(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថានឹងផ្តល់ ប្រាក់រង្វាន់ជ័យលាភី និងប្រាក់ឧបត្ថម្ភដល់ កីឡាការិនីតេក្វាន់ដូ កញ្ញា ស៊ន សៀវម៉ី និងគ្រូបង្វឹក ក្នុងម្នាក់ចំនួន ៨០,០០០,០០០រៀល បន្ទាប់ពីបានទទួលជ័យលាភី ក្នុងការចូលរួមប្រកួត កីឡាតេក្វាន់ដូ Qualify Olympic Games នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន នាពេលថ្មីៗនេះ។

សូមបញ្ជាក់ថា ដូចតាមការគ្រោងទុក កីឡាការិនី ស៊ន សៀវម៉ី ​ដែលទទួលបានមេដាយមាស ​និងបា្រក់ពីការចូលរួមប្រកួត​ជម្រុះ​កីឡាអូឡំាពិក​រដូវក្តៅនៅប្រទេសប្រេស៊ីលនិង​ ការប្រកួតទ្វីបអាស៊ី ​បានមកដល់ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញវិញហើយ ​នៅវេលា​ម៉ោង១និង១២នាទី​រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ។

វត្តមានអញ្ជើញទៅទទួល​កីឡាការិនីជម្រើជាតិ​តៃក្វាន់ដូ​ដល់​ព្រលានយន្តហោះ​ គេឃើញមាន លោក វ៉ាត់ ចំរើន​ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡំាពិកកម្ពុជា ​និង មន្រ្តីជាន់ខ្ពស់​ក្រសួងអប់រំជាច្រើនរូបទៀត។ ​បន្ទាប់មក ​កញ្ញា សៀវម៉ី ​និងគណៈប្រតិភូកីឡាតៃក្វាន់ដូ​នឹងធ្វើដំណើរ​ឆ្ពោះ​ទៅទីស្នាក់ការ​គណៈកម្មាធិការជាតិអូឡំាពិកកម្ពុជាដើម្បីទទួល​ជាផ្លូវការពីលោក ថោង ខុន​ ប្រធានគណៈកម្មាធិការជាតិ​អូឡំាពិក​កម្ពុជា ជុំវិញកញ្ញាឈ្នះបានមេដាយមាស នៅប្រទេសហ្វីលីពីន និងកក់កៅអីមួយនៃការប្រកួតកីឡាអូឡាំពិករដូវក្តៅ Rio 2016 នាពេលខាងមុខ ផងដែរ ក្រោយរង់ចាំអស់រយៈពេលជាង៦០ឆ្នាំមកនេះ។

វិរៈកីឡាការិនី សៀវម៉ី បានបង្កើតប្រវត្តិសាស្រ្តថ្មី នាដើមឆ្នាំ២០១៦នេះ តាមរយៈឆ្លងផុតវគ្គជម្រុះកីឡាអូឡាំពិក និងឈ្នះមេដាយមាស ១គ្រឿងផងដែរ មុនពេលឈ្នះមេដាយប្រាក់១គ្រឿងទៀត នៃការប្រកួតកីឡាតេក្វាន់ដូនៅប្រទេសហ្វីលីពីន ទម្ងន់លើស ៦៧គីឡូក្រាម ខណៈដែលមិត្តរួមជាតិ ឈឿង ពុទ្ធារីម បានឈ្នះមេដាយសំរឹទ្ធ១គ្រឿង នៅហ្វីលីពីនដូចគ្នាក្នុងព្រឹត្តិការណ៍កីឡាតេក្វាន់ដូ ប្រចាំទ្វីបអាស៊ី ក្រោយប្រកួតចាញ់កីឡាការិនីថៃនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១៩ ខែមេសា។

ឆ្លងតាមការប្រកួតជម្រុះកីឡាអូឡាំពិក Rio 2016 រយៈពេល២សប្តាហ៍មកនេះនៅប្រទេសហ្វីលីពីន គឺមានអត្តពលិកមកពី១០ប្រទេសក្នុងទ្វីបអាស៊ី បានកក់កៅអីឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រនៃ Olympic Games 2016 នៅប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ខាងមុខ ក្នុងនោះក៏មានកម្ពុជាផងដែរ៕

 

ក្រសួងអប់រំ នឹងផ្ដល់ប្រាក់ឧបត្ថម្ភដល់កញ្ញា ស៊ន សៀវម៉ី និងគ្រូបង្វឹក ក្នុងម្នាក់ចំនួន៨០លានរៀល

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់