តៃប៉ិ៖កោះតៃវ៉ាន់ កាលពី​ថ្ងៃ​ពុធ ទី​២៧ ខែមករា ឆ្នាំ២០១៦នេះ បានធ្វើ​សមយុទ្ធ​យោធា​មួយ​ដើម្បី​បង្ហាញ​សាច់ដុំ​ថា​ដែន​កោះ​តៃវ៉ាន់​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​មួយ​សុវត្ថិភាព និង​មាន​សមត្ថភាព​គ្រប់គ្រាន់ក្នុងការ​ការពារ​និង​គ្រប់គ្រង​ស្ថានការណ៍​របស់ខ្លួន​បាន​។ សមយុទ្ធ​យោធា​នេះ ធ្វើឡើង​ក្រោយ​មិន​ដល់​ពីរ​សប្តាហ៍​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​នោះទេ​។

សមយុទ្ធយោធានេះ ត្រូវបានគេមើលឃើញថា ជាការធ្វើសមយុទ្ធទ្រង់ទ្រាយធំ ព្រោះកងកម្លាំងយោធា​របស់​តៃវ៉ាន់​តាំងអស់បានចេញ មកធ្វើសមយុទ្ធ មិនថាជើងទឹក ជើងគោក ឬដែនអាកាសនោះទេ ជាពិសេសគឺ​សព្វាវុធ​ដែល​​ប្រើ នៅក្នុងពេលសមយុទ្ធនោះ គឺសុទ្ធសឹងតែជាអាវុធថ្មីៗ ដែលទើបនឹងទិញ ដូចជា កាំភ្លើង T-91 assault rifles, Sniper Rapid Engagement Rifles, និង Barrett anti-material sniper rifles។ ក្បួនយន្តហោះចម្បាំង F-16 ត្រូវបានបង្ហាញ ខណៈដែលវាមានផ្ទុកមីស៊ីល AIM-9 Sidewinder និងមីស៊ីលបាញ់នៅលើអាកាស AIM-120។

គួរបញ្ជាក់ផងដែរថា កោះតៃវ៉ាន់បានដាច់ចេញពីចិន កាលពីឆ្នាំ​ ១៩៤៩ ដោយសារសង្គ្រាមស៊ីវិល ប៉ុន្តែ​ចាប់តាំងពី​ពេលនោះមក តៃវ៉ាន់ មិនដែលហ៊ានប្រកាសថា ខ្លួនឯងជាកោះឯករាជឡើយ ខណៈដែល​រដ្ឋាភិបាលក្រុងប៉េកាំង នៅតែបន្តឃ្លាំមើល​ ដោយចាត់ទុកថា កោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន​ ដែលនឹងត្រូវបង្រួបបង្រួម។

យ៉ាងណាក៏ដោយចុះ សមយុទ្ធ​យោធា​នេះ គឺជា​លើកដំបូង​ហើយ​ដែល​ត្រូវបាន​ឡើង​បន្ទាប់ពី​បក្សប្រឆាំង ប្រជាធិបតេយ្យ​ជឿនលឿន​របស់លោក​ស្រី Tsai Ing-wen ដែលមាន​និន្នាការ​ប្រឆាំង​ចិន បានឈ្នះ​លើ ការបោះឆ្នោត​ប្រធានាធិបតី និង​បោះឆ្នោត​សភា​។

ទាក់ទិនរឿងសមយុទ្ធ​យោធា​នេះដែរ កាលពី​ថ្ងៃទី​២១ ខែមករា​កន្លងទៅ កងទ័ព​រំដោះប្រជាជន​ចិន​បានធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​នៅឯ​មូលដ្ឋាន​ក្នុង​ខេត្ត​ភាគ​អាគ្នេយ៍​ដែល​ស្ថិត​ក្បែរ​កោះ​តៃវ៉ាន់៕

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ក្រោយបក្សប្រឆាំងបានឈ្នះឆ្នោត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់