(ភ្នំពេញ)៖ កវីស្ទឹងសង្កែដ៏ល្បាញល្បីរបស់ខ្មែរ លោក គង្គ ប៊ុនឈឿន បានក្រើនរំលឹកជាលើកចុងក្រោយមុននឹងរូបលោកធ្វើមរណកាល ថា ខ្មែរគ្រប់រូប គ្រប់ទីកន្លែង គ្រប់និន្នាការនយោបាយ ជាពិសេសយុវជន យុវតីខ្មែរជំនាន់ក្រោយ ត្រូវតែរួបរួមសាមគ្គីជាធ្លុង ទើបធ្វើឲ្យជាតិរុងរឿង និងរីកចម្រើនទៅមុខបាន បើកាលណាខ្មែរបែកបាក់នឹងនាំឲ្យជាតិហិនហោច។

តាមរយៈវីដេអូឃ្លីបជាង៣នាទី ដែលបង្ហោះក្នុង Youtube ឈ្មោះ “គង្គ ប៊ុនឈឿន” នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦  បន្ទាប់ពីលោក គង្គ ប៊ុនឈឿន ទទួលមរណភាពបានមួយថ្ងៃ កវីនិពន្ធដែលបង្ហូរទឹកខ្មៅមិនចេះរីងស្ងួតរូបនេះ បានរៀបរាប់ថា តាមប្រវត្តិសាស្រ្តខ្មែរជាច្រើនមក បានបង្ហាញថា កាលណាខ្មែរបែកបាក់នឹងធ្វើឲ្យជាតិអន្តរាយ វិនាសហិនហោច ហើយមានតែការរួបរួម សាមគ្គីគ្នាជាធ្លុងតែប៉ុណ្ណោះ ទើបធ្វើឲ្យជាតិរីកចម្រើន។

កវីដងស្ទឹងសង្កែរូបនេះ បានថ្លែងថា លោកមិនមានទ្រព្យសម្បត្តិ ឬ អ្វីគួរឲ្យសោកស្តាយនោះឡើយនៅក្នុងឆាកជីវិតរបស់លោក តែ លោកសោកស្តាយ ដែលមិនអាចប្រើចំណេះដឹងរបស់លោក ដើម្បីបម្រើដល់សង្គមជាតិរហូតដល់ដំណាក់កាលចុងក្រោយ។ លោក ក៏បានផ្តាំផ្ញើដល់យុវជន យុវនារីខ្មែរ ត្រូវស្រឡាញ់ជាតិមាតុភូមិ ស្រឡាញ់អក្សរសាស្រ្ត និង អក្សរសិល្បិ៍របស់ខ្មែរ។

សូមបញ្ជាក់ថា លោក គង្គ ប៊ុនឈឿន បានទទួលមរណភាពនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ  នៅប្រទេសន័រវេស។ លោក គង្គ ប៊ុនឈឿន បានបន្សល់នូវស្នាដៃនិពន្ធយ៉ាងច្រើនសម្រាប់ជាតិខ្មែរ ដែលស្នាដៃនិពន្ធនោះ មានទាំង ចម្រៀង រឿងប្រលោមលោក រួមទាំងកំណាព្យអប់រំផងដែរ។

មុននឹងលោកទទួលអនិច្ចកម្ម លោកបានផ្តែផ្តាំកូនចៅអំពីបំណងចង់ឱ្យតម្កល់ តម្កល់ធាតុ ឬរូបសំណាករបស់លោក នៅមាត់ស្ទឹងសង្កែ ខេត្តបាត់ដំបង ដែលជាទឹកដីកំណើតរបស់ខ្លួន។

យ៉ាងណាក៏ដោយ ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង លើកឡើងថា អាជ្ញាធរខេត្តនឹង​សាងសង់​ទី​កម្ក​ល់​ធាតុ ឬ​រូបសំណាក​លោក គ​ង្គ ប៊ុន​ឈឿន នៅ​មាត់​ស្ទឹង​សង្កែ ដើម្បី​ជាការ​គោរព​ ដឹងគុណ​ដ​ល់​កវី​ម្ចាស់​ស្ទឹង​សង្កែ​ដ៏​ល្បីល្បាញ​រូបនេះ ប្រសិនបើ​មានការ​គាំទ្រ​​ពី​មហាជន​ច្រើន​។ ផ្ទុយទៅវិញ ប្រសិនបើ​មហាជន​ជំទាស់ លោក​ច័ន្ទ សុផល បាន​បញ្ជាក់ថា ទី​តម្កល់​ធាតុ​របស់​ម្ចាស់​កវី​ស្ទឹង​សង្កែ អាច​នឹងត្រូវ​សាងសង់​នៅក្នុង​វត្ត​វិបុល​ត្ថា​រាម ឬ​វត្ត​កណ្តាល ជាទី​ដែល​លោក​គ​ង្គ ប៊ុន​ឈឿន ធ្លាប់​បួស​រៀន ហើយ​នៅ​មាត់​ស្ទឹង​សង្កែ​អាច​ត្រឹមតែ​សាងសង់​ជា​រូបសំណាក​លោក គ​ង្គ ប៊ុន​ឈឿន ដើម្បី​បញ្ជាក់​ពី​ការគោរព​ដឹងគុណ​៕

សូមទស្សនាវីដេអូឃ្លីប នូវបណ្តាំចុងក្រោយរបស់កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន ខាងក្រោមនេះ៖

បណ្តាំចុងក្រោយកវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន៖ ខ្មែរត្រូវចាំថាមានតែការសាមគ្គីគ្នាជាធ្លុងមួយទើបធ្វើឲ្យជាតិរុងរឿង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់