(ភ្នំពេញ)៖ ទីបំផុត អង្គភាពប្រឆាំងអំពើពុករលួយ (ACU )នៅព្រឹកថ្ងៃព្រហស្បតិ៍ នេះ បានប្រកាសនៅក្នុងកិច្ចប្រជុំថា អង្គភាព សម្រេចទទួលយកពាក្យបណ្តឹងក្រុមនិស្សិត ដើម្បីបើកការស៊ើបអង្កេតលើកញ្ចប់ទ្រព្យសម្បត្តិលោក​ កឹម សុខា បន្ទាប់ពីបានរកឃើញថា សម្លេងនៅក្នុងខែ្សអាត់ដែលបែកធ្លាយ គឺជាសម្លេងលោក កឹម សុខា និង ស្រីមុំ។ 

ដូចការគ្រោងទុក អង្គភាពប្រឆាំងអំពើពុករលួយ (ACU )នៅព្រឹកថ្ងៃទី២៤ ខែមីនានេះ បានប្រកាសលទ្ធផលការធ្វើកោសល្យវិច័យលើខ្សែអាត់សំឡេង ដែលគេចោទថា ជាសម្លេងលោក កឹម សុខា ជាមួយស្រីស្នេហ៍ ថាតើនឹងត្រូវបើកការស៊ើបអង្កេតលើករណីនេះ ឬយ៉ាងណា។

ទីបំផុត លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រមុខអង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសនៅក្នុងកិច្ចប្រជុំថា អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចទទួលយកពាក្យបណ្តឹងក្រុមនិស្សិត ដើម្បីបើកការស៊ើបអង្កេតលើកញ្ចប់ទ្រព្យសម្បត្តិលោក​ កឹម សុខា បន្ទាប់ពីបានរកឃើញថា សម្លេងនៅក្នុងខែ្សអាត់ដែលបែកធ្លាយ គឺជាសម្លេងលោក កឹម សុខា និង ស្រីមុំ។ លោក​បានបញ្ជាក់ថា ទាំងក្នុងសម្លេងខ្សែអាត់ និងសម្លេងខាងក្រៅជាមនុស្សតែមួយ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ការសម្រេចបើកការស៊ើបអង្កេតលើកញ្ចប់ទ្រព្យសម្បត្តិលោក​ កឹម សុខា ដើម្បីស្វែងរកថា តើលោក កឹម​ សុខា ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយឬទេ ដូចលឺក្នុងខ្សែអាត់សម្លេង។ លោក កឹម សុខា បានប្រកាសទ្រព្យសម្បតិ្តចំនួន៣ដង លើកទី១ នៅឆ្នាំ២០១១ លើកទី២ ឆ្នាំ២០១៣ និងលើកទី៣ នៅឆ្នាំ២០១៥ ប៉ុន្តែលោក កឹម សុខា បានចូលខ្លួនមកប្រកាសតាមការកំណត់របស់ច្បាប់ មិនខុសនិតិវិធីនោះទេ។ ជាមួយគ្នានេះ​ លោក ឱម យ៉ិនទៀង​ ឲ្យដឹងថា ​ខ្សែអាត់សំឡេងឆ្លើយឆ្លង​រវាងលោក កឹម សុខា និងនារីម្នាក់ ​ដែលត្រូវបានគេផ្សព្វផ្សាយតាមបណ្តាញ ​Facebook នោះ អាចយកជា​ភស្តុតាងបាន។

សូមរម្លឹកថា កាលព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ អង្គភាពប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំពិភាក្សា ជុំវិញពាក្យបណ្តឹងក្រុមនិស្សិត ដែលបានធ្វើឡើង​កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ដោយស្នើឱ្យ ACU ស្រាវជ្រាវអំពើពុករលួយតាមរយៈសំឡេងខ្សែអាត់ ដែលគេសង្ស័យថាជារបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិនោះ។

លោក ឱម យ៉ិនទៀង បានអះអាងថា បើតាមផ្លូវច្បាប់មានន័យថា លោក កឹម សុខា បានទទួលស្គាល់សំឡេង នៅក្នុងខ្សែអាត់នោះទៅហើយ ដោយសារតែលោកពុំបានចេញមុខបដិសេធអ្វីសោះ នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម Facebook បានផ្សព្វផ្សាយជាបន្តបន្ទាប់ ចោទទៅលើរូបលោក។ ចំពោះរឿងនេះ លោក ឱម យ៉ិនទៀង បានលើកឡើងនៅក្នុងកិច្ចពិភាក្សាលើបណ្តឹងនេះថា សារព័ត៌មានមិនមានកំហុសនោះទេ ក្នុងការផ្សព្វផ្សាយសំឡេងខ្សែអាត់នោះ ពីព្រោះសំឡេងនោះបានមកពីប្រភពទី៣ ដែលជាអ្នកថតសំឡេងបានផ្តល់ឱ្យ។

ជុំវិញរឿងអាស្រូវស្នេហារបស់លោក កឹម សុខា នេះដែរ អគ្គលេខាធិការនៃ​អគ្គលេខាធិការដ្ឋាន​​រដ្ឋសភា តាមរយៈលិខិត​មួយ​ចុះថ្ងៃទី​២១ ​ខែមីនា ​ បាន​សម្រេច​ស្នើ​ឲ្យ​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ឆ្លើយបំភ្លឺ​ចំពោះ​​រឿង​អាស្រូវ​ស្នេហា​របស់​លោក ដែល​បាន​បែកធ្លាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ទៅតាមញតិ្តរបស់ក្រុមយុវជន ផងដែរ​។

យ៉ាងណាក៏ដោយ ខណៈសង្គមស៊ីវិល ចាត់ទុកការលូកដៃពីសំណាក់ ACU និងរដ្ឋសភា ថាជាការដាក់សម្ពាធទៅលើគណបក្សសង្រ្គោះជាតិ នោះ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សនេះ ក៏បានបញ្ចេញអារម្មណ៍អស់សំណើច ផងដែរ ចំពោះសំណើរបស់អនុប្រធានទី២ រដ្ឋសភា លោក ងួន ញិល អញ្ជើញប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា ទៅបំភ្លឺនៅចំពោះមុខរដ្ឋសភា ជុំវិញបញ្ហារឿងរ៉ាវស្នេហាស្រីក្មេង៕

 

ទីបំផុត ACU សម្រេចទទួលយកពាក្យបណ្តឹងក្រុមនិស្សិត ដើម្បីបើកការស៊ើបអង្កេតលើកញ្ចប់ទ្រព្យសម្បត្តិលោក កឹម សុខា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់