(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ ក្លឹបអ្នកកាសែតកម្ពុជា (ក..ក) បានធ្វើការអំពាវនាវទៅដល់ស្ថាប័នទាំងអស់នៅកម្ពុជា បញ្ឈប់ការរំលោភទៅលើសិទ្ធិសេរីភាព និងឈប់រារាំងអ្នកព័ត៌មានក្នុងពេលចុះបំពេញភារកិច្ច ទៅតាមវិជ្ជាជីវៈ និងក្រមសីលធម៏ជាអ្នកសារព័ត៌មាន។ 

គួរកត់សម្គាល់ថា​ សេក្ដីអំពាវនាវរបស់ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) នាពេលនេះ ធ្វើឡើងបន្ទាប់ពីអ្នកព័ត៌មានមួយចំនួន ត្រូវរារាំង និងបរាជ័យក្នុងការព្យាយាមចូលជួបសម្ភាសន៍លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ អំពីការបែកធ្លាយសំឡេងសាសងស្នេហ៍ តាមខ្សែទូរស័ព្ទជាមួយនារីកំណាន់ចិត្តជាច្រើននាក់។

ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) លើកឡើងថា មួយរយៈចុងក្រោយនេះ ក្រុមអ្នកសារព័ត៌មានកម្ពុជា ត្រូវប្រឈមបញ្ហាមួយចំនួនជាបន្តបន្ទាប់ រួមមាន៖ ការរារាំងមិនឲ្យយកព័ត៌មាន ការឃាត់ខ្លួនខុសពីនីតិវិធីច្បាប់ នៅពេលដែលអ្នកសារព័ត៌មានទាំងនោះ បានបំពេញការងារតាមវិជ្ជាជីវៈ និងក្រមសីលធម៏។

ក.អ.ក ចាត់ទុកសកម្មភាពទាំងនោះ បាននឹងកំពុងប៉ះពាល់ដល់ដំណើរការ នៃការលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន ការតាក់តែងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) អំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ គួរតែបង្កលក្ខណៈងាយស្រួលដល់ការបំពេញភារកិច្ចរបស់អ្នកសារព័ត៌មាន ដើម្បីបម្រើផលប្រយោជន៍សង្គម។

សូមបញ្ជាក់ថា ក្រោយខ្សែរអាត់សម្លេងសាសងស្នេហា ដែលមួយចំនួនអះអាងថា ជាសម្លេងរបស់លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាមួយស្ត្រីវ័យក្មេង បានបញ្ចេញជាបន្តបន្ទាប់នោះ ក្រុមអ្នកព័ត៌មានមួយចំនួន បានព្យាយាមស្វែងរកការបំភ្លឺពី លោក កឹម សុខា។ ប៉ុន្តែរ មិនបានទទួលការឆ្លើយតបពីលោក កឹម សុខា នោះឡើយ ហើយថែមទាំងត្រូវក្រុមអង្គរក្ស និងសកម្មជនគណបក្សសង្រ្គោះជាតិ រុញច្រាន និងរារាំងមិនឲ្យចូលជួបលោក កឹម សុខា សុំការបំភ្លឺ នោះទេ។

ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) ប្រកាសថានឹងបន្តឃ្លាំមើលរាល់សកម្មភាពទាក់ទងនឹងការផ្តល់ព័ត៌មាន ការយកព័ត៌មាន និងការពារអ្នកសារព័ត៌មាន ដែលបំពេញបេសកកម្មតាមវិជ្ជាជីវៈ។

តែយ៉ាងណា ក.អ.ក បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ខ្ជាប់តួនាទីភារកិច្ចតាមក្រមសីលធម៏វិជ្ជាជីវៈ ចៀសវាងនូវសកម្មភាពទាំងឡាយណាដែលនាំឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងសេរីភាពសារព័ត៌មាន នៅកម្ពុជា៕

 

ក្លឹបអ្នកកាសែតកម្ពុជា អំពាវនាវកុំឲ្យមានការរារាំងនៅពេលអ្នកសារព័ត៌មាន ចុះបំពេញភារកិច្ច តាមវិជ្ជាជីវៈ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់