(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ មន្ត្រីសិទ្ធមនុស្សអាដហុកទាំង៤រូប និងអគ្គលេខាធិការរង គ.ជ.ប ១រូប ត្រូវអង្គភាពប្រឆាំងអំពើរពុករលួយ (ACU) បញ្ជូនទៅកាន់តុលាការជាលើកទី៣ ពាក់ព័ន្ធនឹងបណ្ដឹងរបស់កញ្ញា ខុម ចាន់តារាទី (ហៅស្រីមុំ)។

នៅវេលាម៉ោងជិត៨៖០០ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​នាំខ្លួន​មន្ត្រី​សិទ្ធមនុស្សអាដហុក​ទាំង៤​រូប ​និង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​)​ ១​រូប ទៅកាន់​សាលាដំបូង​រាជធានីភ្នំពេញ​សាជា​ថ្មី ពាក់ព័ន្ធនឹងបណ្ដឹងរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។

នេះ​ជា​លើក​ទី​៣​ហើយ ដែល​ជន​ទាំង​៥​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​កាត់ទោស​ពួកគេ ដោយយោង​ទៅតាម​អង្គហេតុ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ (ACU) បញ្ជូនទៅ​។​ ​

គេ​មិនទាន់​ដឹងថា ព្រះរាជអាជ្ញា​បន្ត​ការសាកសួរ​អ្នក​ទាំង​៥ ឬក៏​បញ្ជូន​សំណុំរឿង​ទៅកាន់​ចៅក្រម​ស៊ើបសួរ​នោះទេ​។​ តែបើតាមការអះអាងពីលោកស្រី គា សុផល មេធាវី​ការពារ​ក្តី​មន្ត្រី​អាដហុក បាន​លើកឡើងថា កូនក្តី​របស់លោក​ស្រី មាន​ផ្លូវ​ពីរ នៅថ្ងៃនេះ​។ លោកស្រី​ពន្យល់ថា ទី​១) បើ​ព្រះរាជអាជ្ញា​លើកលែង​ការចោទប្រកាន់ ដោយ​តម្កល់​រឿង​មិន​ចាត់ការ នោះ​ពួកគេ​ទាំង​៥​នឹងមាន​សេរីភាព។ ​ទី​២) បើ​ព្រះរាជអាជ្ញា​ចោទប្រកាន់​ពីបទ​ល្មើស​ណាមួយ នោះ​សំណុំរឿង​នឹងត្រូវ​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត​។

សូមបញ្ជាក់ថា មន្រ្តីអាដហុកទាំង៤រូប រួមមាន៖ លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក, លោក ណៃ វ៉ងដា អនុប្រធានផ្នែក​ស៊ើបអង្កេត សមាគមអាដហុក, និង លោកស្រី លឹម មុនី មន្រ្តីអង្កេតជាន់ខ្ពស់អាដហុក, និងមួយរូបទៀត គឺលោក នី ចរិយា អគ្គលេខាធិការ គ.ជ.ប។

កាលពី​រសៀល​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៦ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ​បាន​បញ្ជូន​មន្ត្រី​អាដហុក​ និង​មន្ត្រី​គ​.​ជ​.​ប ខាងលើ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​លើក​ទី​១ ប៉ុន្តែ​ពួកគេ​មាន​វត្តមាន​នៅក្នុង​តុលាការ​តែ​ជាង​១០​នាទី​ប៉ុណ្ណោះ ក៏​ត្រូវបាន​នាំខ្លួន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុ​រលួយ​វិញ​។ តមកទៀត នៅពេល​ព្រឹក ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០១៦​ អ្នក​ទាំង​៥ ត្រូវបាន​នាំខ្លួន​ទៅកាន់​តុលាការ​ជា​លើក​ទី​២​។ ក្រោយពី​បញ្ចប់​ការសាកសួរ​ជន​ទាំងនោះ​អស់​រយៈពេល​ជាង​១១ម៉ោង ដោយ​មិនទាន់​ធ្វើការ​ចោទប្រកាន់ តុលាការក៏​បញ្ជូន​ពួកគេ​ទៅកាន់​ ACU នៅ​ម៉ោង​ប្រហែល​៧​និង​៣០នាទី​យប់​។ រហូតដល់​ព្រឹកថ្ងៃទី​២ ខែឧសភា​នេះ មន្ត្រី​អាដហុក ​និង​មន្ត្រី​គ​.​ជ​.​ប រួមទាំង​មេធាវី​ការពារ​ក្តី កំពង់​តែមាន​ស្ថិតនៅក្នុង​តុលាការ​ជា​លើក​ទី​៣ ដើម្បី​ឲ្យ​តុលារ​បន្ត​នីតិវិធី​របស់ខ្លួន​។

សូមរម្លឹកផងដែរថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលមានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា បានចេញលិខិតចំហរមួយ ដោយបានសរសេររៀប​រាប់អំពីរឿងរ៉ាវ​ ដែលនាំឱ្យនាងលាក់បាំង មិនឆ្លើយការពិតប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងស្នេហា​ស៊ីជម្រៅជាមួយ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដោយក្នុងនោះពាក់ព័ន្ធនឹងអ្នកទាំង៥ខាងលើនេះ និងអ្នកដទៃផងដែរ៕

 

 

បណ្ដឹងកញ្ញា ខុម ចាន់តារាទី៖ មន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប ត្រូវACU បញ្ជូនទៅតុលាការជាលើកទី៣

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់