(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ សម្ដេច ស ខេង ប្រធានគណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានប្រកាសថា ប៉ូលីស នឹងបង្កើនថែមទៀតនូវសកម្មភាពត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ ចាប់ពីថ្ងៃទី១៥ ខែមីនានេះ តទៅ សំដៅចូលរួមទប់ស្កាត់កត្តាហានិភ័យ ដែលបង្កដោយគ្រោះថ្នាក់ចរាច​រ។ 

​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី បានដាក់ឲ្យអនុវត្តចាប់តាំងពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ ដោយប៉ូលីស​ចរាចរណ៍ បាន​រឹតបន្តឹង​នូវ​ការត្រួតពិនិត្យ ផាកពិន័យ​លើ​អ្នកបើកបរ​ល្មើសច្បាប់ ដូចជា អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង និង​ការដឹក​លើស​ចំណុះ ជាដើម​។​ ក៏ប៉ុន្តែ​ បាន​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ប៉ូលិស​ក៏បាន​បន្ធូរដៃ ហើយ​ទុកពេល​ឲ្យ​អ្នកបើកបរ​យានយន្ត ទៅធ្វើ​ប័ណ្ណបើកបរ ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ឈៀក និង​ទៅធ្វើ​លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន ព្រមទាំង​ទៅ​ប្រឡង​យក​ប័ណ្ណបើកបរ ជាដើម​។​

តែយ៉ាងណា ចាប់ពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ តទៅ មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក នឹង​បង្កើន​ថែមទៀត​នូវ​សកម្មភាព​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់ ដោយ​ធ្វើ​ការពិន័យ​យ៉ាង​ម៉ឹងម៉ាត់ ចំពោះ​ការមិន​ពាក់មួក​សុវត្ថិភាព ការបើកបរ​លើស​ល្បឿន​កំណត់ ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង ការមិន​គោរព​សិទ្ធិ​អាទិភាព ការដឹកជញ្ជូន​លើស​ចំណុះ ឬ​បង្ក​ឲ្យ​ធ្លាក់ ឬ​អូស ឬ​បង្កើន​ធូលី ឬ​ការធ្វើ​ឲ្យ​រំខាន​ផ្សេងៗ​ទៀត និង​លក្ខណៈ​បច្ចេកទេស​ទេស​យានយន្ត​…។​ នេះ​បើតាម​សេចក្តីជូនដំណឹង ចុះហត្ថលេខា​ដោយ​សម្ដេចសខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ ។​

​ប៉ូលីស កំណត់ថា ចាប់ពី​ថ្ងៃទី​១៥ ខែមីនា​តទៅ នឹង​ចាប់ផ្តើម​ត្រួតពិនិត្យ​លើ​ឯកសារ​យានយន្ត ដែល​រួមមាន ប័ណ្ណបើកបរ ឈៀក និង​លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​។ ក៏ប៉ុន្តែ​ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ ទទួលបន្ទុក​ចរាចរ​ណ៍ និង​សណ្តាប់ធ្នាប់ បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​១៥ ខែ​មីនា​នេះ តទៅ ប៉ូលីស​នឹង​បង្កើន​ការត្រួតពិនិត្យ​លើ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ តែ​មិនទាន់​ផាកពិន័យ​លើ​ឯកសារ​យានយន្ត​នោះទេ គឺ​ត្រឹមតែ​អប់រំ​ប៉ុណ្ណោះ​។​

​​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​១៥​ ខែមីនា ​តទៅ ប៉ូលីស​នឹង​ផាកពិន័យ​លើ​អ្នកជិះ​ម៉ូតូ ពោលគឺ​តាមច្បាប់ ម៉ូតូ​១​គ្រឿង អនុវត្ត​ឲ្យ​ជិះ​តែ​មនុស្សពេញវ័យ ២នាក់​ប៉ុណ្ណោះ ដែលតម្រូវឲ្យ​ពាក់មួក​សុវត្ថិភាពទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ​។

សូមបញ្ជាក់ថា ក្នុងសេចក្ដីជូនដំណឹងរបស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្ដេច ស ខេង បានថ្លែងកោតសរសើរចំពោះសាធារណជន ដែលបានចូលរួមគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយ៉ាងផុសផុលទាំងពេលធ្វើចរាចរតាមដងផ្លូវ និងការបំពេញបែបបទផ្សេងៗតាមលក្ខខណ្ឌដែលច្បាប់បានតម្រូវ ដូចជា ការយកយានយន្តជាច្រើនមកចុះបញ្ជី ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ធ្វើលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូន និងការប្រលងយកប័ណ្ណបើកបរ ជាដើម។

ប៉ុន្តែរទន្ទឹមនេះ ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានសង្កេតឃើញថា នៅមានអ្នកប្រើប្រាស់ផ្លូវមួយចំនួននៅតែធ្វេសប្រហែស ឬ ខ្ជីខ្ជាមិនអើពើចំពោះការអនុវត្តច្បាប់ ដូចជា នៅតែមានអ្នកជិះទោចក្រយានយន្តមិនពាក់មួកសុវត្តិភាព បើកបរលើសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង មិនគោរពសិទ្ធអាទិភាព ការដឹកជញ្ជូនលើសចំណុះ ដែលកត្តាទាំងនេះ ជាហានិភ័យបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕

 

ប៉ូលីស នឹងបង្កើនថែមទៀតនូវសកម្មភាពត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ ចាប់ពីថ្ងៃទី១៥ ខែមីនា តទៅ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់