(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ បានសម្រេចបិទគ្លីនិកឯកជនយីហោ ឃឹម រ៉ានី ដែលមានទីតាំងនៅផ្ទះលេខខ១៤ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីមានហេតុការណ៍ចាក់ថ្នាំ បណ្តាលឱ្យបុរសម្នាក់ស្លាប់។

ក្នុងសេចក្តីសម្រេចមួយចុះថ្ងៃទី២៣ ខែឧសភា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានសម្រេចថាបិទមន្ទីរសម្រាកព្យាបាលជំងឺឯកជន ឈ្មោះ ឃឹម រ៉ានី ដែលមានទីតាំងនៅផ្ទះលេខ១៤ ផ្លូវ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយមូលហេតុថាមន្ទីរពេទ្យ “បង្កឲ្យមានបញ្ហាជាច្រើនលើកច្រើនសារ ដោយមិនគោរពទៅតាមកិច្ចសន្យារបស់ខ្លួនពេលដាក់ពាក្យស្នើសុំបើកមន្ទីរសម្រាកព្យាបាល ឃឹម រ៉ានីនិងមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល”។ ក្រសួងបានទុកជាមោឃៈនូវលិខិតអនុញ្ញាតរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៤។

សូមបញ្ជាក់ថា កាលព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ មានបុរសម្នាក់បានបែកពពុះមាត់​ប្រកាច់រហូតដល់ស្លាប់ បន្ទាប់ពីរូបគេមានអាការៈ​មិនស្រួលខ្លួន​ចេះតែឈឺខ្នង ​ហើយត្រូវមិត្តភក្ដិបាននាំទៅចាក់ថ្នាំ ចំនួន២ម្ជុល នៅក្នុងឃ្លីនិក ឃឹម រ៉ានី។ ជនរងគ្រោះមាន ឈ្មោះឡាំ តៅគង់ ភេទប្រុស អាយុ២៨ឆ្នាំមានទីលំនៅផ្ទះលេខ៥២សេ ផ្លូវលេខ២០៩ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ (ក្នុងបុរីវិមានភ្នំពេញ) មានមុខរបរជាបុគ្គលិកក្រុមហ៊ុនប្រេងឥន្ទនៈសាវីម៉ិច មានប្រពន្ធ​ឈ្មោះ សុខ រដ្ឋមនី អាយុ២៨ឆ្នាំ។

ក្រសួងសុខាភិបាល ធ្លាប់បានណែនាំរឹតបន្តឹងការត្រួតស្តង់ដារ គ្លីនិក មន្ទីរពេទ្យ និងឱសថស្ថាននានា ក្រោមការគ្រប់គ្រងរបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្ន និងត្រូវមានគុណភាពផងដែរ។ ក្រសួង ក៏ធ្លាប់បានធ្វើយុទ្ធនាការបិទគ្លីនិកគ្មានច្បាប់ជាច្រើននៅទូទាំងប្រទេស។ យុទ្ធនាការនោះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានហេតុការណ៍ ឆ្លងមេរោគអេដស៍ ដល់មនុស្សរាប់រយនាក់ នៅឃុំរកា ខេត្តបាត់ដំបង ដែលបណ្តាលមកគ្រូពេទ្យប្រចាំភូមិម្នាក់បានប្រើប្រាស់ម្ចុលចាក់ថ្នាំរួម។ ក្រោយមកគ្រូពេទ្យនោះ ក៏ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារផងដែរ៕
សុខាភិបាល

សុខាភិបាល ២

 

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់