ក្រសួងព័ត៌មានសហការជាមួយក្រុមហ៊ុន Media Action Co, Ltd គ្រោងនឹងរៀបចំកម្មវិធីមរតក តន្រ្ដីបុរាណខ្មែរជាលើកដំបូង ដើម្បីចូលរួមលើកស្ទួយវិស័យសិល្បៈ តន្រ្ដីគ្រប់ប្រភេទ របស់ខ្មែរ​ដែល បានកប់ទុកជាយូរឆ្នាំមកហើយ ពិសេសការចូលរួមអបអរព្រះរាជពិធីបុណ្យ​ចម្រើនព្រះជន្ម ព្រះមហាក្សត្រ នាពាក់កណ្ដាលខែឧសភាខាងមុខ។

កាលពីទី៣១ មីនា លោកជា ច័ន្ទបរិបូរណ៍រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រ​សា​​សន៍​ថា ការបង្កើតឱ្យមានកម្មវិធីសិល្បៈ តន្រ្ដីនេះឡើង ក្នុងគោលបំណងចង់ រំលេចអំពីឧបករណ៍ តន្រ្ដីបុរាណខ្មែរ ការបង្ហាញ​អំពីសកម្មភាព ទស្សនីយភាពសិល្បៈបុរាណមួយចំនួនទៀត យកមកបង្ហាញជាសាធារណៈ ដើម្បីឱ្យមនុស្សជំនាន់ក្រោយបានស្គាល់ និងគាំទ្រ។ការលើកឡើងនេះបានធ្វើឡើង ក្នុងជំនួបពិភាក្សារវាងក្រុមហ៊ុន Media Action Co, Ltd ជាមួយរដ្ឋមន្រ្ដី​ក្រសួងព័ត៌មាននៅទីស្ដីការក្រសួងព័ត៌មាន។

លោករដ្ឋលេខាធិការក្រសួងព័ត៌មានបានលើកឡើងថា កម្មវិធីនេះនឹងបង្ហាញឧបករណ៍តន្រ្ដីចាប៉ីដងវែងដែលមានអ្នកលេងជាង២០នាក់ ការសម្ដែងទស្សនីយភាពលើភ្លេងត្រួតពលរបស់ខ្មែរដែលមានដាក់បញ្ចូលឧបករណ៍តន្រ្ដីភ្លេងគ្រប់ប្រភេទ រួមទាំងការបង្ហាញក្បាច់គុនល្បុក្កតោ ហើយមានការសម្ដែងតន្រ្ដីបុរាណ និងសម័យលាយបញ្ចូលគ្នា ផងដែរ។ក្រៅពីការស​ម្ដែ​ងសិល្បៈ តន្រ្ដី ការរៀបចំទស្សនីយភាព ក៏បានដាក់តាំងបង្ហាញ​ឧបករណ៍​បុរាណ និងកន្លែងធ្វើឧបករណ៍ភ្លេង តន្រ្ដីខ្មែរ ដែលមានអ្នកណែនាំអំពីឆ្នាំផលិត តាម​ជំនាន់នីមួយៗ និងការ សម្ដែងនៅក្នុងកម្មវិធីអ្វីខ្លះ ចំពោះឧបករណ៍ភ្លេង និងតន្រ្ដី ដើម្បីផ្សព្វផ្សាយជូនអ្នកទស្សនា។

គួរជម្រាបថាកម្មវិធីសិល្បៈតន្រ្ដីនេះ ដែរត្រូវបានរៀបចំឡើងដោយក្រសួងព័ត៌មានសហការជា​មួ​យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម សាលារាជធានីភ្នំពេញ និងធនាគារ​កាណាឌីយ៉ាហើយក្រុមហ៊ុន Media Action Co, Ltd ជាអ្នករ៉ាប់រង និងជាអ្នកទទួលខុស​ត្រូវក្នុងការស្វែ​ងរកមូលនិធិ និងការផ្សាយពាណិជ្ជកម្ម ពីបណ្ដាក្រុមហ៊ុននានា​ចូលរួមជួយឧបត្ថម្ភក្នុងកម្មវិធីផងដែរ៕

ក្រសួងព័ត៌មានសហការជាមួយក្រុមហ៊ុន Media Action Co, Ltd គ្រោងនឹងរៀបចំកម្មវិធីមរតកតន្រ្ដីបុរាណខ្មែរជាលើកដំបូង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់