ចាប់តាំងពីមានការបោះបង្គោលព្រំដែន កម្ពុជាវៀតណាម កន្លងមក ប្រជាពល​រដ្ឋខ្មែរ​ដែល​រស់នៅតាមតំ​បន់ព្រំដែន តែងមានបញ្ហាកើត​ឡើង​ជាញឹកញាប់រវាងប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតំបន់នោះជាមួយនឹងអាជ្ញាធរ វៀតណាម ។ក្នុងនោះ ដីស្រែចម្ការរបស់ពលរដ្ឋខ្មែរមួយចំនួន ត្រូវបានគ្រប់គ្រងដោយអាជ្ញាធរវៀតណា។នេះបើយោងតាមលិខិតរបស់របស់ក្រុមអ្នកតំណាង រាស្ត្រគណបក្សសង្គ្រោះជាតិផ្ញើរទៅកាន់ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា។

តាមរយៈលិខិតរបស់តំណាងរាស្រ្ត​ បាន​ឲ្យ​ដឹង​ថា ​ចាប់តាំងពីមាន​ការ​បោះ​បង្គោល​ព្រំដែន​ រវាង​ប្រទេស​កម្ពុជា-វៀតណាម រួចមក ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​តាម​បណ្តោយ​ព្រំដែន​ ដែលមានភូមិករ​ស្រែ​ចម្ការ​ និង​រស់​នៅ​កាន់កាប់​ដីធ្លី​តាំង​ពីដូន​តារៀងមក ត្រូវបាន​បាត់បង់ដី​ របស់ពួកគាត់ ហើយបច្ចុប្បន្ន​ដី​ទាំងនោះ​ត្រូវ​​បាន​គ្រប់​គ្រង​កាន់​កាប់​ដោយ​ប្រទេស​វៀតណាម​។

ជាក់ស្ដែង ក្នុងករណីថ្ងៃទី ១៩ មេសា ស្ថិតនៅតំបន់ជាំប្រាំល្វែង ភូមិជើង ឃុំជា ស្រុក​មេមត់ ខេត្ត​ ត្បូងឃ្មុំ  អាជ្ញាធរ និង ​ពលរដ្ឋ​វៀតណាម បាន​នាំគ្នាបំពានលើដែនដីកម្ពុជា ដោយ​យក​ថ្នាំពុល​មក​បាញ់​បំផ្លាញ​ផលដំណាំ​ពលរដ្ឋ​ខ្មែរ​អស់ប្រមាណ ១០​ហិកតា នៅក្បែរ​បង្គោល​ព្រំដែន​លេខ​៩៥ ជាដើម។

សេចក្ដីក្នុងលិខិត​បន្តទៀត​ថា ​បញ្ហានេះ​  ជា​ហេតុធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរដែលរងគ្រោះ បានតវ៉ា​ជា​បន្ត​បន្ទា​ប់ និងមានការចម្រូងចម្រាស់យ៉ាងខ្លាំងនៅ​តាម​​​ប្រព័ន្ធផ្សព្វផ្សាយ ​ ខណៈពេលដែល​មន្រ្តីរ​ដ្ឋាភិបាលបានបក​ស្រាយ​​​ខុសពីអ្វីដែលប្រជាជនបានអះអាង។

លើសពីនេះ លិខិតក៏បានបញ្ជាក់ដែរថា គោលបំណង ​ក្នុងការលិខិតនេះ គឺដើម្បីស្នើសុំ​ឲ្យ​រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន បង្ហាញផែន​ទី ដែលប្រើប្រាស់​សម្រាប់បោះបង្គោលព្រំដែន កម្ពុជា-​វៀតណាម និងពន្យល់លំអិតពីនិតិវិធីនៃកិច្ចដំណើរការក្នុងការបោះបង្គោល​ព្រំដែន ដោយឈរលើ ​​ប្រយោជន៏ជាតិជាធំ។

ពាក់ព័ន្ធជាមួយនឹងបញ្ហាព្រំដែនកម្ពុជាជាមួយប្រទេសវៀតណាមនេះ កាលពីពេលកន្លងទៅ លោកវ៉ា គឹមហុង ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា ធ្លាប់បានលើកឡើង សន្ធិសញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមនោះ គឺបានធ្វើឲ្យកម្ពុជាចំណេញ តាមរយៈការទម្លាក់ខ្សែព្រំដែនទៅពាក់កណ្តាលទឹក មិនមែននៅលើច្រាំងនោះទេ។

 

ប៉ុន្តែ បញ្ហានេះ ត្រូវបានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោកអ៊ុំ សំអានលើកឡើងថា លោកវ៉ា គឹមហុងស្ពឹនភ្នែកប្រជាពលរដ្ឋខ្មែរ ត្រង់ព្រំដែនចាស់ តាមផែនទីកម្កល់នៅអង្គការសហប្រជាតិ នៅពាក់កណ្តាលទឹកនៃព្រែកវិញតេ បំភ្លៃថាព្រំដែនសព្វថ្ងៃនៅពាក់កណ្តាលទឹកនៃប្រឡាយ៧៩ ដែលចូលដីខ្មែរជាង១គ.ម នៅច្រកភ្នំដិននិងច្រកតន់ហន់។ ដូច្នេះពាក់កណ្តាលទឹកមែន តែទឹកប្រឡាយ ៧៩ មិនមែនទឹកព្រែកវីញតេ។ ព្រំដែនចាស់ពាក់កណ្តាលព្រែកវិញតេ មិនមែនច្រាំងនោះទេ ។ (ដោយ៖ ស៊ុំ គឹមហ៊ុយ)

តំណាងរាស្រ្តគណបក្សប្រឆាំងថា ការបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាម ធ្វើឲពលរដ្ឋកម្ពុជាបាត់បង់ដីស្រែចម្ការ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់