ក្រោយស្ងប់ស្ងាត់មួយរយៈ ករណីបាញ់ប្លន់ផ្ទះដាក់ Wing បានកើតឡើងជាថ្មី ទៀតហើយដោយក្រុមចោរកាំភ្លើង AK-47 និងពូថៅ ២នាក់ បានជិះម៉ូតូមួយគ្រឿង ចូលទៅប្លន់ផ្ទះផ្ទេរប្រាក់ Wing ឈ្មោះ ហេង រតនា ស្ថិតនៅសង្កាត់អូតាវ៉ៅ កណ្តាលក្រុងប៉ៃលិន កាលពីវេលាម៉ោង ៤៖៣០នាទី រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ ដោយយកអស់លុយប្រមាណ១ម៉ឺនដុល្លារ ហើយជនរងគ្រោះជាម្ចាស់ផ្ទះ អាយុ៦០ឆ្នាំរងរបួសធ្ងន់ ដោយសារក្រុមចោរវាយ និងកាប់ដោយពូថៅ។

មន្រ្តីនគរបាលខេត្តប៉ៃលិន បានបញ្ជាក់ថា ទាំងលុយខ្មែរ និងដុល្លារអស់ប្រមាណ១ម៉ឺនដុល្លារ ដែលក្រុមចោរទាំង២នាក់យកទៅ។ នៅពេលនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ហើយពួនស្ទាក់ តាមចាប់ក្រុមចោរទាំងនេះ ខណ:ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

គួររម្លឹកថា ហេតុការណ៍ប្លន់ផ្ទះដាក់ Wing នាពេលនេះ មិនមែនកើតឡើងជាលើកទី១ ឡើយ។ ពោលគឺ កាលពី​ខែវិច្ឆិកា និង​ដើមខែ​ធ្នូ ឆ្នាំ​២០១៥ ករណី​ចោរប្លន់​អ្នកលក់​មាស ចោរប្លន់​ម៉ូតូ និង​ផ្ទះ​វេរ​លុយ​វី​ង Wing បានកើត​ឡើង​យ៉ាង​កក្រើក នៅក្នុង​ខេត្តបាត់ដំបង ពោធិ៍សាត់ ខេត្តកណ្តាល ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ​។ ភ្លាមៗ​នោះ សម្តេច ស ខេង ក៏បាន​ប្រកាស​ព្រមាន​ដក​មេ​ប៉ូលិស​ក្នុង​ខេត្ត​ទាំងនោះ បើសិនជា​បង្ក្រាប​ករណី​ចោរប្លន់​ទាំងនោះ មិន​បានទេ​។

​ក្រោយ​កើតហេតុ​ការណ៍​ប្លន់​នោះ​ភ្លាមៗ នៅ​ភ្នំពេញ បង្ក្រាប​ទាន់ពេល និង​នៅ​ខេត្តបាត់ដំបង ក៏បាន​វែកមុខ ចាប់បាន​ក្រុមចោរប្លន់ ជា​បន្តបន្ទាប់​។ ចំណែក​នៅ​ខេត្តកណ្តាល កំពង់ស្ពឺ និង​ពោធិ៍សាត់ មិនទាន់មាន​ដំណឹង​ពី​ការបង្ក្រាប ចាប់​ក្រុមចោរប្លន់​ទាំងនោះ នៅឡើយ​ទេ រហូតដល់​ពេលនេះ​។​

​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏បាន​ដាក់ចេញ​នូវ​បទបញ្ជា​ទៅកាន់​ក្រសួងយុត្តិធម៌ ឲ្យ​ពិនិត្យ​ការស្នើ​លើកលែងទោស​ដល់​ទណ្ឌិត​កន្លងមក ព្រោះថា ចោរប្លន់​ភាគច្រើន ធ្លាប់​ជាប់គុក និង​ត្រូវបាន​លើកលែងទោស​។​

​ជាមួយគ្នា​នោះ ក្រសួងយុត្តិធម៌ ក៏បាន​បើក​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ជាមួយនឹង​ព្រះរាជអាជ្ញា ប្រធាន​តុលាការ ប៉ូលិស និង​ប៉េអឹម ហើយ​បានសម្រេច​ថា ចាប់ពីពេលនេះ​តទៅ ឧក្រិដ្ឋជន អ្នកទោស គ្រឿងញៀន និង​ចោរប្លន់ នឹងមិន​ត្រូវ​មានឈ្មោះ ក្នុង​បញ្ជី​បន្ធូរបន្ថយ និង​លើកលែងទោស​ទៀត​នោះទេ​៕​

ក្រោយស្ងប់ស្ងាត់មួយរយៈ ករណីបាញ់ប្លន់ផ្ទះដាក់ Wing កើតឡើងជាថ្មី នៅ កណ្តាលក្រុងប៉ៃលិន យកអស់១ម៉ឺនដុល្លារ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់