នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបើកកិច្ចប្រជុំជាមួយព្រះរាជអាជ្ញាទូទាំងប្រទេស នៅទីស្តីការក្រសួងយុត្តិធម៌ ដើម្បីពិភាក្សាអំពីកាសំណុំរឿង លួច ឆក់ និងប្លន់ នៅក្នុងប្រទេសកម្ពុជា និងការលើកលែងទោសដល់ទណ្ឌិត ដែលអាចជាមុខសញ្ញានៃក្រុមចោរប្លន់ប្រដាប់អាវុធថ្មីៗនេះ។

កិច្ចពិភាក្សានេះត្រូវបានធ្វើឡើង បន្ទាប់ពី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានព្រមានដល់ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ករណីអតីតទណ្ឌិតក្នុងបទល្មើសប្លន់ប្រដាប់អាវុធមួយចំនួន ដែលនៅតែប្រព្រឹត្តអំពើប្លន់ប្រដាប់អាវុធ នៅពេលដែលចេញពីពន្ធនាគារ។

យោង​តាម​លិខិត​ជូនដំណឹង​​ផ្លូវការ ​របស់​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកអង្គ វង្ស​វ​ឌ្ឍ​នា ចុះ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ ​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​នេះ​គឺ​ក្នុង​គោលបំណង ដើម្បី​ពិនិត្យ​ពិភាក្សា​អំពី​ការងារ​របស់​ស្ថាប័ន​អយ្យការ ជា​ពិសេស​លើ​គោលការណ៍​ក្នុង​ការ​ដឹកនាំ និង​សម្របសម្រួល ព្រហ្មទណ្ឌ ។ លិខិត​បន្ត​ថា អង្គប្រជុំ​នេះ​ផ្តោត​សំខាន់​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​អំពើ​លួច ឆក់ និង​ប្លន់ ដែល​កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​របស់​អយ្យការ និង​តុលាការ​ដែល​បាន​ចាត់ការ​រួច និង​ដែល​ទណ្ឌិត​ត្រូវ​បាន​ដោះ​លែង​ចេញពី​ពន្ធនាគារ ។

ដោយឡែក នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ខាង​មុខ លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ក៏​បាន​កោះហៅ​ប្រធាន​សាលាដំបូង និង​ព្រះរាជា​អាជ្ញា​គ្រប់​រាជធានី​-​ខេត្ត ប្រជុំ​ពង្រឹង​កិច្ចសហការ​អនុវត្ត​ច្បាប់​ផង​ដែរ ។

លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី អង្គ វង្ស​វ​ឌ្ឍា​នា បញ្ជាក់​ថា «​យោង​តាម​សំណូមពរ​ចាំបាច់​ក្នុង​ការ​ពង្រឹង​សន្តិសុខ​សាធារណៈ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ ខ្ញុំ​សូម​អញ្ជើញ​ប្រធាន​សាលាដំបូង​រាជធានី​-​ខេត្ត និង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត ចួ​ល​រួម​កិច្ចប្រជុំ​អន្តរ​ស្ថាប័ន​(​ក្រសួងយុត្តិធម៌ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​កងរាជអាវុធហត្ថ​) លើ​ប្រធានបទ កិច្ចសហការ​អនុវត្ត​ច្បាប់​រវាង​តុលាការ អយ្យការ និង​នគរបាល​យុត្តិធម៌ ក្នុង​ការងារ​ពង្រឹង​សន្តិសុខ​សាធារណៈ បង្ការ​និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​» ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីស្តីការក្រសួង នា​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៥ ។

គួររម្លឹកថា កាលពីចុងសប្តាហ៍កន្លងទៅ មានករណីប្លន់ប្រដាប់អាវុធចំនួន៣លើក នៅខេត្តចំនួន៣ រួមមានបាត់ដំបង ពោធិ៍សាត់ និងខេត្តកណ្តាល និងករណីភ្ជង់ប្លន់១លើក នៅរាជធានីភ្នំពេញ។ បន្ទាប់ពីកើតឡើងនូវករណីនេះ សម្តេច ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​បទបញ្ជា​បន្ថែម​មួយ​ផ្នែក​សន្តិសុខ ទាំង​ក្រសួងមហាផ្ទៃ ទាំង​កងរាជអាវុធហត្ថ ទាំង​នគរបាល អាជ្ញាធរ ដែល​មាន​សមត្ថកិច្ច​ថ្នាក់​ក្រោម​ជាតិ​ទាំងអស់ ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​គ្រប់​ទីកន្លែង​ទាំងអស់ ប្រតិបត្តិការ​ដើម្បី​វាយ​បង្ក្រាប ទប់ស្កាត់ និង​បង្ក្រាប​ចំពោះ​អំពើ​ប្លន់​ប្រដាប់​អាវុធ និង​ពួក​ជួញដូរ​គ្រឿងញៀន​… ។ ក្នុងនោះផងដែរ ប្រមុខរដ្ឋាភិបាល បានជម្រុញឲ្យក្រសួងយុត្តិធម៌ ពិនិត្យឡើងវិញលើការដោះលែងឧក្រិដ្ឋជន  ដោយហេតុថាមុខសញ្ញាក្រុមចោរប្លន់ប្រដាប់អាវុធថ្មីៗនេះ ជាក្រុមចោរប្លន់មុខដដែលៗ ដែលទើបត្រូវបានដោះលែង៕

ក្រសួងយុត្តិធម៌បើកកិច្ចប្រជុំទូទាំងប្រទេស ពិនិត្យសំណុំរឿងចោរប្លន់ទាក់ទិនអ្នកទោសដែលបានដោះលែងពីពន្ធនាគារ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់