(ភ្នំពេញ)៖ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ៥៣រូបក្នុងចំណោម៥៥រូប បានដាក់លិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី ដោយបានទូលថ្វាយពីស្ថានការណ៍នយោបាយនៅកម្ពុជា និងស្នើសុំព្រះរាជអន្តរាគមន៍ឲ្យបន្ថយកម្តៅនយោបាយ។

ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ តំណាងរាស្រ្តបក្សប្រឆាំងបានលើកឡើងថា នាពេលថ្មីៗនេះ មានការចាប់ខ្លួនអ្នកនយោបាយ សកម្មជនការពារបរិស្ថាន សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្រ្ត ហើយមានការរឹតត្បិតអង្គការសង្គមស៊ីវិល និងសហជីព តាមរយៈការធ្វើច្បាប់អង្គការ សហជីព ការគំរាមកំហែងមន្រ្តីសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួន។ គណបក្សប្រឆាំងនេះ ចាត់ទុកថាករណីទាំងនេះបណ្តាលឲ្យស្ថានការណ៍នយោបាយនៅកម្ពុជាបច្ចុប្បន្នមាន សភាពកាន់តែធ្ងន់ធ្ងរទៅៗ ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងនីតិរដ្ឋ ដែលធានាដោយរដ្ឋម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

តំណាងរាស្រ្តបក្សប្រឆាំង បញ្ជាក់ថា៖ “ស្ថានការណ៍ដុនដាបពេលនេះ បើគ្មានដំណោះស្រាយទាន់ពេលវេលានោះទេ នឹងធ្វើឲ្យប្រទេសកម្ពុជាដើរថយក្រោយវិលទៅរកអតីតកាលជាមិនខាន ដោយសារស្ថាប័នជាតិកំពូលៗ ដូចជាស្ថាប័នសភា ស្ថាប័នតុលាការ និងស្ថាប័នរដ្ឋមួយចំនួនមានដំណើរការមិនប្រក្រតី និងបាត់បង់ឯករាជ្យភាពរបស់ខ្លួន”។

សូមរម្លឹកថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិប្រមាណ៤០រូប បានដាក់លិខិតមួយថ្វាយព្រះមហាក្សត្រ សុំឲ្យព្រះអង្គព្រះរាជអន្តរាគមន៍ ករណីចាប់ខ្លួនតំណាងរាស្រ្តបក្សប្រឆាំង មណ្ឌលសៀមរាប លោក អ៊ុំ សំអាន ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរឿងប្រើប្រាស់ផែនទីក្លែងក្លាយ តែគ្មានលទ្ធផលវិជ្ជមាន នោះទេ។

រហូតមកដល់នេះ សកម្មជននិងតំណាងរាស្រ្ត របស់គណបក្សសង្រ្គោះជាតិ១៥នាក់ហើយ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ខណៈលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក៏កំពុងជាប់ពាក្យបណ្តឹងនៅតុលាការ ទាក់ទងនឹងរឿងខ្សែអាត់សំឡេងស្រីកំណាន់ និងអាចប្រឈមនឹងការចាប់ខ្លួន ទៀតផង។

ទោះជាយ៉ាងណា សម្ដេច ហ៊ុន សែន ធ្លាប់បានអះអាងថាការចាប់ខ្លួនលោក អ៊ុំ សំអាន ត្រឹមត្រូវតាមនីតិវិធីច្បាប់ចំពោះករណីព្រហ្មទណ្ឌជាក់ស្តែង ដោយថាតំណាងរាស្រ្តរូបនោះបានញុះញង់បង្កឲ្យមានភាពស្មុគស្មាញនិងមានជម្លោះជាមួយប្រទេសជិតខាង។ ជាមួយគ្នានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់មានប្រសាសន៍ថា គណបក្សនឹងមិនចរចាជាមួយគណបក្សសង្រ្គោះជាតិ រឿងការដោះលែងមនុស្សនោះទេ ដោយចាត់ទុកថាការចាប់ខ្លួនសកម្មជននិងតំណាងរាស្រ្តបក្សប្រឆាំង ជារឿងរបស់តុលាការ៕

បក្សប្រឆាំង

តំណាងរាស្រ្តបក្សប្រឆាំង៥៣រូប ទូលថ្វាយព្រះមហាក្សត្រពីស្ថានការណ៍នយោបាយ នៅកម្ពុជា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់