គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ម្សិលមិញ ស្លាប់មនុស្ស១១នាក់ និងរងរបួសធ្ងន់ស្រាល៨០នាក់។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។​

យោងតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ ឲ្យដឹងថា នៅ​ថ្ងៃ​ទី១២ ខែ​មករា ឆ្នាំ​២០១៦ម្សិលមិញ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ទូទាំង​ប្រទេស​ចំនួន១០​លើក (យប់០៧​លើក) បណ្តាលឲ្យ​មនុស្ស​ស្លាប់១១​នាក់ (ស្រី០៥នាក់) របួសធ្ងន់២១នាក់ (​ស្រី១៦​នាក់​) របួសស្រាល ៥៩​នាក់ (ស្រី៥៣​នាក់) និង​មិន​ពាក់មួក​ពេល​គ្រោះ​ថ្នាក់​មាន១៥​នាក់ (យប់០៧​នាក់)​។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ​ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើកខាងលើ បង្កឲ្យខូចខាតយានយន្តសរុប១៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន១០គ្រឿង រថយន្តធុនតូច០៤គ្រឿង រថយន្តធុនធំ ០១គ្រឿង និងយានផ្សេងៗ០៣គ្រឿង ។

មូលហេតុបណ្តាលឱ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន០៤លើក ស្រវឹង០១លើក ប្រជែងគ្រោះថ្នាក់០៣លើក និងមិនប្រកាន់ស្តាំ០១លើកផងដែរ ដោយឡែក យានល្មើសសរុបទូទាំងប្រទេសមាន៩១៦១គ្រឿង បានធ្វើការអប់រំមាន៤៣២០គ្រឿង និងពិន័យសរុប៤៨៤១គ្រឿង និងពុំមានឃាត់យានទុក ។

សូមបញ្ជាក់ថា ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ តែមួយថ្ងៃ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ មានពីរករណីដែលគួរឲ្យកត់សម្គាល់ គឺ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករ នៅខេត្តកំពង់ស្ពឺ នាព្រឹកព្រលឹមថ្ងៃម្សិលមិញ និងមួយករណីទៀត គឺនៅល្ងាចថ្ងៃដដែល មន្រ្តីនគរបាលកំពុងឈរអនុវត្តច្បាប់ចរាចរផ្លូវគោកថ្មី ត្រូវម៉ូតូសណ្តោងរឺម៉កបុកដួលផ្ងារពោះរងរបួសក្បាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ រវាងរថយន្តដឹកកម្មករ-កម្មការិនី ពីរគ្រឿងបានបុកគ្នានៅលើផ្លូវ ជាតិលេខ៤១ ក្នុងភូមិជ្រៃត្រកួន ឃុំរកាកោះ ស្រុកគងពិសី ជាប់ព្រំប្រទល់នឹងស្រុកសំរោងទង បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញមកបញ្ជាក់ត្រឹមថ្ងៃត្រង់ ថ្ងៃម្សិលមិញ ថា ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះ មានអ្នកស្លាប់បានកើនឡើងដល់ ៥នាក់ ខណៈអ្នករងរបួសមានចំនួន ៦៨នាក់។

ដោយឡែក ករណីមន្រ្តីនគរបាលចរាចរណ៍ម្នាក់ត្រូវបានបុរសម្នាក់បើកម៉ូតូសណ្តោងរឺម៉កដឹកកម្មករ បុកដួលផ្ងារពោះរងរបួសក្បាល ពេលកំពុងឈរអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅលើផ្លូវជាតិលេខ១ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៥១ និងលេខ៥២ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល កាលវេលាម៉ោង ៥៖០៥នាទីល្ងាច ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦។

សមត្ថកិច្ច បានធ្វើការសន្និដ្ឋានថា ករណីនេះបណ្ដាលមកពីអ្នកបើកម៉ូតូរឺម៉កធ្វេសប្រហែសមិនមើលស្ថានភាពផ្លូវខាងមុខ ទើបបណ្ដាលឲ្យបុកទៅលើជនរងគ្រោះ ពោលរូបគេគ្មាន​ចេតនាប្រឆាំង​ការអនុវត្តន៍​ច្បាប់របស់មន្រ្តីនគរបាលនោះឡើយ។

គួរបញ្ជាក់ថា មន្រ្តីនគរបាលចរាចរណ៍ ដែលរង​គ្រោះ​ឈ្មោះ​ហ៊ីង សុផល អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​ពៅ សង្កាត់​ដម​មាន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល (​រង​របួស​ជើង និង​ក្បាល​ធ្ងន់​) ត្រូវ​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ភ្លាម​ៗ។ ចំណែក​ភាគី​ខាង​ម៉ូតូ​រ៉ឺ​ម៉ក​ឈ្មោះ​ឆាយ លី​ពិសិដ្ឋ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អំពិលទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់៕

តែមួយថ្ងៃ (ថ្ងៃទី១២ ខែមករា) គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ស្លាប់មនុស្ស១១នាក់ និងរបួសធ្ងន់ស្រាល៨០នាក់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់