(ក្រចេះ)៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ និងក្រុមការងារទាំងអស់ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បានចាប់ផ្តើមចេញប្រតិបត្តិការ ចេញទៅទប់ស្កាត់​ និងបង្ក្រាបបទល្មើសព្រៃឈើ ពិនិត្យទីតាំង គំនរឈើល្មើសច្បាប់ នៅទឹកដីស្រុកសំបូរ ខេត្តក្រចេះ។

បន្ទាប់ពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ព្រៃឈើ រួមទាំងក្រុមការងារ បានចាប់ផ្តើមជិះឧទ្ធម្ភាគចក្រទៅបំពេញបេសកកម្ម ដោយចុះត្រួតពិនិត្យទីតាំងស្តុកឈើមួយចំនួន នៅក្នុងមូលដ្ឋានខេត្តក្រចេះ និងខេត្តត្បួងឃ្មុំ កាលរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ម្សិលមិញ សកម្មភាពបន្ទាប់ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដែលមានលោកនាយឧត្តមសេនីយ៍ សៅ សុខា និងក្រុមការងារទាំងអស់ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បានចាប់ផ្តើមចេញប្រតិបត្តិការ ចេញទៅទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ពិនិត្យទីតាំង គំនរឈើល្មើសច្បាប់ ក្នុងទឹកដីខេត្តក្រចេះ។

តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស ឲ្យដឹងថា នាវេលាម៉ោងប្រមាណ៨:២២នាទីព្រឹកថ្ងៃអង្គារនេះ នាយឧត្តមសេនីយ៍ សៅ សុខា កំពុងដឹកនាំក្រុមការងារចុះទៅកាន់គោលដៅ គឺស្ថិតនៅឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ។

សូមបញ្ជាក់ថា កងកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ និងមន្រ្តីរដ្ឋបាលព្រៃឈើជាច្រើននាក់ បានឡោមព័ទ្ធទីតាំងស្តុកឈើមួយកន្លែង​ ស្ថិតនៅតំបន់អូរគគីរ ឃុំរលួសស្រែចេស ស្រុកសំបូរ ខេត្តក្រចេះ ដែលមានចម្ងាយជាង១០០គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ តាំងពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦មកម្ល៉េះ។ ជាមួយគ្នានោះ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ជាច្រើននាក់បានយាមនៅទីនោះ ដើម្បីការពារមិនឲ្យមានការចល័តឈើចេញ ពីរង្វង់របស់សមត្ថកិច្ចឡោមព័ទ្ធ ដោយមានការបោះបង់ជាជំរកការពារ។

គួរបញ្ជាក់ដែរថា នារសៀលថ្ងៃទី១៨ ខែមករា ម្សិលមិញ នាយឧត្តមសេនីយ៍ សៅ​ សុខា និងក្រុមការងារបានធ្វើដំណើរទៅដល់ ខេត្តត្បូងឃ្មុំ តាមឧទ្ធម្ភាគចក្រដែលសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនសម្រាប់ ចេញប្រតិបត្តិការទ្រង់ទ្រាយធំមួយនេះ។ សមត្ថកិច្ចកងរាជអាវុធហត្ថ បានបំពេញកាតព្វកិច្ចតាមភារកិច្ចតួនាទី ប្រកបដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់ ក្នុងនោះកម្លាំងជំនាញកំពុងតែបន្តនីតិវិធី ក្នុងការស៊ើបអង្កេតស្រាវជ្រាវ រកទីតាំងលាក់ឈើខុសច្បាប់ កាប់បំផ្លាញព្រៃឈើ ការដឹកជញ្ជូនដើម្បីបោសសម្អាត តាមការណែនាំរបស់រាជរដ្ឋាភិបាល។

ជាការកត់សម្គាល់ សកម្មភាពចុះបង្រ្កាបបទល្មើសព្រៃឈើ យ៉ាងក្ដៅគគុកនេះ បន្ទាប់ពី​សម្ដេច ហ៊ុន សែន កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា បាន​សម្រេច​បង្កើត គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​បាន​តែងតាំង​លោក​សៅ សុខា ជា​ប្រធាន និង​លោក​ហ៊ូ សា​គុណ អនុប្រធាន ព្រមទាំង​សមាជិក​៨​រូប​ទៀត​។​ ការបង្កើត​គណៈកម្មាធិកា​រ​នេះ​ឡើង​ក្នុង​គោលបំណង ស្រាវជ្រាវ​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ និង​ការពារ​អោយបាន​នូវ​សម្បត្តិ​ធនធានធម្មជាតិ និង​ដើម្បី​កសាង​ទំនុកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​៕

 

 

 

 

គណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បន្តបើកប្រតិបត្តិការចេញបង្ក្រាបបទល្មើស នៅខេត្តក្រចេះ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់