ប្រមុខគណបក្សសង្រ្គោះជាតិ លោក​សម រង្ស៊ី ថ្មីៗនេះ មានការលើកឡើងថា គណបក្សរបស់លោក នឹងជាប់ឆ្នោតនៅអាណត្តិក្រោយ គឺនឹងទទួលបាន ៦២កៅអី។ ទន្ទឹមមានក្ដីរំពឹងយ៉ាងនេះប្រមុខគណបក្សប្រឆាំងរូបនេះ រម្លឹកថាលោក ធ្លាប់បានបណ្ដេញចេញពី​រដ្ឋ​សភា ៤ លើកហើយ ដោយការបណ្ដេញលើកទី១ នៅឆ្នាំ១៩៩៥។ នេះបើយោងតាមហ្វេសបុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី១៨ ខែធ្នូ។

លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទ្ទេស​ខ្លួន នៅក្រៅ​ប្រទេស នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ បានលើកឡើង​ពី​ជីវិត​នយោបាយ​របស់លោក ចាប់ពី​១៩៩៣​។ លោក​សមរង្ស៊ី ក៏បាន​នឹក​គិតថា នៅ​ឆ្នាំ​២០១៨ គណបក្សប្រឆាំង​របស់​លោក នឹង​ឈ្នះឆ្នោត​។ លោក​សមរង្ស៊ី បាន​លើកឡើងថា លោក​ត្រូវបាន​បណ្តេញ​ចេញពី​រដ្ឋ​សភា ៤ លើក​មកហើយ​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក លោក​សមរង្ស៊ី លើកឡើងថា ចំនួន​តំណាងរាស្ត្រ​គណបក្សប្រឆាំង ក្នុង​រដ្ឋសភា បាន​កើនឡើង​ជានិច្ច​៖ គឺកាលពីអាណ​ត្ដិ ទី​១ (១៩៩៣-១៩៩៨) មាន១ នាក់​គត់ គឺលោក សម រង្ស៊ី ខ្លួនឯងផ្ទាល់​។ លោកបន្តថា លោកត្រូវគេ​បណ្តេញ​ចេញពី​រដ្ឋសភា ជា​លើក​ទី​១ នៅ​ឆ្នាំ ១៩៩៥​។​ នៅអាណ​ត្ដិ ទី ២ (១៩៩៨-២០០៣) មាន ១៥ នាក់ ជា​សមាជិក គណបក្ស​សមរង្ស៊ី​។​ អាណ​ត្ដិ ទី ៣ (២០០៣-២០០៨) មាន២៤ នាក់ ជា​សមាជិក គណបក្ស​សមរង្ស៊ី​។ បើតាមការបញ្ជាក់ពីលោកសម រង្ស៊ី លោកត្រូវគេ​បណ្តេញ​ចេញពី​រដ្ឋសភា ជា​លើក​ទី​២ ពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០០៦​។​ តមកទៀត ពោលគឺនៅអាណ​ត្ដិ ទី ៤ (២០០៨-២០១៣) មាន ២៩ នាក់ ជា​សមាជិក គណបក្ស​សមរង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស​។ លោកថា លោកត្រូវគេ​បណ្តេញ​ចេញពី​រដ្ឋសភា ជា​លើក​ទី​៣ នៅ​ឆ្នាំ ២០១១​។​ ហើយនៅចុងក្រោនេះ អាណ​ត្ដិ ទី ៥ (២០១៣-២០១៨) មាន ៥៥ នាក់ ជា​សមាជិក គណបក្ស​សង្គ្រោះ​ជាតិ​។ សម រង្ស៊ី ត្រូវគេ​បណ្តេញ​ចេញពី​រដ្ឋសភា ជា​លើក​ទី​៤ នៅ​ឆ្នាំ ២០១៥​នេះ​។​

គួរបញ្ជាក់ថា ក្រៅពីការរម្លឹកពីប្រវត្តិធ្លាប់ត្រូវបានបណ្ដេញចេញពីរដ្ឋសភា លោកសម រង្ស៊ី នៅលើទំព័រហ្វេសបុក កាលពីថ្ងៃទី១៨ ខែធ្នូដដែល បានដាក់ក្ដីរំពឹងថា គណបក្សរបស់លោក នឹងជាប់ឆ្នោតនៅអាណត្តិក្រោយ គឺនឹងទទួលបាន ៦២កៅអី។

លោក​សមរង្ស៊ី បាន​លើកឡើង ដោយសំអាងថា “​អាណ​ត្ដិ ទី ៦ (២០១៨-២០២៣) ៖ បើ គ​.​ជ​.​ប​. ត្រឹមត្រូវ​ជាង​មុន យ៉ាងតិច ៦២ នាក់ ជា​សមាជិក គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ ដែល​ប្រជារាស្ត្រ​ខ្មែរ​ចង់បាន​”​។​

​យ៉ាងណាក៏ដោយ ភ្លាមៗក្រោយពីការប្រកាសរបស់លោកសម រង្ស៊ី យ៉ាងដូច្នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត នៅព្រលប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ថា ការលើកឡើងរបស់លោក សម រង្ស៊ី គ្រាន់តែជាការយល់សប្តិ និងស្រម៉ៃ ហើយក៏គ្មានអ្វីចម្លែកនោះដែរ ត្បិតគ្រប់គូប្រកួតទាំងអស់ តែងស្រម៉ៃចង់បានជ័យជម្នះជានិច្ចនៅមុនការប្រកួត តែការពិតយ៉ាងណានោះ គឺរង់ចាំដល់ថ្ងៃប្រកួតជាក់ស្តែង៕

ទន្ទឹមនឹងសង្ឍឹមថា នឹងជាប់ឆ្នោតនៅអាណត្តិក្រោយ ប្រមុខគណបក្សប្រឆាំង រម្លឹកថាលោក ធ្លាប់បានបណ្ដេញចេញពីរដ្ឋសភា ៤ លើកហើយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់