កំពង់ឆ្នាំង៖ ចៅក្រម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង សម្រេច​ផ្ដន្ទាទោស​គ្រូបង្រៀន​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ និង​ពិន័យ​ប្រាក់​ជាច្រើន​លាន​រៀល ពី​បទ​ប្រទូស​កេរ្តិ៍​ខ្មាស​លើ​សិស្ស​ស្រី​របស់​ខ្លួន​ជាច្រើន​នាក់​នៅ​ក្នុង​ថ្នាក់​រៀន។ ចៅក្រម​ប្រកាស​បិទ​ផ្លូវ​ប្ដឹង​ឧទ្ធរណ៍ ប៉ុន្តែ​មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ​អះអាង​ថា ខ្លួន​នឹង​ជួប​ពិភាក្សា​ជាមួយ​កូន​ក្ដី​ដើម្បី​រក​នីតិវិធី​ប្ដឹង​ទាស់​ចំពោះ​សាលក្រម​ដែល​បាន​សម្រេច​នេះ។

សវនាការ​អសាធារណៈ​ជិត ៦​ម៉ោង ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​រសៀល​ថ្ងៃ​ទី​២០ ខែ​មិថុនា នៅ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង បាន​សួរ​ដេញដោល​សាក្សី​បំភ្លឺ​សំណុំ​រឿង សាក្សី​ជន​រងគ្រោះ និង​សាក្សី​ជន​ជាប់​ចោទ​ជិត ២០​នាក់។ ចៅក្រម និង​តំណាង​អយ្យការ ព្យាយាម​វែក​ញែក​រក​ខុស​ត្រូវ​លើ​ទង្វើ​របស់​គ្រូបង្រៀន​ឈ្មោះ កែម ចាន់ឆេន ដែល​សិស្ស​អះអាង​ថា​បាន​បៀតបៀន​លើ​សិស្ស​ស្រី និង​ឱប​ថើប​ពួក​គេ ជាដើម។

នៅ​ក្នុង​បន្ទប់​សវនាការ​ដែល​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ អាច​ស្ដាប់ ឬ​អើត​មើល​តាម​បង្អួច​បាន​ម្ដងៗ​នោះ លោក​ចៅក្រម ហម ម៉េងសែ ថ្លែង​ថា ការ​សម្រេច​បិទ​ទ្វារ​ដើម្បី​បើក​សវនាការ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​កិត្តិយស​របស់​គូ​ភាគី។ ចៅក្រម​បាន​ផ្អាក​ការ​តតាំង​គ្នា​តាម​នីតិវិធី​រវាង​តំណាង​អយ្យការ ជាមួយ​មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ បន្ទាប់​ពី​លើក​ហេតុផល​ម្នាក់​ពីរ​ដង​នៅ​ក្នុង​សេចក្ដី​សន្និដ្ឋាន​ចុង​ក្រោយ​នៃ​សវនាការ ហើយ​សម្រាក​បន្តិច ទើប​ប្រកាស​សាលក្រម​ដែល​បិទ​ផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តែ​ម្ដង។

សាលក្រម​ប្រកាស​ផ្ដន្ទាទោស​លោក កែម ចាន់ឆេន ដាក់​ពន្ធនាគារ ៥​ឆ្នាំ និង​បង្គាប់​ឲ្យ​បង់​ប្រាក់​ចំនួន ១០​លាន​រៀល​ចូល​រដ្ឋ និង​ជាច្រើន​លាន​រៀល​ទៀត​បង់​ឲ្យ​ជន​រងគ្រោះ។ ចៅក្រម​ក៏​បាន​បង្គាប់​ឲ្យ​ចេញ​ដីកា​ចាប់​ខ្លួន និង​ដាក់​ពន្ធនាគារ​ដែរ។

អតីត​គ្រូបង្រៀន​ថ្នាក់​ទី​៦ នៃ​សាលា​បឋម​សិក្សា​ថ្មកែវ ឋិត​នៅ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ឈ្មោះ កែម ចាន់ឆេន ត្រូវ​អាណាព្យាបាល​សិស្ស ៤​នាក់ ប្ដឹង​ថា​បាន​បៀតបៀន​កេរ្តិ៍​ខ្មាស​សិស្ស​កាល​ពី​ឆ្នាំ​២០១៣ ដោយ​ចាប់​ឱប​ថើប​នៅ​ក្នុង​ថ្នាក់​រៀន និង​នៅ​កន្លែង​រៀន​គួរ​ដែល​ជា​ផ្ទះ​លោក កែម ចាន់ឆេន ផ្ទាល់។ សាក្សី​ជាច្រើន​បាន​បញ្ជាក់​ថា លោក កែម ចាន់ឆេន ពិត​ជា​បាន​ប្រព្រឹត្ត​ដូច្នេះ​មែន។

