ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ថ្ងៃទី១ នៅថ្ងៃម្សិលមិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​សម្ដេច ហ៊ុន សែន ជម្រុញឲ្យវិនិយោគគិនថៃ មកវិនិយោគនៅកម្ពុជាបន្តទៀត បន្ថែមលើនេះ សម្ដេចនាយករដ្ឋមន្រ្តី ក៏ស្នើឲ្យមានការយកចិត្តទុកដាក់ថែទាំពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ, នេះបើតាមសំណេរនៅលើទំព័រហ្វេសបុក របស់ សម្ដេច ហ៊ុន​សែន។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន​សែន តាមរយៈសំណេរលើទំព័រហ្វេសបុកផ្លូវការរបស់លោក នៅព្រឹកថ្ងៃសៅរ៍ បានលើកឡើងថា ទស្សនះកិច្ចផ្លូវការពីម្សិលមិញ្ញត្រូវបានបញ្ចប់ជាមួយនឹងលទ្ធផលប្រកបដោយផ្លែផ្កា។

តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍ថា “​នៅ​រសៀល​ថ្ងៃទី ១៨ ខែ ធ្នូ លោក បាន​ជួប​ជាមួយ​មេដឹកនាំ និង​តំណាង​ធុរកិច្ច​សំខាន់ៗ​របស់​ប្រទេស​ថៃ ដើម្បី​ជម្រាបជូន​នូវ​ព័ត៌មាន​មួយចំនួន អំពី​សភាពការណ៍​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដើម្បី​គៀរគរ​ទាក់ទាញ និង​ជំរុញ​វិនិយោគិន​ថៃ​ទៅ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។ បន្ទាប់ពី​បាន​ជួបសំណេះសំណាល​ជាមួយ​តំណាង និង​មេដឹកនាំ​ធុរកិច្ច​សំខាន់ៗ​មួយចំនួន​នៅ​បន្ទប់​ដាច់ដោយឡែក ​រួច​ហើយ សម្តេច​នាយករដ្ឋមន្រ្តី បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង វេទិកា​ធុរកិច្ច​កម្ពុជា​ថៃ ដែលមាន​ក្រុមហ៊ុន​ថៃ​ជាង ៣០០ នាក់​ចូលរួម នៅ​សណ្ឋាគារ Dusit Thani, Bangkok Thailand ។

សម្ដេច ហ៊ុន សែន លើកឡើងបន្តថា សព្វថ្ងៃ ប្រទេសកម្ពុជា​មាន​ស្ថេរភាព​នយោបាយ មាន​សន្តិភាព មាន​សន្តិសុខ កំណើនសេដ្ឋកិច្ច​ល្អប្រសើរ​ក្នុង​រយះពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ​។ កម្ពុជា​ចង់ឃើញ​វិ​យោគិន​ថៃ​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់​នៅក្នុង​ប្រទេស​កម្ពុជា​។ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ក៏បាន​សន្យា​ជំរុញ​ឲ្យ​កំណើន​វិនិយោគ កើនឡើង​ដល់​១៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២០​។ សម្តេច ហ៊ុន សែន សង្ឃឹមលើ​ដៃគូ​ថៃ ជាពិសេស​វិស័យ​ឯកជន ក្នុងការ​ពង្រីក​ការបណ្ដាក់ទុន​ជាច្រើន​ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។

ដោយឡែក ក្រៅពីការជម្រុញឲ្យវិនិយោគគិនថៃ មកវិនិយោគនៅកម្ពុជាបន្ថែមទៀត សម្ដេចនាយករដ្ឋមន្រ្តី ក៏បានស្នើឲ្យមានការយកចិត្តទុកដាក់ថែទាំពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ។

តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅព្រឹកថ្ងៃសៅរ៍នេះ ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា រាល់ការសន្ទនា លោក មិនភ្លេចលើកឡើង អំពីពលករកម្ពុជា ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ដែលបានស្នើឲ្យភាគីថៃ យកចិត្តទុកដាក់ជួយ ថែទាំ និងខិតខំរួមគ្នាដើម្បីលប់បំបាត់ពួកជួញដូរមនុស្ស និងកេងប្រវញ្ច័កម្លាំងពលកម្ម»។

យ៉ាងណាក៏ដោយ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​កដដែល សម្តេច ហ៊ុន សែន សូមការយោគយល់អាធ្យាស្រ័យពីសំណាក់បងប្អូនពលករ និងនិស្សិតកម្ពុជាដែលកំពុងសិក្សា និងធ្វើការក្នុងប្រទេសថៃ ដែលសម្តេចពុំមានលទ្ធភាពរៀបចំការជួបសណេះសំណាលបាន អាស្រ័យដោយពុំមានពេលវេលាគ្រប់គ្រាន់។

សូមជម្រាបថា នាព្រឹកថ្ងៃ​សុក្រ ទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​ ហ៊ុនសែន នាយករដ្ឋមន្ត្រី បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុម​អ្នកជំនួញ​កម្ពុជា ចេញពី​ភ្នំពេញ ទៅកាន់​ទីក្រុង​បាងកក ដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨ និង​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ នាយករដ្ឋមន្រ្តីកម្ពុជា និង​ នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នឹង​អញ្ជើញ​ជា​សហប្រធាន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះកម្ពុជា​-​ថៃ លើក​ទី​២ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ ជាកិច្ចប្រជុំ​ ​ដើម្បី​ពិនិត្យ​បញ្ហា​នយោបាយ និង​សន្តិសុខ សេដ្ឋកិច្ច សង្គម វប្បធម៌ និង​អប់រំ ​៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា ជុំវិញរបៀបវារៈ​អំឡុងដំណើរទស្សនកិច្ចពីរថ្ងៃ របស់សម្ដេច ហ៊ុន សែន នៅប្រទេសថៃ៖

PM Hun Sen-Thailand

ទន្ទឹមនឹងការជម្រុញឲ្យវិនិយោគគិនថៃ មកវិនិយោគនៅកម្ពុជា សម្ដេច ហ៊ុន សែន ស្នើឲ្យមានការយកចិត្តទុកដាក់ថែទាំពលករខ្មែរ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់