(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ គណបក្សសង្គ្រោះជាតិ (CNRP) បានរៀបចំពិធីបង្សុកូលឧទ្ទិសកុសល ជូនដួងវិញ្ញាណក្ខន្ធ បាតុករដែលស្លាប់ ដោយសារគ្រាប់បែក នៅមុខរដ្ឋសភាចាស់ កាលពីឆ្នាំ១៩៩៧។ 

ពិធីនេះ មានការចូលរួមដោយ លោក យឹម សុវណ្ណ និងតំណាងរាស្រ្តមួយចំនួន រួមទាំងសមាជិកគណបក្សសង្រ្គោះជាតិ ជិត១០០នាក់ផ្សេងទៀត។ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងសារមួយចំនួន តាមរយៈវីដេអូ Conference។

លោក សម រង្ស៊ី នៅព្រឹកនេះ ក៏បានបង្ហាញពីសកម្មភាពរបស់ដឹកនាំបាតុកម្មកាលនោះ ដោយលើកឡើងថា “អំពើភេរវកម្ម រៀបចំដោយរដ្ឋអំណាច នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ ខួបឆ្នាំទី១៩ នៃសោកនាដកម្មមួយថ្នាក់ជាតិ”។ នេះបើតាមទំព័រFacebook របស់លោក សម រង្ស៊ី។

សូមបញ្ជាក់ថា សកម្មភាពរៀបចំពិធីរំលឹកខួបអ្នកស្លាប់ដោយការផ្ទុះគ្រាប់បែក កាលឆ្នាំ១៩៩៧ នាព្រឹកនេះ មិន​​​មាន​វត្តមាន​របស់​លោក​កឹ​ម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ  នោះ​​ទេ ខណៈ​​លោកចុះជួបស​កម្ម​ជននៅ​ខេត្តព្រៃវែង​​។

លោក កឹម សុខា បានសរសេរនៅលើទំព័រFacebook របស់លោក ថា នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិខេត្តព្រៃវែង នាព្រឹកថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០១៦ នេះ  លោកចូលរួមជាអធិបតីក្នុងវេទិកា “គណប្រតិបត្តិសង្គ្រោះជាតិ” ដើម្បីជួបជាមួយ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុមប្រឹក្សាស្រុក-ខណ្ឌ-ក្រុង និងក្រុមប្រឹក្សាខេត្តព្រៃវែង ជាសមាជិកក្រុមប្រឹក្សាក្នុងតំណែង។

ទំព័រFacebook  បញ្ជាក់ថា គោលបំណងនៃវេទិកានេះ គឺ៖ “ត្រៀមខ្លួនចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧”។ លោក កឹម សុខា បន្ថែមថា លោកលើកឡើងចំណុចសំខាន់២ គឺ៖ ១) សូមឲ្យសមាជិកក្រុមប្រឹក្សាក្នុងតំណែងទាំងអស់ ប្រើប្រាស់តួនាទីរបស់ខ្លួន ក្នុងនាមជាអ្នកតំណាងពិតប្រាកដរបស់ប្រជាពលរដ្ឋ។ យុទ្ធសាស្រ្ដ ដែលគណបក្សសង្គ្រោះជាតិបានលើកឡើងថា “មិនឈ្លោះ មិនឆ្លើយ មិនឆ្លង” មិនមែនមានន័យថា សមាជិកសភា សមាជិកក្រុមប្រឹក្សាក្នុងតំណែងរដ្ឋទាំងអស់ នៅស្ងៀមមិនប្រើប្រាស់តួនាទីរបស់ខ្លួនជាតំណាងប្រជាពលរដ្ឋ ដើម្បីការពារផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋនោះឡើយ។ ផ្ទុយទៅវិញតំណាងទាំងអស់នោះ ត្រូវធ្វើការឲ្យកាន់តែសកម្មថែមទៀត ក្នុងកាលៈទេសនេះ។ ២) ចំពោះការទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋមកលើគណបក្សសង្គ្រោះជាតិនោះ សូមឲ្យសមាជិកក្រុមប្រឹក្សាក្នុងតំណែងទាំងអស់ ត្រូវចេះឃោសនា ត្រូវចេះនិយាយ ឲ្យមានដំណាក់កាល៣ គឺ៖ ទី១.ធ្វើឲ្យគេស្គាល់ ទី២.ធ្វើឲ្យគេជឿ និង ទី៣.ធ្វើឲ្យគេជួយ៕

 

គណបក្សសង្គ្រោះជាតិ រៀបចំពិធីរំលឹកខួបអ្នកស្លាប់ដោយការផ្ទុះគ្រាប់បែក កាលឆ្នាំ១៩៩៧

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់