កាលពី​យប់​ថ្ងៃទី​១៥ ខែធ្នូ ​ឆ្នាំ២០១៥ លោក កឹម សុខា ប្រធានស្តីទី​គណ​បក្ស​​សង្គ្រោះ​ជាតិ បានធ្វើ​ដំណើរ​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញដើម្បី​ដឹកនាំ​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រជុំ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​ដោយយោង​តាម​កិច្ចព្រមព្រៀង​រវាង​ថ្នាក់ដឹកនាំ​គណបក្សមានអសនក្នុងរដ្ឋសភាទាំងពីរ កាលពី​ថ្ងៃទី​១០ ខែធ្នូ។នេះបើតាមការលើកឡើងឲ្យដឹងពីអ្នកនាំពាក្យ​​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ កាលពីព្រលប់​ថ្ងៃទី​១៥ ខែធ្នូ។

អ្នកនាំពាក្យ​​គណបក្ស​សង្គ្រោះ​ជាតិលោកយ៉ែម បុញ្ញឫទ្ធិ បានលើកឡើង កាលពី​ ​ថ្ងៃទី​១៥ ខែធ្នូ ថា លោក កឹម សុខា ប្រធានស្តីទី​គណ​បក្ស​​សង្គ្រោះ​ជាតិ បានធ្វើ​ដំណើរ​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​ហើយ នៅ​យប់​ថ្ងៃទី​១៥ ខែធ្នូ ដើម្បី​ដឹកនាំ​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រជុំ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​។​
​បើតាមលោក អេង ឆៃអ៊ាង ដែលជាមន្ត្រីជាន់​ខ្ពស់ និង​ជា​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិផងនោះបាន​បញ្ជាក់ថា ការសម្រេច​វិល​ចូល​រដ្ឋសភា​ឡើងវិញ​របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិនិងជាអ្នកតំណាងរាស្ត្រ​មតិ​ភាគតិច​នៅ​រដ្ឋសភា នេះដោយយោង​តាម​កិច្ចព្រមព្រៀង​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១០ ខែធ្នូ​។

ដោយកិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ​នេះ អ្នកតំ​ណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣៤ រូប បាន​ចូលរួម​ ដូច​ការគ្រោងទុក​។ ហើយកិច្ចប្រជុំ​រដ្ឋសភា នាឪកាសស​នេះ មាន​កូរ៉ុម​អ្នកតំណាងរាស្ត្រ​សរុប ១០១ រូប​។
​គួរ ​រម្លឹកថា អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច​ធ្វើពហិការ មិន​ចូលរួម​កិច្ចប្រជុំ​នៅ​រដ្ឋសភា បន្ទាប់ពី​មាន​ព្រឹត្តិការណ៍ បាតុកម្ម​ប្រឆាំង​លោក កឹម​សុខា និង​ការ​វាយ​លើ​អ្នកតំណាងរាស្ត្រ ២ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​របួស កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​។

នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ ខណៈដែល​រដ្ឋសភា ប្រជុំ​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញពី​អនុប្រធាន​ទី​១​រដ្ឋសភា គឺ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ មិនបាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា​នោះទេ​។​
​យ៉ាងណាក៏ដោយ រហូតរ​ដល់​ថ្ងៃទី​១៥ ខែធ្នូ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​ចាប់ផ្តើម​ដំណើរការ​ធ្វើការ​រួមគ្នា នៅក្នុង​គណៈកម្មការ​ចំពោះ​កិច្ច ដើម្បី​ពិនិត្យ និង​សិក្សា​លើ​សេចក្តីព្រាងច្បាប់​សហជីព ដែល​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំងពីរ បាន​ព្រមព្រៀងគ្នា ជា​គោល​គា​រណ៍ ក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃទី​១០ ខែធ្នូ នៅឡើយ​ទេ​។

សូមបញ្ជាក់ដែរថារដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ​នេះ បាន​បើក​កិច្ចប្រជុំ ក្រោម​ការដឹកនាំ​របស់​សម្ដេចហេង​សំរិន ប្រធានរដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​ចំនួន ៣ រួមមាន​៖

១-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​សម្រាប់ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង ម៉ា​រ៉ា​កេស ស្តីពី ការបង្កើត​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​បញ្ចូល​កិច្ចព្រមព្រៀង ស្តីពី កិច្ច​សម្រួល​ពាណិជ្ជកម្ម ទៅក្នុង​ឧបសម្ព័ន្ធ ១​ក នៃ​កិច្ចព្រមព្រៀង ម៉ា​រ៉ា​កេស​។

២-​ការពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី ការបង្កើត​មជ្ឈមណ្ឌល​ជីវៈចម្រុះ​អាស៊ាន​។

៣-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​៕​

ក្រោយពីចម្រូងចម្រាស់តំណាងរាស្រ្ត បក្សសង្គ្រោះជាតិចូលប្រជុំសភា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់