ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជានៅថ្ងៃនេះ បានសម្រេចផ្លាស់ប្តូរប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយក នៃទូរ គមនាគមន៍កម្ពុជា។ការសម្រេចផ្លាស់ប្តូរនេះ គឺបន្ទាប់ពី លទ្ធផលនៃអធិការកិច្ចរួមមួយ រវាងអគ្គាធិការដ្ឋាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមការងារនៃអង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញថា មានការខ្វះខាតធ្ងន់ធ្ងរ លើការងារគ្រប់គ្រង និងការដឹកនាំរបស់ថ្នាក់ដឹកនាំទូរគមនាគមន៍កម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះថ្ងៃទី១៨ ខែកុម្ភៈ បានឲ្យដឹងថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំសហគ្រាសសាធារណៈនេះ រួមមានដូចជា លោក ខូវ មករា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា ជំនួសលោក មាស ប៉ូ ដែលត្រូវបានបញ្ចប់មុខតំណែងជាប្រធានក្រុមប្រឹក្សាភិបាល។ លោក សន វី អគ្គនាយករងនៃទូរគមនាគមន៍កម្ពុជា ត្រូវបានប្រគល់ភារកិច្ចជាអគ្គនាយកស្តីទី នៃទូរគមនាគមន៍កម្ពុជា ជំនួសលោក ឡាយ ម៉ារីវ៉ូ ដែលត្រូវបញ្ចប់មុខតំណែងពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃទូរគមនាគមន៍កម្ពុជា។

នៅក្នុងដំណើរការនៃការកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់អង្គភាពនេះ សមាសភាពក្រុមប្រឹក្សាភិបាលត្រូវបានកាត់បន្ថយមកត្រឹម ៥ រូប គឺ តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ១ រូប ជាប្រធាន តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ១ រូប ជាសមាជិក តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១ រូប ជាសមាជិក អគ្គនាយកទូរគមនាគមន៍កម្ពុជា ១ រូប ជាសមាជិក តំណាងនិយោជិតរបស់ទូរគមនាគមន៍កម្ពុជា ១ រូប ជាសមាជិក។ ជាមួយនេះដែរ អគ្គនាយករងមួយរូប នឹងត្រូវបានជ្រើសរើសយកមកពីវិស័យឯកជន ដើម្បីជួយស្តារ និងពង្រឹងបន្ថែមស្ថានភាពអាជីវកម្ម និងបង្កើនចំណូលរបស់អង្គភាពផងដែរ។

បើតាមលោកប្រាក់ សុខុន រដ្ឋមន្ត្រី បានថ្លែងថា ការផ្លាស់ប្តូរកែសម្រួលរចនាសម្ព័ន្ធដឹកនាំនៃទូរគមនាគមន៍កម្ពុជា ត្រូវបានធ្វើឡើង បន្ទាប់ពីលទ្ធផលនៃអធិការកិច្ចរួមមួយ រវាងអគ្គាធិការដ្ឋាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមការងារនៃអង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញថា មានការខ្វះខាតធ្ងន់ធ្ងរ លើការងារគ្រប់គ្រង និងការដឹកនាំរបស់ថ្នាក់ដឹកនាំទូរគមនាគមន៍កម្ពុជាដែលនាំឲ្យមានការកិបកេងលួចបន្លំយកប្រាក់ចំណូលរបស់អង្គភាពចំនួន ២៣ ម៉ឺនដុល្លារអាមេរិកប្រាកដមែន។ ការគ្រប់គ្រងចំណូល និងចំណាយមិនច្បាស់លាស់ គ្មានប្រសិទ្ធភាព តម្លាភាពនិងគណនេយ្យភាព ធ្វើឲ្យចំណូលធ្លាក់ចុះ បំណុលកើនឡើងជាលំដាប់ និងមានចន្លោះប្រហោងជាច្រើនដែលឈានទៅដល់ការកិបកេង និងការលុបបំណុល។
01
02

ក្រសួងប្រៃសណីយ៍ផ្លាស់ប្តូររចនាសម្ព័ន្ធគ្រប់គ្រងមួយចំនួន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់