដែលអនុញ្ញាតឱ្យធ្វើដំណើរត្រង់ទៅមុខប្រាសាទអង្គរវត្តបាន។​

សម្រាប់គ្រប់​យានជំនិះ​ទាំងអស់ តម្រូវ​ឲ្យ​វៀង​តាមផ្លូវ​ចាប់ពី​កែង​ប៉ុស្តិ៍នគរបាល​បេតិកភណ្ឌ ទៅតាម​ត្រពាំង​សេះ​។​ ក្រៅពីនេះ អាជ្ញាធរ​ជាតិ​អប្សរា បាននឹងកំពុង​រៀបចំ​កន្លែង​ទទួល​បដិសណ្ឋារកិច្ច សម្រាប់​ទទួល​ស្វាគមន៍​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ផងដែរ​។ ការរៀបចំ​ត្រូវបាន​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់ថា ដើម្បី​ឲ្យ​សក្តិសម​នឹង​តម្លៃ​ប្រាសាទអង្គរវត្ត ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។

យោងតាមសេចក្ដីប្រកាសរបស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា អំឡុងខែមេសា ឆ្នាំ២០១៦នេះ ភ្ញៀវទេសចរបរទេសបានទិញបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ចំនួន១៤៦,១៩៦នាក់។ ចំនួននេះ បានថយចុះ៤.៨០% បើប្រៀបធៀបទៅនឹងខែមេសា ឆ្នាំ២០១៥។ ដោយឡែក ចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរវត្ត មានចំនួន ៤,១៤៨,៥៦០ដុល្លារ ថយ៣.៧៦%។ ជាមួយគ្នានេះ បើគិត៤ខែដើមឆ្នាំ ២០១៦វិញ ភ្ញៀវទេសចរបរទេសបានទិញបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរមានចំនួន ៨៤៧,៥៥៤នាក់ ទទួលបានប្រាក់ចំណូល ២៤,៥០០,១៦០ដុល្លារអាមេរិក៕

ប្រកាសបិទចរាចរណ៍នៅផ្លូវមុខអង្គរចាប់ពីខែឧសភានេះ លើកលែងតែកង់ ថ្មើរជើង និងករណីចាំបាច់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់