(​ត្បូងឃ្មុំ)​៖ តាមការអះអាងរបស់លោក​ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​​កសិកម្ម​ខេត្តត្បូងឃ្មុំ ឲ្យដឹងថា ​ដំណាំ​ម្រេច​រួម ​ដែល​មាន​ប្រជា​កសិ​ករ​កំពុង​​តែ​នាំ​គ្នា​​ដាំ​ដុះ នៅ​តាម​បណ្តា​ស្រុក​ ​ក្រុង ​ក្នុង​ខេត្តត្បូងឃ្មុំ​ មាន​ទាំងអស់​ចំនួន​២.៧០០​ហិ​កតា គឺ​នៅ​ស្រុក​មេ​មត់​មាន​ដាំ​ច្រើន​​​ជាងគេ ដែល​ជាប់​នឹង​ប្រទេស​វៀតណាម ក្នុង​នោះ​មាន​ប្រមាណ​២០០​ហិ​កតា កំពុង​តែ​ជួបនឹង​កង្វះខាត​ទឹក​ដោយ​សារ​តែ​អាកាស​ធាតុ​ឡើង​ក្តៅ​ពេក ​មិន​ធ្លាប់​ជួប​ប្រទះ​ នា​ពេល​កន្លង​មក ។

 

ប្រជា​​កសិករ​មួយ​ផ្នែក​​ធំ​ដែល​ធ្លាប់​ដាំ​ដំណាំ​ផ្សេង​ៗ មិនសូវ​មាន​តម្លៃ​នៅលើទីផ្សារ​នោះ ក៏​​​នាំ​គ្នា​ងាក​មក​ដាំ​ដំណាំ​ម្រេច​​ជំនួស​វិញ ព្រោះ​តែ​​មានតម្លៃ​ថ្លៃ ហើយត្រូវ​​ឈ្មួញ​មក​ប្រមូលទិញ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម។​ តែ​នៅ​ឆ្នាំ​នេះ ​ដោយ​ប្រទេស​កម្ពុជា បាន​ទទួល​រង​រលកកំ​ដៅ​ធ្វើ​ឱ្យ​​មាន​សី​តុ​ណ្ណ​ភាព​ឡើង​រហូត​ដល់​ទៅ​ជាង​៤០​អង្សារ​ ក៏​មានកត្តា​​​​​ខ្លះ បាន​ជះ​អ​ទ្ធិ​ពល​​លើ​ដំណាំ​ម្រេច​​ ដែល​​ប្រឈម​នឹង​កង្វះខាត​ទឹកសំរាប់​ស្រោចស្រព​​។

 

សូមជម្រាបថា យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃម្សិលមិញ ឲ្យដឹងថា ស្ថានភាព​សីតុណ្ហភាពអតិបរិមា នឹងមានការថយចុះបន្តិច ចាប់ពីថ្ងៃទី២៨ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ដោយនៅ​តំបន់វាលទំនាប មានសីតុណ្ហភាពចាប់ពី៣៧ អង្សា ដល់៣៩អង្សា និងនៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពចាប់ពី៣៦អង្សា ដល់៤០អង្សា ចំណែកឯតំបន់មាត់សមុទ្រ មានសីតុណ្ហភាពចាប់ពី៣៥អង្សា ដល់៣៦អង្សា៕

ដំណាំម្រេចដាំដុះរួម ជាង២ពាន់ហិកតា កំពុងជួបបញ្ហាដោយសារកង្វះខាតទឹក

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់