(ភ្នំពេញ)៖ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការកោះហៅ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឲ្យចូលបំភ្លឺនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ក្នុងនាមជាដើមបណ្តឹង។ ជាមួយគ្នានេះ លោកព្រះរាជអាជ្ញាក៏បានកោះហៅ លោក អ៊ូ វីរៈ ប្រធានវេទិកា អនាគតកម្ពុជា ឲ្យចូលបំភ្លឺនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ ចំពោះបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា។

យោងតាមដីការកោះរបស់លោកព្រះរាជអាជ្ញា សៀង សុខ បានកោះអញ្ជើញឈ្មោះ  សុខ ឥសាន ជាដើមបណ្ដឹង ឲ្យចូលបំភ្លឺទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៩៖០០នាទីព្រឹក ដើម្បីសាកសួរស្ដាប់ចំលើយពីដំណើររឿងប្ដឹងឈ្មោះ អ៊ូ វីរៈ ពីបទបរិហាកេរ្ដិ៍សាធារណៈ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦។

ចំណែកដីការដោយឡែកមួយទៀត ព្រះរាជអាជ្ញា កោះអញ្ជើញឈ្មោះ អ៊ូ វីរៈ ជាជនសង្ស័យ ឲ្យចូលបំភ្លឺទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៩៖០០នាទីព្រឹក ដើម្បីសាកសួរពីដំណើររឿងដែលឈ្មោះ សុខ ឥសាន ប្ដឹងពីបទបរិហាកេរ្ដិ៍សាធារណៈ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ គណបក្សប្រជាជនកម្ពុជា តំណាងដោយលោក សុខ ឥសាន បានដាក់ពាក្យប្តឹង លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបានទាមទារសំណង ដែលធ្វើប៉ះពាល់ដល់គណបក្ស ចំនួន៤០០លានរៀល។

ការដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ លោក អ៊ូ វីរៈ បានលើកឡើងតាមរយៈ វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១៦ ដោយចោទគណបក្សប្រជាជន ថា ជាអ្នកនៅពីក្រោយនៃដំណើររឿង លោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី។

លោក អ៊ូ វីរៈ បានធ្វើអត្ថាធិប្បាយផ្សាយ​តាមរលក​ធាតុអាកាស​វិទ្យុអាស៊ីសេរី​ កាលនោះថា “យុទ្ឋសាស្រ្តរបស់​គណបក្សកាន់អំណាចនាពេលនេះ ​គឺព្យាយាមគាបសង្កត់លោក​ កឹម សុខា​ និងហិរញ្ញវត្ថុរបស់​លោក”។ ការអត្ថាធិប្បាយរបស់លោក​ អ៊ូ វីរៈ នេះ បានធ្វើឲ្យលោក​ សុខ ឥសាន ​យល់ថាជាការមួលបង្កាច់​បង្ខូចកិត្តិយសនិង​សេចក្តីថ្លៃថ្នូរ​របស់គណបក្សប្រជាជន​កម្ពុជាដែលជាគណបក្សកាន់អំណាច​និងសម្រេចដាក់ពាក្យប្តឹងតែម្តង៕

បណ្ដឹងCPP៖ តុលាការកោះហៅលោក អ៊ូ វីរៈ និងលោក សុខ ឥសាន ជាដើមបណ្ដឹង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់