ក្រោយស្ងប់ស្ងាត់មួយរយៈ ករណីបាញ់ប្លន់ផ្ទះដាក់ Wing បានកើតឡើងជាថ្មី ទៀតហើយ កាលយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ស្ថិតក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដោយជនរងគ្រោះ បាត់បង់ទ្រព្យសម្បត្តិមួយចំនួន ខណៈក្រុមចោរប្លន់ប្រដាប់អាវុធ រត់គេចខ្លួនបាត់ ក្រោយបាញ់តបតជាមួយសមត្ថកិច្ច។

ករណីចោរមួយក្រុមប្រហែល៥នាក់ ប្រដាប់ដោយកំាំភ្លើង AK ២ដើម និងកាំភ្លើងខ្លីមួយដើម ចូលទៅភ្ជង់ វាយ និងប្លន់យកទ្រព្យសម្បត្តិនៅផ្ទះដាក់ Wing ក្នុងឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង នាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ បានបណ្តាលឲ្យ ជនរងគ្រោះជាម្ចាស់ម្នាក់ និងអ្នកជិតខាងម្នាក់រងរបួស ខណៈទ្រព្យសម្បត្តិមួយចំនួន ត្រូវបានបាត់បង់។ ក្នុងហេតុការណ៍នេះ ក្រុមចោរ​ប្រដាប់​ដោយ​កាំភ្លើង​AK បាន​ចូល​ប្លន់​ផ្ទះ​ផ្ទេរប្រាក់ Wing ក្នុង​ឃុំ​ស៊ា​ង​ឃ្វាង ស្រុក​កំចាយមារ កាលពី​យប់​ថ្ងៃទី​១០ មករា ឆ្នាំ​២០១៦ ព្រមទាំង​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច រួច​យក​ទ្រព្យ​គេចខ្លួន​ដោយ​សុវត្ថិភាព​។

តាម​ការបញ្ជាក់​ពី​លោក ស្រេង ជា ស្នងការ​នគរបាល​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា ដំបូង​ក្រុមចោរ​ជា​ទាំង​នោះបាន​ប្រើ​កាំភ្លើងខ្លី​វាយ​បង្ខំ​អ្នកបើករថយន្ត​ដឹកស្រូវ​ម្នាក់ ដែល​​ចត​ឡាន​នៅមុខ​ផ្ទះកើតហេតុ បង្ខំ​ឲ្យ​គោះទ្វា​ហៅ​ម្ចាស់ផ្ទះ​។ ពេលដែល​ម្ចាស់ផ្ទះ​បើកទ្វារ​ក្រុមចោរ​ទាំងនោះ​ក៏​ចូល​ភ្ជង់​ប្លន់​ប្រមូលយក​ទ្រព្យសម្បត្តិ តែ​គ្រានោះ​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច ទើប​កម្លាំង​ប៉ុ​ស្ត៍​រដ្ឋបាល ចេញ​អន្តរា​​គម​ន៍​ទាន់​ពេ​លេ​វេលា ហើយក៏​មានការ​ផ្ទុះអាវុធ​ជាមួយគ្នា​មួយ​ប្រាវ  តែ​ក្រុមចោរ​ទាំងនោះ​បាន​ប្រើល្បិច​ភៀសខ្លួន​គេច​អស់​ដោយ​សុវត្ថិភាព​។

​​បើតាម​សមត្ថកិច្ច​បានបញ្ជាក់​ថា ទ្រព្យសម្បត្តិ ដែល​ត្រូវ​ក្រុមចោរ​ប្រមូល​យកទៅ​រួមមាន លុយ​៧០០​ដុល្លារ មាស​២​ជី និង​លុយ​ខ្មែរ​មួយចំនួន​។ បច្ចុប្បន្ន​សមត្ថកិច្ច​​កំពុង​ស្រាវជ្រាវ​តាម​ប្រមាញ់​ក្រុមចោរ​ទាំងនោះ​មក​ផ្ត​ទ្ទា​ទោស​តាមផ្លូវ​ច្បាប់​។

គួររម្លឹកថា ហេតុការណ៍ប្លន់ផ្ទះដាក់ Wing នាពេលនេះ មិនមែនកើតឡើងជាលើកទី១ ឡើយ។ ពោលគឺ កាលពី​ខែវិច្ឆិកា និង​ដើមខែ​ធ្នូ ឆ្នាំ​២០១៥ ករណី​ចោរប្លន់​អ្នកលក់​មាស ចោរប្លន់​ម៉ូតូ និង​ផ្ទះ​វេរ​លុយ​វី​ង Wing បានកើត​ឡើង​យ៉ាង​កក្រើក នៅក្នុង​ខេត្តបាត់ដំបង ពោធិ៍សាត់ ខេត្តកណ្តាល ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ​។ ភ្លាមៗ​នោះ សម្តេច ស ខេង ក៏បាន​ប្រកាស​ព្រមាន​ដក​មេ​ប៉ូលិស​ក្នុង​ខេត្ត​ទាំងនោះ បើសិនជា​បង្ក្រាប​ករណី​ចោរប្លន់​ទាំងនោះ មិន​បានទេ​។

​ក្រោយ​កើតហេតុ​ការណ៍​ប្លន់​នោះ​ភ្លាមៗ នៅ​ភ្នំពេញ បង្ក្រាប​ទាន់ពេល និង​នៅ​ខេត្តបាត់ដំបង ក៏បាន​វែកមុខ ចាប់បាន​ក្រុមចោរប្លន់ ជា​បន្តបន្ទាប់​។ ចំណែក​នៅ​ខេត្តកណ្តាល កំពង់ស្ពឺ និង​ពោធិ៍សាត់ មិនទាន់មាន​ដំណឹង​ពី​ការបង្ក្រាប ចាប់​ក្រុមចោរប្លន់​ទាំងនោះ នៅឡើយ​ទេ រហូតដល់​ពេលនេះ​។​

​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏បាន​ដាក់ចេញ​នូវ​បទបញ្ជា​ទៅកាន់​ក្រសួងយុត្តិធម៌ ឲ្យ​ពិនិត្យ​ការស្នើ​លើកលែងទោស​ដល់​ទណ្ឌិត​កន្លងមក ព្រោះថា ចោរប្លន់​ភាគច្រើន ធ្លាប់​ជាប់គុក និង​ត្រូវបាន​លើកលែងទោស​។​

​ជាមួយគ្នា​នោះ ក្រសួងយុត្តិធម៌ ក៏បាន​បើក​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ជាមួយនឹង​ព្រះរាជអាជ្ញា ប្រធាន​តុលាការ ប៉ូលិស និង​ប៉េអឹម ហើយ​បានសម្រេច​ថា ចាប់ពីពេលនេះ​តទៅ ឧក្រិដ្ឋជន អ្នកទោស គ្រឿងញៀន និង​ចោរប្លន់ នឹងមិន​ត្រូវ​មានឈ្មោះ ក្នុង​បញ្ជី​បន្ធូរបន្ថយ និង​លើកលែងទោស​ទៀត​នោះទេ​៕​

 

 

ក្រោយស្ងប់ស្ងាត់មួយរយៈ ករណីបាញ់ប្លន់ផ្ទះដាក់ Wing កើតឡើងជាថ្មី នៅខេត្តព្រៃវែងវិញម្ដង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់