(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននឹងកំពុងបើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិគ្រោះយោបល់ទៅលើសេចក្តីព្រាងបទបញ្ជា និង តិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦។

កិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកនេះ គ្រោងធ្វើឡើងរយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ដើម្បីពិគ្រោះយោបល់ទៅលើសេចក្តីព្រាងបទបញ្ជា និង តិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦។ ក្រៅពីនេះ ក៏មានការចូលរួមផងដែរ ពីមន្រ្តី គ.ជ.ប តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា តំណាងគណបក្សនយោបាយអង្គការ មិនមែនរដ្ឋាភិបាល ស្ថាប័ន អង្គទូត ជំនាញការជប៉ុន ជំនាញការសហភាពអឺរ៉ុបសរុបប្រមាណ ១៨៥នាក់។

សូមបញ្ជាក់ថា សេចក្តីព្រាងបទបញ្ជា និង នីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦នេះ មាន ៦ជំពូក ១ ឧបសម្ព័ន្ធមានចំនួន ១០៧ទំព័រ។

បើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ឲ្យដឹងថា នៅថ្ងៃទី២៩ ខែមករា ស្អែកនេះ នឹងមានកិច្ចពិគ្រោះយោបល់បន្តទៀត ដោយបើកទូលាយ ឲ្យអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ បានពិនិត្យ និងផ្តល់អនុសាសន៍ទៅលើសេចក្តីព្រៀងនេះ។ តែទោះជាយ៉ាងណា លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា អនុសាសន៍របស់អង្គការសង្គមស៊ីវិល ក៏ដូចជាគណបក្សនយោបាយ ត្រូវតែស្របទៅតាមច្បាប់ មានប្រយោជន៍សម្រាប់ការបោះឆ្នោត និងជាអនុសាសន៍ដែលចែងហើយអាចអនុវត្តន៍បាន។

អ្នកនាំពាក្យ គ.ជ.ប រូបនេះ បញ្ជាក់ទៀតថា ក្រោយពីដាក់ឲ្យពិគ្រោះយោបល់នៅថ្ងៃទី២៩ ខែមករា រួចរាល់ សេចក្តីព្រាងបទបញ្ជានិងនីតិវិធីសម្រាប់ការ ចុះឈ្មោះ បោះឆ្នោត អាចនឹងចូលជាធរមាននៅខែក្រោយនេះ។ ក្រោយពីសេចក្តីព្រាងបទបញ្ជា និង នីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ចូលជាធរមាន ដំណើរការ នៃការចុះបោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមិនធ្លាប់មានពីមុនមកនឹងចាប់ផ្តើមដំណើរការនៅក្នុងខែ ឧសភា ឆ្នាំ២០១៦៕

គ.ជ.ប បើកកិច្ចពិគ្រោះយោបល់ លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះនិងរៀបចំ បញ្ជីបោះឆ្នោតថ្មី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់