រាជធានី​ភ្នំពេញ​៖ ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល​យ៉ាង​ច្រើន​កុះករ​នោះ ​គឺ​ដោយសារ​តែ​បុរស​ជន​ជាតិ​ចិន​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ថៅកែ​សណ្ឋាគារ​ផ្លេ​ធី​ណឹម​បាយ​​ បាន​វាយ​បុគ្គលិក​​និង​ថែម​ទាំង​​ទាញ​កាំបិត​ដេញ​គប់​បុគ្គលិក ​ដល់​ខាង​ក្រៅ​សណ្ឋាគារ វិះនឹងត្រូវ​សមត្ថកិច្ច​ផ្នែក​អន្តរាគមន៍​ កំពុង​ចត​ម៉ូតូ​ឈប់​ស្ងៀម​នៅ​កន្លែង​កើតហេតុ​ថែម​ទៀត​ផង។
ហេតុការណ៍​នេះ​ បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​នៅ​មុខ សណ្ឋាគារ​ផ្លេ​ធី​ណឹម​បាយ​​ ​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។
ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់ ដែល​ថា​ខ្លួន​ជា​សមត្ថកិច្ច​អន្តរាគមន៍​ស្លៀកពាក់​ស៊ីវិល បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ រូប​គាត់​និង​មិត្តភ័ក្ដិ​ម្នាក់​ទៀត​ បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​​មុខ​​សណ្ឋាគារ​ផ្លេ​ធី​ណឹម​បាយ​​ មួយ​សន្ទុះ​ក្រោយ​មក​គាត់​ក៏​បាន​ឃើញ​បុគ្គលិក​៤​ទៅ​៥​នាក់ បាន​នាំ​គ្នា​រត់​ចេញ​ពី​ក្នុង​សណ្ឋាគារ ថែម​ទាំង​មាន​បុរស​ជន​ជាតិ​ចិន​ម្នាក់ ដែល​គេ​ស្គាល់​ថា​ ជា​ថៅកែ​​បាន​ដេញ​តាម​ពី​ក្រោយ​ និង​មាន​កាន់​កាំបិត​​ប៉័ងតោ​ថែម​ទៀត​ផង។
ប្រភព​ដដែល​បន្ត​ថា​ ភ្លាម​ៗ​នោះ​ បុរស​ជន​ជាតិ​ចិន​ខាង​លើ បាន​យក​កាំបិត​ដែល​កំពុង​កាន់​នៅ​ក្នុង​ដៃ​គប់​មក​លើ​បុគ្គលិក សំណាង​ល្អ​មិន​ត្រូវ និង​ខ្ទាត​កាំ​ប៉ិត​វិះនឹងត្រូវ​​រូប​គាត់​ផង​ដែរ​ មិន​តែ​ប៉ុណ្ណោះ​គេ​ថែម​ទាំង​បាន​យក​ដុំ​ថ្ម​គប់​មក​លើ​បុគ្គលិក​ទាំង​នោះ​ទៀត បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ដំណើរ​ និង​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​ នាំ​គ្នា​ចោមរោម​មើល​យ៉ាង​ច្រើន ទើប​គេ​ចូល​ទៅ​ខាង​ក្នុង​វិញ​បាត់​។
ក្រោយ​មក​បន្ទាប់​ពី​មាន​ការ​ភ្ញាក់ផ្អើល​នោះ គេ​បាន​ឃើញ​វត្តមាន​សមត្ថកិច្ច​មូលដ្ឋាន​ប្រមាណ​​ជា​៤​ទៅ​៥​នាក់​​ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ប៉ុន្តែ​បាន​ត្រឹម​តែ​ឈរ​មើល​តែ​ប៉ុណ្ណោះ ហាក់​ដូច​ជា​ខ្លាច​រអា​ និង​បុរស​ជន​ជាតិ​ចិន​ខាង​លើ សូម្បី​តែ​កាំបិត​​ប៉័ងតោ​ដែល​បុរស​ជន​ជាតិ​ចិន​គប់​បុគ្គលិក​នោះ​ ក៏​មិន​ឲ្យ​អ្នក​សារព័ត៌មាន​ថត​នោះ​ដែរ។​​
ទាក់ទិន​ទៅ​នឹង​ករណី​ខាង​លើ​នេះ គឺ​មិន​មាន​ប្រភព​ណា​មួយ​អាច​បញ្ជាក់​ថា​ មក​ពី​មូលហេតុ​អ្វី​ឲ្យ​ច្បាស់​នោះ​ទេ គឺ​គ្រាន់​តែ​បុគ្គលិក​ដែល​ត្រូវ​ថៅកែ​ជន​ជាតិ​ចិន​ដេញ​វាយ​នោះ​ នាំ​គ្នា​រត់​ចេញ​មក​ខាង​ក្រៅ និង​បាន​ស្រែក​ឲ្យ​គេ​ឯង​ជួយ​ថា​ ថៅកែ​ដេញ​វាយ ប៉ុន្តែ​ក្រោយ​មក​សួរ​នាំ​អ្វី​ក៏​មិន​ឆ្លើយ​ដែរ​ រួច​ក៏​ដើរ​ចូល​ទៅ​ក្នុង​វិញ សូម្បី​តែ​បុគ្គលិក​ផ្សេង​ទៀត​ ក៏​មិន​មាន​នរណា​ម្នាក់​ហ៊ាន​ប្រាប់​អ្វី​បន្ថែម​ទៀត​នោះ​ដែរ​៕
2015-05-19_071859
ថៅកែ​សណ្ឋាគារ​ផ្លេ​ធី​ណឹម​​បាយ ​​ទាញ​កាំបិត​ដេញ​គប់​បុគ្គលិក​​ផ្អើល​សមត្ថកិច្ច​បាន​ត្រឹម​​ឈរ​​មើល​

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់