ពីរថ្ងៃជាប់គ្នា ពោលគឺកាលពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ មានករណីប្លន់ប្រដាប់អាវុធ កើតឡើងនៅបណ្ដាខេត្ត បីករណីក្នុងថ្ងៃតែមួយ និងនៅភ្នំពេញមួយករណី ដែលបណ្ដាលឲ្យមានការភ្ញាក់ផ្អើល និងបង្ករការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋ ប្រកបរបរប្រចាំថ្ងៃរបស់ខ្លួន។

ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះ កម្លាំងប៉ូលិសអន្តរាគមន៍ នៃអធិការនគរបាលស្រុកសំពៅលូន ខេត្តបាត់ដំបង បានចុះល្បាតការពាររក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងស្រុកយ៉ាងសកម្ម និងប្រចាំតាមបណ្ដាគោលដៅសំខាន់ៗក្នុងស្រុក ក៏ដូចជា តាមកន្លែងលក់មាសនិងវេរប្រាក់ជាដើម។

រីឯខេត្តកណ្ដាល វិញ ក្រោយមានករណីប្លន់ ប្រដាប់អាវុធកើតឡើងនៅ តាមបណ្តាខេត្ត ក៏ដូចជា នៅក្នុងទឹកដីខេត្តកណ្តាលខ្លួនឯងនោះ មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល លោក សំ តុលា បានប្រជុំដាក់ផែនការកាន់តែខ្លាំង ឡើងដល់កងកម្លាំងរបស់ខ្លួននោះ គឺការចុះល្បាតទាំងថ្ងៃ ទាំងយប់ តាមមូលដ្ឋាន ដើម្បីការពារ បង្ការ បង្ក្រាប និងសង្គ្រោះ ប្រជាពលរដ្ឋ និងជនរងគ្រោះក្នុងអំពើប្លន់ ជាពិសេសស្វែងរកមុខសញ្ញាប្លន់ ដែលសកម្មភាពនេះ ត្រូវបានធ្វើជាប្រចាំតែម្តង។ បន្ថែមពីនេះ មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល ក៏បានប្រកាសផ្តល់ប្រាក់រង្វាន់ ដល់អ្នករាយការណ៍ទាំងឡាយណា ចំពោះមុខសញ្ញាប្លន់ ដែលអាចយក ជាការបានផងដែរ ។

ចំណែកខេត្តស្ទឹងត្រែង​ លោក​ អៀង វ៉ា​ន់​ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ​បាន​បើក​កិច្ចប្រជុំ​ដែល​មានការ​ចូលរួម​ចាប់ពី​ថ្នាក់​នាយការិយាល័យ​ឡើង​ទៅ​ ដើម្បី​រិះរក​ក​ន្លឹះ​​ក្នុង​ការ​ទប់​បង្ក្រាប ​ប្រ​សិន​កើត​មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​ឡើង​។  ​ខណៈនោះ ​លោកមេបញ្ជាការ​បាន​ផ្តល់​នូវ​យុទ្ធសាស្ត្រ​​ជា​ច្រើន​ ដល់​មេបញ្ជាការ​ង ក្រុង ស្រុក ស្នាក់​ការ​សន្តិសុខ​ និង​ធ្វើការ​ណែនាំ​អំពី​ការ​បង្ក្រាប​បទល្មើស​នោះ​ និង​ហាមឃាត់​ជា​ដាច់ខាត​ មិន​ឱ្យ​មានការ​ផ្ទុះអាវុធ ​បើ​គ្មាន​បទបញ្ជា​តែ​ប្រ​សិន​ក្រុម​ឧ​ក្រិ​ដ្ឋ​ជន​បាញ់​មក​លើ​សមត្ថកិច្ច​អាច​​​​នឹងតដៃ​វិញ​បាន ​ដើម្បី​ការពារ​ខ្លួន​។

