(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានស្នើឲ្យនាយករដ្ឋមន្រ្តី សម្ដេច ហ៊ុន សែន ជួយអន្តរាគមន៍ដើម្បីឈានដល់ការដោះលែង យុវជន គង់ រ៉ៃយ៉ា ដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធរឿងអំពាវនាវប្រមូលគ្នាធ្វើបដិវត្តន៍ពណ៌ ប្រឆាំងរដ្ឋាភិបាល កាលពីឆ្នាំមុន។ 

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានទទូចស្នើដល់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ជួយអន្តរាគមន៍ដើម្បីឈានដល់ការដោះលែង យុវជន គង់ រ៉ៃយ៉ា និស្សិតឆ្នាំសិក្សាមូលដ្ឋាន នៃសាកលវិទ្យាល័យខេមរៈ ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីអំពាវនាវប្រមូលគ្នា ធ្វើបដិវត្តន៍ពណ៌ លើបណ្តាញសង្គម Facebook ។

នៅលើបណ្តាញសង្គម Facebook លោក ពេជ្រ ស្រស់ បានសរសេរថា «សូមគោរពសម្តេច ហ៊ុន សែន ខ្ញុំបាទ ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា សូមសម្តេចមេត្តាជួយអន្តរាគមន៍ចំពោះរឿងក្តីលើយុវជនគង់ រ៉ៃយ៉ា ដែលតុលាកាចោទប្រកាន់ពីបទ ញុះញង់ធ្វើបដិវត្តន៍ពណ៌ ដោយសកម្មភាពរបស់យុវជន គង់ រ៉ៃយ៉ា មិនបានឆ្លុះបញ្ចាំងគ្រប់លក្ខណៈ ដូចដែលតុលាកាចោទប្រកាន់ឡើយ។ ក្នុងនាមខ្ញុំជាយុវជនម្នាក់ ចង់ឃើញការអនុវត្តច្បាប់ នៅកម្ពុជា អោយមានយុត្តិធម៌បំផុត យុវជន គង់ រ៉ៃយ៉ា គ្មានកំហុសឡើយគ្រាន់តែយុវជនរូបនេះ បញ្ចេញមតិជ្រុលបន្តិចបន្ទួច ក្នុងន័យនេះសូមសម្តេច មេត្តាផ្តល់យុត្តិធម៌ជូនយុវជន គង់ រ៉ៃយ៉ាផង»។

គួរកត់សម្គាល់ថា ការលើកឡើងរបស់ លោក ពេជ្រ ស្រស់ ពេលនេះ ធ្វើឡើងខណៈដែល តុលាការគ្រោងប្រកាសសាលក្រមនៃសំណុំរឿង យុវជន គង់ រ៉ៃយ៉ា នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ។

សូមរម្លឹកថា យុវជន គង់ រ៉ៃយ៉ា ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ក្រោមការចោទប្រ កាន់ពីបទ “ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីរូបគេ បានបង្ហោះនៅលើបណ្តាញសង្គម Facebook ដោយអំពាវនាវប្រមូលគ្នាធ្វើបដិវត្តពណ៌។ យុវជនរូបនេះ បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ»។

កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ លើសំណុំរឿងរបស់ គង់ រ៉ៃយ៉ា។ នៅចំពោះមុខចៅក្រមជំនុំជម្រះ គង់ រ៉ៃយ៉ា បានទទួលស្គាល់ទោសកំហុសរបស់ខ្លួនថា ពិតជាបានអំពាវនាវឲ្យធ្វើបដិវត្តន៍ពណ៌ ប្រឆាំងរាជរដ្ឋាភិបាល តាមបណ្តាញទំនាក់ទំនងសង្គម Facebook មែន ប៉ុន្តែរូបគេបានស្នើឲ្យតុលាការ បន្ធូរបន្ថយទោសដល់រូបគេ។

ជុំវិញរឿងនេះដែរ កាលពីថ្ងៃទី១៤ ខែមីនាម្សិលមិញ មិត្តភក្តិរបស់គង់ រ៉ៃយ៉ា មួយក្រុម ក៏បានធ្វើលិខិតស្នើ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីឱ្យជួយអន្តរាគមន៍ជួយដោះលែងដល់មិត្តភក្តិរបស់គេដែរ។ ក្រុមមិត្តរួមថ្នាក់របស់ រ៉ៃយ៉ា បានលើកឡើងអំពីអំពើល្អរបស់ជនជាប់ចោទ ក្នុងការប្រាស្រ័យទាក់ទងនឹងមិត្តរួមថ្នាក់ ក៏ដូចជា អ្នកនៅជុំវិញ ហើយការពារដល់រ៉ៃយ៉ាថា មិនមានចេតនាក្នុងការធ្វើបដិវត្តន៍ពណ៌ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជានោះទេ៕

ថ្នាក់ដឹកនាំគណបក្សយុវជន ស្នើនាយករដ្ឋមន្រ្តីជួយអន្តរាគមន៍ ដោះលែងយុវជនដែលអំពាវនាវធ្វើបដិវត្តន៍ពណ៌

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់