(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាដឹកនាំដោយលោក ប៉ែន បញ្ញា បានជួបពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ដើម្បីពិនិត្យបន្ថែមលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព នាសាលទំនាក់ទំនងអន្តរជាតិ។ 

កិច្ចពិភាក្សានាព្រឹកនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសិក្ខាសាលាថ្នាក់ជាតិ លើសេចក្ដីព្រាងច្បាប់ ស្ដីពីសហជីព ត្រូវបានបញ្ចប់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ដែលមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធរាប់ទាំងសហជីព។

សេចក្តីព្រាងច្បាប់ស្តីពីសហជីព នឹងត្រូវ​គណៈអចិន្រ្តៃយ៍រដ្ឋសភាលើកយកមកពិភាក្សា​និងអនុម័តនៅថ្ងៃទី១១ មីនា ​មុនពេលដាក់បញ្ចូលទៅ​ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា​ពេញអង្គនាពេល​ខាងមុខ។ នេះបើតាមការបញ្ជាក់របស់​លោក ប៉ែន បញ្ញា បា្រប់ក្រុមអ្នកកាសែត នៅវិមាន​រដ្ឋសភា ​ក្រោយបញ្ចប់កិច្ចពិភាក្សា​ជាមួយរដ្ឋមន្រ្តីក្រសួង​ការងារ និងបណ្តុះបណ្តាល ​លោក អ៊ិត សំហេង។​

ដោយឡែក បើតាមលោករដ្ឋមន្រ្តីក្រសួងការងារបានឲ្យដឹង​ដែរថា  សេចក្តីព្រាងច្បាប់ស្តីពីសហជីពដែល​មាន​១៧ជំពូក ១០០មាត្រានោះ គឺខាងក្រសួង​បានកែ​សម្រួល​ពាក្យពេចន៍មួយចំនួន​​តាមការទាមទាររបស់តំណាង​ថៅកែរោងចក្រ និងសង្គមស៊ីវិល ​ប៉ុន្តែមិនកែមាត្រា​ទំាងស្រុងនោះទេ។

សូមបញ្ជាក់ថា បន្ទាប់ពីរដ្ឋសភាបើកសិក្ខាសាលាពិគ្រោះយោបល់ ទៅលើសេចក្តីព្រាងច្បាប់សហជីព ដែលទើបកែប្រែជាថ្មីដោយគណៈកម្មការចំពោះកិច្ច របស់តំណាងរាស្រ្តគណបក្សជាប់ឆ្នោតទាំងពីរនៅរដ្ឋសភា កាលព្រឹកថ្ងៃទី០៩ ខែមីនា មេដឹកសហជីពធំៗចំនួនពីរ នៅកម្ពុជា បានយល់ឃើញផ្សេងគ្នាទៅ​លើសេចក្តីព្រាង​ច្បាប់គ្រប់​គ្រងពួកគេ ដែលត្រូវបានកែប្រែឡើងវិញដោយរដ្ឋសភា។

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករ បានយល់ថា សេចក្តីព្រាងច្បាប់ចុងក្រោយនេះ មិនបានកែប្រែតាមការទាមទាររបស់សហជីពនោះទេ ខណៈដែល លោក សោម អូន  ប្រធាន​ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា និងជាប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានគាំទ្រទៅនឹងការកែប្រែចុងក្រោយនេះ របស់រដ្ឋសភា ដែលលោកថាសេចក្តីព្រាង​ច្បាប់ចុងក្រោយនេះ មានលក្ខណៈ​ប្រសើរហើយ។

លោក អាត់ ធន់ ប្រធានសម្ពន្ធ័សហជីពប្រជាធិបតេយ្យកម្មករ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមសហជីពចង់ឱ្យ រដ្ឋសភា ពន្យារការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសហជីព ហើយថាសហជីពនៅ​តែព្រួយបារម្ភដោយសារ តែរដ្ឋសភា មិនទាន់បានកែប្រែទាំងស្រុង ដូចការទាមទាររបស់សហជីពនៅឡើយទេ។

ទោះជាយ៉ាងនេះក្តី លោក សោម អូន​ ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានស្វាគមន៍ទៅនឹង សេចក្តីព្រាងច្បាប់របស់សហជីព ដែលបានកែប្រែចុងក្រោយនេះ។ លោកថា បើធៀបទៅនឹងការអនុវត្តជាក់ស្តែង គឺសេចក្តីព្រាងច្បាប់នេះ មានលក្ខណៈប្រសើរច្រើនដែលអាចទទួលយកបាន។ លោកបានជំរុញឱ្យរដ្ឋសភា ធ្វើយ៉ាងណាអនុម័ត លើសេចក្តីព្រាងច្បាប់សហជីពនេះ ឱ្យបានលឿន ប៉ុន្តែបន្ទាប់ពីអនុម័តរួចត្រូវ​ទុកពេលវេលាដើម្បីផ្សព្វផ្សាយ​បញ្ជ្រាបការយល់ដឹងដល់ភាគី​ពាក់ព័ន្ធឱ្យ​បាន​ទូលំទូលាយមុននឹងដាក់ឱ្យអនុវត្ត។ មិនតែប៉ុណ្ណេះ ប្រធានសហជីពដែលជាញឹកញយគាំទ្រដល់រាជរដ្ឋាភិបាលនេះ បានស្នើឱ្យច្បាប់នេះ ចែងចំណុចមួយចំនួនទៀត​ដើម្បីកុំឱ្យលាបពណ៌​គ្នាក្នុងចំណោមសហជីព ហើយសហជីពត្រូវចម្លងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ជូនរាជរដ្ឋាភិបាល ដើម្បីបង្ហាញភាពស្មោះត្រង់ចំពោះកម្មករផងដែរ៕

 

គណៈកម្មការសភា ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការងារ ពិនិត្យបន្ថែមលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់