ខេត្ត បន្ទាយមានជ័យ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នេះ នៅទីបញ្ជាការ​អាវុធហត្ថខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ឱ បូរិន្ទ បានបើកកិច្ចប្រជុំ ដាក់បទបញ្ជា ដល់កងរាជអាវុធហត្ថ មេបញ្ជាមូលដ្ឋាន ទាំង៩ក្រុង-ស្រុក ទូទាំងខេត្តបន្ទាយមានជ័យ ខណៈដែលករណីប្លន់ប្រដាប់អាវុធ កំពុងតែកម្រើកឡើងវិញ គួរឲ្យព្រួយបារម្ភ ដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងធ្វើការការពារសន្តិសុខ ក្នុងមូលដ្ឋានរបស់ខ្លួន​ ជូនដល់ប្រជាពលរដ្ឋ រស់នៅឲ្យបានសុខសាន្ត ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព​។

គួរបញ្ជាក់ថា ថ្មីៗនេះ មានករណីភ្ជង់ប្លន់ នៅកន្លែងមួយចំនួន ទាំងនៅ​រាជធានី​ភ្នំពេញ និងតាមបណ្ដាខេត្ត។ ក្នុងនោះករណី៤ ផ្សេងគ្នា គួរឲ្យកត់សម្គាល់ ដូចជា ករណីប្លន់យកម៉ូតូ C125 ស៊េរីឆ្នាំ២០១៥ មួយគ្រឿងយ៉ាងសាហាវ នៅព្រឹកព្រលឹម ម៉ោង៥៖៣០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្លូវ៥៩៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយបាញ់ត្រូវក្បាល ជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយយកម៉ូតូគេចខ្លួនបាត់។ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥​ ​នា​វេលា​​ម៉ោង​ជិត​​៧​យប់ ដោយ​ក្រុម​ចោរ​មួយ​ក្រុម​បាន​ចូល​បាញ់​ប្លន់​សម្លាប់​យក​លុយ និង​ទ្រព្យសម្បត្តិ​របស់​ស្ត្រី​ម្ចាស់​ហាង​រកស៊ី និង​ផ្ទេរ​ប្រាក់ Wingមួយ​ឈ្មោះ ធា  ​ដែល​ស្ថិត​នៅ​ខាង​កើត​វត្ត​ស្តុក ភូមិ​ស្តុក ឃុំ​បន្ទះ​រូង ស្រុក​ភ្នំក្រវ៉ាញ ខេត្ត​ពោធិ៍សាត់។​ ករណី​​ក្រុម​ចោរ​បាញ់​​ប្លន់​យក​គ្រឿង​អលង្ការ និង​លុយ​អស់​៤​កេស​ពី​ ​អាជីវករ​​លក់​មាស នៅ​ផ្សារ​ណាត់ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ និងករណី ​ជន​សង្ស័យ​៦​នាក់ នា​​​ព្រលប់​ថ្ងៃ​ទី​១២​ ខែ​ធ្នូ ជិះ​ម៉ូតូ​៣​គ្រឿង​អម​​នឹង​កាំ​ភ្លើង​២​ដើម បាន​ចេញ​ស្ទាក់​មក​បាញ់ និង​ប្លន់​ពី​ជនរងគ្រោះ​មួយ​គ្រួសារ ស្ថិត​នៅ​ភូមិ​អូរ​តាំ​គាំ​២ សង្កាត់​ទួល​តាឯក ខណៈ​ជន​រង​គ្រោះ បាន​បើក​រថយន្ត​ដឹក​ទ្រព្យ​សម្បត្តិ​ទាំង​នេះ ពី​ផ្សារ​មក​ផ្ទះ៕

ខេត្តមួយចំនួន ដាក់ពង្រាយកម្លាំងអាវុធហត្ថ ការពារសន្តិសុខជូនប្រជាពលរដ្ឋ ក្រោយមានករណីប្លន់សម្លាប់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់