(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ នេះ តុលាការកំពូល ច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភា មកពីគណបក្សសមរង្ស៊ី ដោយសម្រេចបន្តឃុំខ្លួនទៀត បន្ទាប់ពីយល់ឃើញថា ការសម្រេចរបស់សភាស៊ើបសួរ សាលាឧទ្ធរណ៍ត្រឹមត្រូវ។

តុលាការកំពូល នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ នេះ បានប្រកាសប្រកាសសាលដីកាលើសំណុំរឿងសុំនៅក្រៅឃុំរបស់អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ី លោក ហុង សុខហួរ បន្ទាប់ពីតុលាការបានបើកសវនាការជំនុំជម្រះ ដោយកំបាំងមុខ កាលពីថ្ងៃទី២៦ ចុងខែកុម្ភៈ។

សាលដីកា នៅព្រឹកថ្ងៃសុក្រនេះ ចៅក្រមតុលាការកំពូល សម្រេចបន្តឃុំខ្លួន លោក ហុង សុខហួរ ដដែល ព្រោះយល់ឃើញថា ការសម្រេចរបស់សភាស៊ើបសួរ សាលាឧទ្ធរណ៍ត្រឹមត្រូវ។ បើតាមមន្រ្តីតុលាការកំពូល បានឲ្យដឹងថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល លោកចៅក្រម ឃឹម ប៉ុណ្ណ ក្នុងសវនាការ បានដិសេធន៍ ការស្នើសុំនៅក្រៅឃុំ របស់មេធាវី ការពារក្តី លោក ហុង សុខហួរ និងបានប្រកាសសាលដីកាកំបាំងមុខ បន្តឃុំខ្លួនលោក ហុង សុខហួរ ដោយយល់ឃើញថា សេចក្តីសម្រេចរបស់សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ ពិតជាត្រឹមត្រូវ ទាំងអង្គហេតុ និងអង្គច្បាប់។

ជាមួយគ្នានេះ តុលាការកំពូល អះអាងថា បទល្មើសរបស់លោក ហុង សុខហួរ អាចបង្កភាពវឹកវរដល់សង្គម ហើយចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍ក្នុងការបន្តឃុំខ្លួននេះ ជាបានការ ដើម្បីធ្វើការស៊ើបសួរបន្ត។

សូមបញ្ជាក់ថា ក្នុងសាលសវនាការតុលាការកំពូល កាលពីថ្ងៃទី២៦ ខែកុម្ភៈ លោក ហុង សុខហួរ បានថ្លែងថា មូលហេតុដែលលោកសុំនៅក្រៅឃុំ គឺដោយសារលោកកំពុងមានជំងឺលើសឈាមនិងមានបញ្ហាក្រពះដែលត្រូវទទួលការព្យាបាលឲ្យបានដិតដល់។ លោកបន្ថែមថា ដើម្បីជាការធានាដល់ការសុំនៅក្រៅឃុំ លោកនឹងដាក់តម្កល់លិខិតឆ្លងដែនទាំងបារាំងនិងខ្មែររបស់លោក រួមនឹងប្រាក់ចំនួន២០លានរៀល ជៀសវាងថាលោក មានបំណងគេចចេញទៅក្រៅប្រទេស។

លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ដែលធ្វើឡើងពីរថ្ងៃបន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឲ្យចាប់ខ្លួន ដោយចោទថាក្លែងឯកសារសន្ធិសញ្ញាកម្ពុជា និងវៀតណាមនៅឆ្នាំ១៩៧៩។ លោក ហុង សុខហួរ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស តាមការចោទប្រកាន់ ៣ករណី គឺ៖ បទក្លែងឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ, និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ បទចោទប្រកាន់ទាំងនោះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ចន្លោះពី៥ ទៅ១០ឆ្នាំ។

តែយ៉ាងណា កន្លងមក ទាំងគណបក្សសង្គ្រោះជាតិ និងសង្គមស៊ីវិលមួយចំនួន បានចាត់ទុកករណីនេះ ជារឿងនយោបាយ មិនមែនជាបទល្មើសជាក់ស្តែង និងជាការសម្តែងមតិរបស់សមាជិកព្រឹទ្ធសភា៕

តុលាការកំពូលច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់អតីតសមាជិកព្រឹទ្ធសភា ហុង សុខហួរ ដោយសម្រេចឃុំខ្លួនបន្តទៀត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់