(ភ្នំពេញ)៖ តំណាងសហជីព និងកម្មករជាង២០០នាក់ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ គ្រោងដង្ហែក្បួនឆ្ពោះទៅមុខរដ្ឋសភា ដើម្បីតវ៉ាមិនឲ្យអនុម័ត នូវសេចក្តីព្រាងច្បាប់សហជីព ប៉ុន្តែត្រូវបានកងកម្លាំង មានសមត្ថកិច្ច ហាមឃាត់ មិនឲ្យពួកគេចូលទៅបាននោះទេ។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ  បានមានប្រសាសន៍ប្រាប់ ក្រុមអ្នកសារព័ត៌មាន ថា មូលហេតុ ដែលនាំគ្នាមកនេះ ដោយសារសេចក្តីព្រាងច្បាប់នេះ នៅមានចំណុចខ្វះច្រើន ដែលមិនអាចឲ្យពួកគេ ទទួលយកបាន។

លោក ប៉ាវ ស៊ីណា ក៏ដូចជាសមាគមពាក់ព័ន្ធនានា នៅម៉ោង៩៖៥០នាទីព្រឹកថ្ងៃច័ន្ទ ទី៤ ខែមេសា ឆ្នាំ២០១៦នេះ បានធ្វើសន្និសីទកាសែត នៅមុខរូបសំណាកសម្ដេច ជួន ណាត ក្នុងគោលបំណង ជំរុញឲ្យរដ្ឋសភា កុំអនុម័ត និងពន្យាពេលពិភាក្សា សេចក្តីព្រាងច្បាប់ស្ដីពីសហជីព ដែលកំពុងមានភាព ចម្រូងចម្រាស់ដ៏ខ្លាំងក្លា។

សន្និសីទកាសែតនេះ ធ្វើឡើងបន្ទាប់ពីសម្ព័ន្ធ សហជីពចលនាកម្មករ លោកប៉ាវ ស៊ីណា ក៏ដូចជាសមាគម ពាក់ព័ន្ធនានា គ្រោងប្រមូលផ្ដុំគ្នា ដង្ហែញត្តិទៅកាន់មុខរដ្ឋសភា ដើម្បីបង្ហាញពីការចង់ បានរបស់ខ្លួន ប៉ុន្ដែត្រូវបានសមត្ថកិច្ច រារាំងមិនឲ្យចូល ទៅដល់គោលដៅ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៤ ខែមេសា នេះ រដ្ឋសភានៃកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៥ ក្រោមអធិបតីភាពរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង  សមាជិកជាច្រើនរូបទៀត តាម​របៀបវារៈសំខាន់ចំនួន៥ រួមមាន៖ ១) ព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៥។ ២) របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា តាមចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៥ និងលើកទី៦ នីតិកាលទី៥។ ៣) ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើសមាសភាពសមាជិករាជរដ្ឋាភិបាល ដែលត្រូវបានកែសម្រូល និងបំពេញបន្ថែមចំនួន២៦រូប។ ៤) ការបោះឆ្នោតជ្រើសតាំងសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញាចំនួន១រូប។ និង ៥) ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសហជីព។

របៀបវារៈដែលមានភាពចម្រូងចម្រាស់ គឺ៖ សេចក្តីព្រាងច្បាប់ស្តីពីសហជីព និង របៀបវារៈ ការបោះឆ្នោតគាំទ្រលើសមាសភាព សម្រាប់ការរុះរើគណៈរដ្ឋមន្រ្តី។ បើទោះយ៉ាងនេះក្ដី សម្តេច ហ៊ុន សែន បានថ្លែងនៅក្នុងកិច្ចប្រជុំសភា លើកទី៦នីតិការទី៥ នាព្រឹកនេះ ថា៖ “សម្ដេចមិនត្រូវការ សំឡេងគាំទ្រ ពីសមាជិកសភា​ គណបក្សសង្រ្គោះជាតិ(CNRP) ដើម្បីអនុម័តការរុះរើ គណៈរដ្ឋមន្រ្តីនោះទេ”៕

 

តំណាងសហជីព និងកម្មករជាង២០០នាក់ ត្រូវរារាំង មិនឲ្យហែក្បួនឆ្ពោះទៅមុខរដ្ឋសភា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់