(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ កាលពីរសៀលថ្ងៃទី២៦ ខែមេសា បានបើកកិច្ចប្រជុំរួម ជាមួយតំណាងពាក់ព័ន្ធជាច្រើននាទីស្តីការក្រសួង សម្រាប់ស្នើសុំលើកលែងទោស និងបន្ធូបន្ថយទោស ដល់ទណ្ឌិតចំនួន២៩៤នាក់ នៅក្នុងថ្ងៃបុណ្យពិសាខបូជាខាងមុខ។

កិច្ចប្រជុំនេះ ដឹកនំាដោយលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការថ្នាក់ជាតិ ពិនិត្យនិងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោស ព្រមជាមួយតំណាងមកពីក្រសួងមហាផ្ទៃ និងគណៈកម្មាធិការវាយតម្លៃជាច្រើនរូបទៀតចូលរួម។

លោក អង្គ វង្សវឌ្ឍានា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះបានធ្វើឡើងសម្រាប់បើកកិច្ចប្រជុំស្នើសុំលើកលែងទោសបន្ធូបន្ថយទោសក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរកន្លងមក និងថ្ងៃពិសាខបូជាខាងមុខ ហើយចំនួនអ្នកទោសដែលនឹងនាំយកមកពិចារណាអាចមានច្រើនជាងនាពេលកន្លងមក។

លោករដ្ឋមន្រ្តី បញ្ជាក់ដូច្នេះថា “ដោយសារកន្លងមកក្រសួងជាប់រវល់ ហេតុនេះកិច្ចប្រជុំសម្រាប់ស្នើសុំលើកលែងទោស បន្ធូបន្ថយទោសសម្រាប់បុណ្យចូលឆ្នាំខ្មែរកន្លងមកបានពន្យាពេល តែពេលនេះយើងធ្វើសរុបចូលគ្នាជាមួយថ្ងៃពិសាខបូជាតែម្តង”។

សូមបញ្ជាក់ថា កិច្ចប្រជុំស្នើសុំលើកលែងទោសបន្ធូបន្ថយទោសដល់ទណ្ឌិត នឹងត្រូវធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ។ ចំពោះអ្នកទោសយកមកពិចារណាស្នើសុំលើកលែងទោសបន្ធូបន្ថយទោសថ្ងៃបុណ្យពិសាធបូជា មានចំនួន២៩៤នាក់ មកពីខេត្តចំនួន១២។

ការលើកលែងទោសនិងបន្ធូបន្ថយទោសដល់ទណ្ឌិតទូទាំងប្រទេស តែងត្រូវបានធ្វើឡើងបីលើកក្នុងមួយឆ្នាំដែលក្នុងនោះមានបុណ្យចូលឆ្នាំថ្មី ពិសាខបូជា និងបុណ្យអ៊ុំទូក។ សម្រាប់ទណ្ឌិតដែលនឹងត្រូវបានលើកលែងទោស មានទាំងប្រព្រឹត្តិបទល្មើសមជ្ឈឹមដល់ឧក្រិដ្ឋ ប៉ុន្តែយ៉ាងណាអ្នកទោសដែលត្រូវបានគណៈកម្មាធិការលើកយកមកវាយតម្លៃនេះ ចាំបាច់ត្រូវអនុវត្តទោសយ៉ាងហោចណាស់២ភាគ៣ ហើយពិសេសមានការអនុវត្តខ្លួនបានល្អអំឡុងពេលជាប់ពន្ធនាគារ៕

 

ទណ្ឌិតជិត៣០០នាក់ ត្រូវក្រសួងយុត្តិធម៌ប្រជុំពិភាក្សាលើកលែង និងបន្ធូបន្ថយទោស ក្នុងឱកាសបុណ្យពិសាខបូជា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់