ឪពុក​របស់​កុមារី​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម ៤​នាក់ ថ្លែង​ទាំង​សប្បាយ​ចិត្ត​ដោយ​ដៃ​ម្ខាង​កាន់​បាយ​កញ្ចប់​ហូប​បណ្ដើរ ក្រោយ​ចេញ​ពី​សវនាការ​ភ្លាម​ថា យុត្តិធម៌​ដែល​គ្រួសារ​លោក និង​ក្មេង​សិស្ស​សាលា​ផ្សេង​ទៀត​រង់ចាំ​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៣ ទើប​ទទួល​បាន​នៅ​ថ្ងៃ​នេះ។ លោក​ចង់​ឃើញ​សមត្ថកិច្ច​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស និង​បង្ខំ​ឲ្យ​បង់​ប្រាក់​សំណង​ដើម្បី​ប៉ះប៉ូវ​កេរ្តិ៍​ឈ្មោះ និង​អនាគត​ក្មេងៗ ព្រោះ​បច្ចុប្បន្ន ក្មេង​ខ្លះ​បាន​ឈប់​រៀន និង​ខ្លះ​នៅ​បន្ត​រៀន​ទាំង​ខ្មាស​គេ៖ «អរគុណ​អ្នក​កាត់​ក្ដី​មួយ​កម្រិត​ដែរ ដែល​ខំ​ជួយ​ខ្នះខ្នែង​កិត្តិយស តាំង​កូន​គេ​កូន​យើង វា​អ៊ីចឹង​ហើយ។ វា​ខាន​រៀន​ខាន​អី​អស់​រលីង។ វា​រវល់​តែ​ខ្មាស​គេ។ ម្ល៉ោះ​ហើយ​បាន​តុលាការ​កាត់​ក្ដី​ហ្នឹង​បាន​យុត្តិធម៌ អរគុណ​ណាស់»

ចំណែក​មេធាវី​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ដែល​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ ខណៈ​មេធាវី​ភាគី​ជន​រងគ្រោះ​អវត្តមាន​នោះ លោក​មេធាវី គា អ៊ាវ ថា​លោក​នឹង​ជួប​កូន​ក្ដី​ដើម្បី​ប្ដឹង​ទាស់​នឹង​ការ​សម្រេច​នេះ៖ «ខ្ញុំ​យល់​ថា រឿង​ហ្នឹង​ជា​រឿង​តូចតាច​ទេ។ វា​ជា​រឿង​អសីលធម៌​របស់​គ្រូ​ម្នាក់​ដែល​គាត់​ឆ្លៀត​យក​ចំណេញ ដូច​ថា​គាត់​ចូល​ចិត្ត​ទៅ​ឱប​កៀក​ក​សិស្ស​ពី​ក្រោយ ស្ទាប​អង្អែល​ញី​ក្បាល​សិស្ស ហើយ​តែងតែ​ចូល​ទៅ​និយាយ​ជាមួយ​សិស្ស​រាង​ឱន​ជិត​មុខ​សិស្ស​ដូច​ថើប អា​ហ្នឹង​វា​ជា​រឿង​មួយ​ខ្ញុំ​ថា​ជា​រឿង​អសីលធម៌​មួយ​ដែរ ជា​រឿង​មិន​ល្អ ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​កំហុស​ផ្លូវ​ច្បាប់​ខុស​វិធាន​ក្នុង​បទល្មើស ដែល​ចោទ​ពី​បទ​ប្រទូស​កេរ្តិ៍​ខ្មាស​ទេ។ ប្រទូស​កេរ្តិ៍​ខ្មាស ទាល់​តែ​វា​ទៅ​ស្ទាប​ច្របាច់»

មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក គង់ ច័ន្ទមុនី យល់​ថា មេធាវី​អាច​រក​នីតិវិធី​ប្ដឹង​ទាស់​បន្ត​ទៀត នៅ​ពេល​ដែល​មាន​ការ​កាត់​ទោស​កំបាំង​មុខ​ជន​ជាប់​ចោទ។ លោក​ថា តាម​គោលការណ៍​ទទួល​បាន​យុត្តិធម៌ ទាល់​តែ​ភាគី​ជន​រងគ្រោះ​ទទួល​បាន​សំណង​ជំងឺ​ចិត្ដ ហើយ​អ្នក​ប្រព្រឹត្ត​កំហុស ត្រូវ​តែ​នាំ​មក​អនុវត្ដ​ទោស​ទៅ​តាម​អំណាច​នៃ​សាលក្រម​របស់​តុលាការ៕

តុលាការខេត្តកំពង់ឆ្នាំងផ្ដន្ទាទោសគ្រូបង្រៀនម្នាក់ឲ្យជាប់ពន្ធធនាគារ៥ឆ្នាំពីបទប្រទូសកេរ្តិ៍ខ្មាសសិស្សជាច្រើននាក់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Van nak

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់