(ភ្នំពេញ)៖ គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​ដកតំណែង​ព្រះ​មេគុណ​ខេត្តកំពង់ស្ពឺ ព្រះនាម ឌូ វណ្ណ​ឌឿ​ន ដែល​បាន​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​របស់​ព្រះពុទ្ធ ដោយសារ​ព្រះអង្គ​ឡើង​ច្រៀង​ចម្រៀង​លើ​ឆាក​តន្ត្រី​ឲ្យ​ពុទ្ធបរិស័ទ​រាំ​ក្នុងអំឡុងពេល​ចូលឆ្នាំខ្មែរ ថ្មីៗនេះ។

ការសម្រេច​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈសង្ឃ​នាយក និង​មន្ត្រី​ក្រសួង​ធម្មការ នា​យប់​ថ្ងៃទី២០ ខែមេសា​ ភ្លាមៗក្រោយពី​វីដេអូ​នៃ​ការ​ច្រៀង​ចម្រៀង​លើ​ឆាក​តន្ត្រី​របស់​មេគុណ​ខេត្តកំពង់ស្ពឺ ដែល​ត្រូវបាន​គេ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយ​នេះ​។ កិច្ចប្រជុំ​គណៈសង្ឃ​នាយក កាលពី​យប់មិញ​នេះ ដឹកនាំ​ដោយ​សម្តេច​សង្ឃនាយក ន​ន្ទ ងែ​ត តែម្តង នៅក្នុង​វត្ត​បទុម​វ​ត្តី ហើយ​ក៏មាន​វត្តមាន​សាមីខ្លួន​ដែលជា​អ្នកប្រព្រឹត្ត​ប្រាសចាក​ធម៌​វិន័យ គឺ​មេគុណ​ខេត្តកំពង់ស្ពឺ ព្រះអង្គ ឌូ វណ្ឌ​ឌឿ​ន ផងដែរ​។

​លោក សេង សុ​មុនី រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា​ បាន​បញ្ជាក់នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា នៅ​ចំពោះមុខ​គណៈសង្ឃ​នាយក ព្រះអង្គ ឌូ វណ្ឌ​ឌឿ​ន បានទទួល​ស្គាល់​កំហុស​របស់ខ្លួន ហើយ​គណៈ​សង្ឃនាយក ក៏​សម្រេច​ដកតំណែង​របស់​ព្រះ​អង្គជា​មេគុណ​ខេត្តកំពង់ស្ពឺ​ចោល​តែម្តង ដើម្បី​ប្រគល់​ឲ្យ​ព្រះសង្ឃ​ដែល​គុណ​វ​ឌ្ឍ​ផ្សេងទៀត​នៅ​ខេត្តកំពង់ស្ពឺ​កាន់តំណែង​ជំនួស​។

​លោក សេង សុ​មុនី បន្ថែមថា គណៈសង្ឃ​នាយក ចាត់ទុក​ការ​ច្រៀង​របស់​ព្រះ​តេជគុណ ឌូ វណ្ណ​ឌឿ​ន ថាជាស​កម្ម​ភាពផ្ទុយ​ធម៌​វិន័យ​ព្រះពុទ្ធ​ជា​ម្ចាស់ ហើយនឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ព្រះពុទ្ធសាសនា ជាពិសេស​គឺ​កិត្តិយស​ព្រះសង្ឃ ដែលជា​ស្រែបុណ្យ​របស់​ពុទ្ធបរិស័ទ​។ លោក ក៏បាន​អំពាវនាវ​ឲ្យ​ព្រះសង្ឃ​នៅ​ទូទាំងប្រទេស​កម្ពុជា​ទាំងអស់ គោរព​ធម៌​វិន័យ​របស់​ព្រះពុទ្ធ​ឲ្យ​បានល្អ ដើម្បី​ជា​ភាពល្អប្រសើរ​នៃ​ព្រះពុទ្ធសាសនា និង​ជា​ស្រែបុណ្យ​ដ៏​មានតម្លៃ​សម្រាប់​អ្នក​ស្រឡាញ់​ពុទ្ធសាសនា​។

សូមបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញនេះ វីដេអូនៃការច្រៀងចម្រៀងលើឆាកតន្ត្រីរបស់មេគុណខេត្តកំពង់ស្ពឺ ត្រូវបានគេបង្ហោះជាបន្តបន្ទាប់ ហើយធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។ បទចម្រៀងដែលមេគុណខេត្តកំពង់ស្ពឺអង្គនោះ លើកយកទៅបកស្រាយកាលនោះ រួមមាន៖ “បទៈ គន់មើលក្នុងសួន, យាមទៀតហើយបង”… ជាដើម៕

គណៈសង្ឃនាយក សម្រេចដកតំណែងមេគុណខេត្តកំពង់ស្ពឺ ដែលឡើងច្រៀងលើឆាកតន្ត្រី (វីឌីអូ)

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់