(​ភ្នំពេញ)៖ ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ថ្កោលទោសចំពោះសកម្មភាពគម្រាមកំហែង និងយាយីទាំងឡាយរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ហើយសុំឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើមន្រ្តីសិទ្ធមនុស្ស មន្រ្តី គ..ប ព្រមទាំងមន្រ្តីនៃគណបក្សជំទាស់ទាំងអស់ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។

បើតាមសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ ការថ្កោលទោសនេះ បន្ទាប់ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ មើលឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានការប្រើអំណាចដោយរំលោភបំពាន ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ ​(ACU) ទៅលើមេឃុំមកពីគណបក្ស សម រង្ស៊ី និងទៅលើមន្រ្តីនៃអង្គការសិទ្ធិមនុស្សមួយចំនួន រួមទាំងមន្រ្តី គ.ជ.ប ម្នាក់ផង។

ក្នុងសេចក្ដីថ្លែងការណ៍ បានចាត់ទុកសកម្មភាព​មិន​ប្រក្រតី​ដោយ​តក់ក្រហល់ និងមិន​សម​ហេតុផលទាំងនេះ បង្ហាញយ៉ាងច្បាស់​ពី​ល្បែង​នយោបាយ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU) កំពុងសំដែង ហើយ​បានប្រើប្រាស់​ប្រ​ព័​ន្ឋ​តុលាការ ដើម្បី​នាំ​មក​នូវ​ភាព​ភ័យ​ខ្លាច​ និង​ការ​យាយី​រំខាន​ដល់​ការ​បំពេញ​តួនាទី​បម្រើ​ប្រជាពលរដ្ឋ​របស់​មន្ត្រី​សិ​ទ្ធិ​មនុស្ស និង​សមាជិក​គណបក្ស​ដែល​មិន​នៅ​ក្នុង​រដ្ឋាភិបាល។

ជាមួយគ្នានេះ សេចក្ដីថ្លែងការណ៍ ក៏បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ពិសេស​បណ្តា​ប្រទេស​ម្ចាស់​ជំនួយ អន្តរាគមន៍​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​គំរាមកំហែង និង​ការ​យាយី​តាម​គ្រប់​រូបភាព​ដល់​អង្គការ​សង្គម​ស៊ី​វិល អ្នក​ការពារ​សិ​ទ្ធិមនុស្ស​នៅ​កម្ពុជា និង​មន្ត្រី​គណបក្សជំទាស់​ទាំងអស់ និង​សូម​ឲ្យ​ដោះ​លែង​មន្ត្រី​សិ​ទ្ធិ​មនុស្ស​ទាំង​៥​រូប ព្រមទាំង​សមាជិក​ព្រឹ​ទ្ឋ​សភា លោក ហុង សុខ​ហួរ លោក​តំណាងរាស្ត្រ អ៊ុំ សំ​អាន និង​សកម្មជន​គណបក្ស​ន​យ​បាយ​ដែល​កំពុង​ជាប់​ព​ន្ឋ​នាគារ​ទាំងអស់។

រហូតមក​ដល់​ព្រឹក​ថ្ងៃ​ទី​០៤ ខែឧសភានេះ មិន​ទាន់​មាន​ប្រតិកម្ម​តប​​នៅឡើយ​ទេពី​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជុំវិញ​ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍​របស់​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ​នេះ។

យ៉ាងណាក៏ដោយ ឆ្លើយតបនឹងសារព័ត៌មានក្នុងស្រុក លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លើកឡើងថា សកម្មភាពរបស់អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)  និងតុលាការ គឺជាការគោរពស្ថាប័នឯករាជ្យ សូមឲ្យថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ គោរពនូវស្ថាប័នប្រជាធិបតេយ្យ នៃអំណាចទាំងបី គឺអំណាចនីតិបញ្ញាត្តិ អំណាចនីតិប្រតិបត្តិ និង អំណាចតុលាការ។ លោកបន្ថែមថា សកម្មភាពរបស់គណបក្សសង្រ្គោះជាតិ ដែលថ្កោលទោស ស្ថាប័ន ACU គឺជាការបង្កឲ្យមានភាពរាំងស្ទះដល់ស្ថាប័ន និងជាការមិនគោរពលទ្ធិប្រជាធិបតេយ្យ របស់ស្ថាប័នឯករាជ្យ៕

ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថ្កោលទោសចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់