(ភ្នំពេញ) ក្រសួងសុខាភិបាល ប្រកាសទុករយៈពេល៦ខែដល់មា្ចស់ទីកន្លែងសាធារណៈ ឬម្ចាស់អាហារដ្ឋាន សម្រាប់អនុវត្តន៍ការបិទផ្សាយដាក់បំរាមហាមជក់បារី មុននឹងឈានដល់ការចុះផាកពិន័យ។ ប្រភពៈ សារព័ត៌មានជាតិ AKP

លោកស្រី ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាល បានមានប្រសាសន៍នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ថា ការទុករយៈពេល៦ខែសម្រាប់ត្រៀមអនុវត្តន៍ការបិទផ្លាកសញ្ញាអំពីការហាមការជក់បារី ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នេះ គឺជាពេលវេលាមួយសមរម្យ ដើម្បីឱ្យម្ចាស់អាជីវកម្មម្ចាស់ដឹកជញ្ជូនសាធារណៈ និងម្ចាស់កន្លែងធ្វើការតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជនទាំងអស់ ត្រូវចូលរួមអនុវត្ដន៍ឱ្យបានគ្រប់ៗគ្នាក្នុងការជួយអប់រំនិងផ្លាស់ប្ដូរ ឥរិយាបថអ្នកជក់បារី ដែលបង្កផលប៉ះពាល់ដល់សុខភាព អ្នកនៅជុំវិញខ្លួន។

លោកស្រី បញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលកំពុងរៀបចំប្រកាសដែល ចេញកំណត់ដោយរដ្ឋមន្រ្ដីក្រសួងសុខាភិបាលពាក់ព័ន្ធនឹងស្លាកបំរាមនៃការហាមការជក់បារីដើម្បីបង្ហាញអំពីទំហំ និងរូបរាងជាក់ស្ដែង ពិសេសការណែនាំដាក់សារព្រមាន និងបង្ហាញជាគំរូសម្រាប់ផ្ដល់ជូនដល់គ្រប់ស្ថាប័នទាំងអស់ យកទៅបិទផ្សាយតាមកន្លែងរបស់ខ្លួន។

យោងតាមអនុក្រឹត្យចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ម្ចាស់កន្លែងធ្វើការ ឬម្ចាស់កន្លែងសាធារណៈត្រូវបិទផ្សាយ ឬដាក់បម្រាមអំពីការហាមជក់បារី នៅតាមផ្លូវចូលនិងកន្លែងសមស្របផ្សេងទៀត ដែលឱ្យសាធារណជនអាចមើលឃើញច្បាស់។

អនុក្រឹត្យដដែល បន្ដថា ក្នុងករណីបំពានលើមាត្រា៩១០និង១១ ម្ចាស់កន្លែងធ្វើការ ឬម្ចាស់កន្លែងសាធារណៈ ត្រូវពិន័យអន្តរការជាប្រាក់៥ម៉ឺនរៀល។ ករណីមិនរាងចាលត្រូវពិន័យទ្វេដង។ សមត្ថកិច្ចនឹងផាកពិន័យ២ម៉ឺនរៀលចំពោះអ្នកជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ។ ជាមួយគ្នានេះ ការជក់ក្នុងបរិវេណគ្រឹះស្ថានសុខាភិបាលគ្រឹះស្ថានសិក្សា ទារកដ្ឋាន សួនកុមារ សួនច្បារសាធារណៈគ្រឹះស្ថានសាសនា សារមន្ទីរ រមណីយដ្ឋានវប្បធម៌សាស្រ្ត កន្លែងហាត់ប្រាណ ស្ថានីយប្រេងឥន្ធនៈ និងកន្លែងងាយឆាបឆេះ ក៏ត្រូវហាមឃាត់ដែរ។

ដោយឡែក យោងតាមរបាយការណ៍របស់ក្រសួងផែនការ បង្ហាញថា បច្ចុប្បន្ននេះមានប្រជាពលរដ្ឋកម្ពុជាប្រមាណជិត៨០ភាគរយ កំពុងស្រូបផ្សែងបារីពីគេនៅតាមទីសាធារណៈ និងនៅតាមភោជនីយដ្ឋាន និងនៅកន្លែងធ្វើការ៕

 

 

ក្រសួងសុខាភិបាល ទុកពេល៦ខែឲ្យម្ចាស់អាហារដ្ឋាន និងកន្លែងសាធារណៈ បិទបំរាមហាមជក់បារី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់